29. ចាំខ្ញុំបង្រៀនលោកផឹកកាហ្វេ
វគ្គ 29
ព្រោះតែចំណាយកម្លាំងពេញមួយយប់ភាពហត់នឿយធ្វើអោយ Eliot និង Kipuka ដេកដល់ថ្ងៃចាំងគូថទៅហើយនៅមិនទាន់ភ្ញាក់ទៀត ជាសំណាងខ្លាំងណាស់ដែលនៅទីនេះស្ងប់ស្ងាត់ល្អ ពួកគេមិនចាំបាច់ត្រូវភ័យព្រួយនោះទេ ។
"ជុប!" Eliot ភ្ញាក់មុន Kipuka តែមិនព្រមងើបទេនៅដេកសម្លឹងមើលមុខតូចស្អាតយ៉ាងយូរមុននឹងទម្លាក់បបូរមាត់ថើបថ្ងាស់ទូលាយថ្នមៗ ពេញដោយក្ដីស្រលាញ់ ។
Kipuka គេងកើយលើស្មារបស់ Eliot លង់លក់យ៉ាងសុខស្រួលទាំងអាក្រាតកាយ ក្នុងរង្វង់ដៃកក់ក្ដៅរបស់ Eliot ពេញមួយយប់ ព្រោះពួកគេទាំងពីរបន្តចាប់ផ្កាយម្ដងហើយម្ដងទៀតទាល់តែ Kipuka អស់កម្លាំងស្រែកយំអង្វរកសុំឈប់ទើប Eliot ព្រមឈប់ ។ ហើយគ្រាន់តែសង្គ្រាមស្នេហ៍បញ្ចប់ Kipuka ក៏ទន់ភ្នែកអស់កម្លាំងដោយភាពងងុយ ហើយបានដេកលក់ភ្លាមតែម្ដង ទើប Eliot ដាក់អោយ Kipuka គេងកើយលើស្មាបែបនេះដើម្បីបានអោបរាងកាយកក់ក្ដៅរបស់ Kipuka ពេញៗដៃ ។ ពេលនេះក៏មិនគិតចង់ប្រលែង ឬក៏ចង់ដាស់រំខានអោយ Kipuka ភ្ញាក់នោះឡើយ ព្រោះយល់ថាអោបមិនទាន់ឆ្អែតឆ្អន់នៅឡើយ គេចង់បន្តអោប Kipuka បែបនេះជារៀងរហូត ។ រាងកាយដែលមានទម្រង់ដ៏សាកសមនឹងដងខ្លួន ស្បែកសរទន់រលោងប៉ះហើយចង់ប៉ះទៀត ជាមួយនឹងក្លិនក្រអូបសាយដ៏ផ្អែមល្ហែម និងចំហាយក្ដៅភាយចេញពីខ្លួនប្រាណតូចមួយនេះ ធ្វើអោយ Eliot ពេញចិត្តខ្លាំងណាស់ គេចង់អោបរាងតូចមួយនេះរហូតមិនចង់លែងនោះទេ ។
"ហ្ហឹម..." Kipuka ធ្មេចភ្នែកប្រឹមៗក្រហឹមក្នុងបំពង់កតិចៗព្រោះមានអារម្មណ៍ថាស្ងួតកខ្លាំងណាស់
"ភ្ញាក់ហើយហ្ហ៎េស?" Eliot ដែលសម្លឹងមើល Kipuka ដេកបែបនេះយូរមកហើយ ឃើញ Kipuka បើកភ្នែកប្រឹមៗបែបនេះក៏សួរតិចៗជាមួយស្នាមញញឹម នឹកឃើញដល់រឿងកាលពីយប់ Kipuka អស្ចារ្យខ្លាំងណាស់ ។
"ទឹក..." ពាក្យដំបូងដែលគេនិយាយគឺ ទឹក! ព្រោះបំពង់កស្ងួតហែងដោយការស្រែកថ្ងូរមិនដាច់សូរ្យកាលពីយប់ ហើយមិនត្រឹមតែស្រែកថ្ងូរទេនៅស្រែកយំទៀត ក្រោយមកក៏ដេកលក់ដោយមិនបានផឹកទឹកទាល់តែសោះ បែបនេះមិនអោយគេស្រេកទឹកទើបចម្លែក!
"បាទចាំបន្តិចចាំខ្ញុំយកអោយ" Eliot ញញឹមផ្អែមបម្រុងស្ទុះងើបដើម្បីចេញទៅយកទឹកមកអោយ Kipuka តែមិនអាចចេញទៅបានព្រោះត្រូវ Kipuka ទាញមកវិញ ។
"ជុប!" Kipuka ទាញមុខសង្ហារអោយអោនមកជិតហើយក៏ខាំប៊ឺតជញ្ជក់បបូរមាត់ស្អាតដោយមិនអោយដំណឹងមុន ធ្វើអោយ Eliot ភាំងបន្តិច នេះឬជាវិធីផឹករបស់គេ?
"ចង់បន្តទៀតមែនទេ?" Eliot សួរឡើងក្នុងន័យញ៉ោះលេង គេដឹងហើយថា Kipuka គ្មានកម្លាំងក្នុងការបន្តទៀតនោះទេ ក៏ប៉ុន្តែបើកភ្នែកមកភ្លាមក៏ថើបយ៉ាងរោលរាលបែបនេះទៅហើយអត់ទ្រាំមិនញ៉ោះមិនបាននោះទេ ។
"អត់ទេ! ឆាប់ទៅយកទឹកមក" Kipuka ឆ្លើយទាំងអៀនប្រញាប់ដេញអោយ Eliot ទៅយកទឹកមកអោយ
"បាទ" Eliot ឃើញ Kipuka អៀនមុខក្រហមបែបនេះក៏គិតចង់ញ៉ោះបន្តបន្តិចទៀតដែរ តែនឹកឃើញថាមិនចង់ធ្វើអោយ Kipuka ខឹងទៀតទេទើបងើបទាញកន្សែងមកបាំងល្វែងក្រោមហើយបើកតង់ចេញទៅយកទឹក ។
"លោកភ្ញាក់យូរឬនៅ?" បន្ទាប់ពីបានផឹកទឹកឆ្អែតគ្រប់គ្រាន់ហើយក៏សួរទាំងឆ្ងល់ ព្រោះគេបើកភ្នែកឡើងក៏ឃើញ Eliot សម្លឹងមុខគេបាត់ទៅហើយ បែបនេះមានន័យថា Eliot ភ្ញាក់មុនគេហើយ ។
"ប្រហែល 2ម៉ោងហើយ" Eliot តបដោយដាក់ខ្លួនអង្គុយក្បែរ Kipuka ហើយយកមុខសង្ហារមកត្បុលលើគល់កសរស្អាតដែលពេលនេះមានស្នាមក្រហមជាំដោយស្នាដៃគេ ។
"ហេតុអីក៏មិនដាស់ខ្ញុំ?" Kipuka មានអារម្មណ៍ថារសើបពេកក៏រុញ Eliot ចេញហើយក៏បន្តសួរ បើភ្ញាក់យូរហើយម្ដេចក៏មិនព្រមដាស់ផងអញ្ចឹង?
"ឃើញលោកគេងលក់ស្រួលពេកមិនចង់រំខាន" Eliot នៅតែញញឹមផ្អែមដដែល តាមពិតទៅមិនចង់រំខានក៏ជារឿងមួយដែរ តែរឿងមួយទៀតដែលមិនចង់ដាស់នោះគឺខ្លាចខាតព្រោះមិនបានអោប និងសម្លឹងមើលមុខ Kipuka មិនទាន់ឆ្អែត ។
"ឥឡូវម៉ោងប៉ុន្មានហើយ?" Kipuka សម្លក់មុខសង្ហារបន្តិចទាំងជ្រេញ ខ្លាចរំខានអីទៅ? មិនដឹងថាមានការងារត្រូវធ្វើទេហ្ហ៎េស? ឥឡូវថ្ងៃរះចាំងគូថបែបនេះទៅហើយមិនដឹងជាម៉ោងប៉ុន្មានទៅហើយទេនៀក!
"ម៉ោង12:30នាទី"
"12:30នាទី? ឆ្កួតមែន! នៅអង្គុយដល់ពេលណាទៀត? ប្រញាប់ងើបទៅមុជទឹកទៅ! នៅមានការងារត្រូវធ្វើច្រើនទៀតណា!" Kipuka ឆ្លេឆ្លាស្រវាលិចកើតប្រញាប់ស្រែកឆោឡោដេញ Eliot ទៅមុជទឹកតែម្ដង នេះម៉ោង 12:30នាទីថ្ងៃត្រង់ទៅហើយ! ចេះមកអង្គុយញញឹមបែបនេះទៅកើត!
"មុជទឹកជាមួយគ្នាទៅ" Eliot សម្លឹងមុខ Kipuka ធ្វើភ្នែកគួរអោយខ្នាញ់ដូចកូនឆ្មា
"មិន! ឥឡូវឆាប់ចេញទៅមុជទឹកភ្លាម Eliot!" កុំមកធ្វើជាបបួលមុជទឹកជាមួយគ្នាស្អីនោះ! អា Style មុជទឹកនឹងពីរដងហើយកុំស្មានថាគេមិនដឹងអោយសោះ ឈ្មោះថាមុជទឹកប៉ុន្តែលូកលាន់គេគ្រប់សព្វ ឆើស!
"មុជទឹកជាមួយគ្នាទៅណា..." Eliot មិនព្រមងើបនៅតែទទូចចង់មុជទឹកជាមួយគ្នា
"បើលោកមិនព្រមទៅមុជមុនទេ ខ្ញុំមុជមុនក៏បាន!" មកធ្វើជាអង្វរកស្អី! គេមិនព្រមចាញ់បោកមុខ Cute និងកែវភ្នែកកំសត់ដូចកូនឆ្មានោះទៀតទេ បើមិនព្រមទៅមុជមុន! គេមុជមុនក៏បាន!
"អូយ!" គ្រាន់តែស្ទុះងើបភ្លាម Kipuka ក៏ទន់ជើងដួលព្រូសតែម្ដង យប់មិញលេងខ្លាំងពេកភ្លេចគិតទៅហើយថាខ្លួនប្រាណគេឈឺសព្វសាច់!
"គូថរបស់ខ្ញុំ ចង្កេះខ្ញុំ អូយ!!!" Kipuka ធ្វើមុខឈឺចាប់ហើបគូថតែបន្តិច គូថក៏ឈឺចង្កេះក៏ឈឺ!
"ហិហិ" Eliot សើចតិចៗ មិនមែនចង់ចំអកអោយ Kipuka ទេ តែអស់សំណើចនឹងភាពក្បាលរឹងរបស់ Kipuka ទៅវិញទេ ។
"សើចស្អីលោក! ឆាប់នាំខ្ញុំទៅមុជទឹក!" Kipuka ខាំមាត់សម្លក់ Eliot ទាំងខឹងខ្នាញ់ គួរអោយអាម៉ាស់ណាស់! ទីបំផុតនៅតែត្រូវមុជទឹកជាមួយ Eliot ដដែល!
"បាទ" Eliot ញញឹមខ្ចឹបមុខរីកដូចគ្រាប់ជីលើកបី Kipuka ដើរទៅរកកន្លែងមុជទឹកឥតប្រកែកមួយម៉ាត់ ។
Eliot ប្រហែលជាមិនបានដឹងខ្លួននោះទេថា Kipuka សម្លឹងមើលគេទាំងចង់រលីងរលោងទឹកភ្នែកទៅហើយ ទង្វើកក់ក្ដៅដ៏ទន់ភ្លន់នេះ...
សម្លេងឆ្លើយតបដ៏ស្រទន់ដែលគេខានស្ដាប់លឺជាយូរ...
រង្វង់ដៃដ៏កក់ក្ដៅ...
នេះជា...
"Eliot របស់ខ្ញុំ" Kipuka លើកដៃទន់ស្ដើងប៉ះថ្នមៗលើថ្ពាល់របស់ Eliot តើពេលនេះ Eliot ដែលគេរងចាំបានត្រឡប់មកវិញហើយមែនទេ?
"បាទ" Eliot ញញឹមផ្អែមតបទៅ Kipuka យ៉ាងស្រទន់ ទោះបីជាមិនយល់នូវអ្វីដែល Kipuka និយាយប៉ុន្តែគេចូលចិត្តពាក្យនេះណាស់ មានអារម្មណ៍ថាគេគឺជាកម្មសិទ្ធិរបស់ Kipuka តែម្នាក់ ។
"ហ៊ឹម..." ផ្ទៃមុខតូចសំងំក្នុងដើមទ្រូងរឹងមាំដកដង្ហើមទទួលយកភាពកក់ក្ដៅគ្រប់យ៉ាងដែលខានទទួលមកជាយូរ គេដឹងថា Eliot នៅតែមិនទាន់មានការចងចាំក៏ប៉ុន្តែពេលនេះក៏សុខចិត្តរីករាយទទួលយកភាពកក់ក្ដៅមួយនេះទោះបីក្នុងរយៈពេលខ្លី តែក៏ល្អជាងដែលត្រូវគ្រាំគ្រាចិត្តព្រោះភាពសោះកក្រោះដែរ ។
Kipuka មិនដែលស្រលាញ់អ្នកណាទេ ហើយព្រោះតែសម្រេចចិត្តស្រលាញ់ហើយក៏នឹងស្រលាញ់ដល់ទីបញ្ចប់...
បន្ទាប់ពីមុជទឹកដុសលាងសម្អាតខ្លួន និងស្លៀកពាក់រួចរាល់ ពួកគេទាំងពីរនាំគ្នាស្រស់ស្រូបអាហារថ្ងៃត្រង់ដែលបានរៀបចំដោយ Eliot ពួកគេមិនពិបាកត្រូវដើររកអាហារទៀតទេព្រោះអាហារបានយកមកពីភូមិស្រាប់ត្រៀមសម្រាប់ការស្នាក់នៅរយៈពេលខ្លី ។
"លោកច្បាស់ហើយឬថាមិនអី?" ដៃកំពុងតែចាប់បន្លែដាក់អោយ Kipuka ហើយក៏មិនភ្លេចសួរនាំទាំងបារម្ភ ព្រោះ Kipuka ដើរមិនរួចទេតែទាមទារចង់ថតថ្ងៃនេះអោយខានតែបាន ។
"ហេតុអីលោកបារម្ភច្រើនម្ល៉េះ Eliot?" Kipuka ច្រត់ចង្កេះសួរទាំងធុញ ព្រោះ Eliot សួរនាំដដែលៗស្ដាប់ឡើងធុញទៅហើយ មិនដឹងថាប្រុសម្នាក់នេះទៅរៀនចេះសាំតាប៉ែបែបនេះពីណាមកទេ!
"លោកឈឺ..."
"ខ្ញុំនៅមិនធ្ងន់ធ្ងរដល់ថ្នាក់ធ្វើអីមិនបានដូចមនុស្សពិការឯណា? ឈប់សួរដដែលៗទៅធុញណាស់!" Kipuka តម្លើងសម្លេងបន្តិចកាត់សម្ដីដែល Eliot ចង់និយាយ Eliot មិនបាច់និយាយក៏គេដឹងថាចង់និយាយអ្វីដែរព្រោះស្ដាប់លឺមួយថ្ងៃទៅហើយ!
លោកឈឺ លោកដើរមិនរួច សម្រាកមួយថ្ងៃទៅចាំស្អែកចាំថត ខ្ញុំខ្លាចលោកហត់... ទាំងនេះហើយជាពាក្យដែល Eliot និយាយ! ស្ដាប់ទៅគួរអោយជ្រេញណាស់ព្រោះបើបារម្ភយ៉ាងនេះយប់មិញលេងខ្លាំងដៃធ្វើអី? ដល់ថ្នាក់ Kipuka គេស្រែកយំអង្វរឡើងស្អកកនិយាយលែងចង់លឺទៅហើយទម្រាំតែ Eliot ព្រមឈប់ ។ ថាទៅសមនឹងអោយ Kipuka ខឹងដែរ! ពីដំបូងធ្វើទប់ៗលាក់ៗខ្លាចចិត្តមិនហ៊ានអីបែបនេះណា! តែដល់ពេលបានហើយក៏លេងគ្មានប្រណីតែម្ដង!
"បាទ" Eliot ញញឹមស្រស់ធ្វើអោយ Kipuka ឃើញហើយខ្នាញ់ចង់តែចាប់ដាល់ទេ! ញញឹមរហូតអោយតែពេលត្រូវគេស្ដីអោយ នេះប្រហែលជាបាយមិនឆ្ងាញ់បើមិនបានត្រូវមាត់ទេដឹងយ៉ាង?
មនុស្សនេះប្រហែលជាមិនចូលចិត្តអោយគេទន់ភ្លន់ដាក់ទេដឹង?
__________
បន្ទាប់ពីសម្រាកបាយថ្ងៃប្រហែល 30នាទី អ្នកទាំងពីរក៏មករៀបចំតម្លើងកាមេរ៉ាដើម្បីថត Video ក្នុងហាងកាហ្វេ Kipuka មើលទៅជំនាញណាស់ Eliot សឹងតែមិនជឿសោះថាគេអាចរៀបចំគ្រប់យ៉ាងបានរៀបរយយ៉ាងនេះ ។ ព្រោះគ្រប់ពេល Eliot ឃើញ Ocean គឺជាអ្នករៀបចំការថត ហើយមាន Seeky ជាជំនួយ ចំណែក Kipuka គ្រាន់តែទន្ទេញប៉ារ៉ូសម្រាប់សម្ដែងប៉ុណ្ណោះ Eliot នឹកស្មានតែថា Kipuka ចេះតែសម្ដែងទេតើ! តែការពិតគឺ Kipuka គេយល់ដឹងគ្រប់យ៉ាងមិនត្រឹមតែរបៀបនិយាយ និងឥរិយាបថក្នុងការសម្ដែងនោះទេ ថែមទាំងចេះរៀបចំប្លង់ថត និងរបៀបរៀបចំការថត រួមទាំងរៀបចំ Sound និងពន្លឺទៀតផង មើលទៅមនុស្សម្នាក់នេះមិនធម្មតាទេ ។
"តោះ! ថតបានហើយ Eliot លោករៀបចំហើយឬនៅ?" បន្ទាប់ពីសារ៉េគ្រប់យ៉ាងរួចរាល់ Kipuka ក៏ងាកទៅសួរ Eliot ដែលកំពុងតែរៀបចំសម្ភារៈសម្រាប់ឆុងកាហ្វេ ។
"បាទរួចហើយ" Eliot ឆ្លើយតបយ៉ាងពិរោះ
"អញ្ចឹងសម្ដែងតែម្ដងទៅ" Kipuka ក៏ដើរចូលទៅកាន់ Counter ឈរក្បែរ Eliot
"ពាក់អៀមសិនទៅ" Eliot ហុចអៀមពណ៌ត្នោតក្រម៉ៅមួយអោយទៅ Kipuka
"មិនពាក់បានទេ?" សួរទាំងដៃទទួល មិនមែនមិនចង់ពាក់! គ្រាន់តែខ្ចិលពាក់ប៉ុណ្ណោះ...
"ជា Barista គឺត្រូវតែពាក់អៀមមុននឹងរៀបចំកាហ្វេសម្រាប់ភ្ញៀវ" Eliot ពន្យល់ហើយក៏លើកអៀមមកពាក់អោយ Kipuka និងចងខ្សែអោយយ៉ាងត្រឹមត្រូវ ។
បន្ទាប់ពីគ្រប់យ៉ាងរៀបចំរួចរាល់ពេលនេះ Vlog ទីបីប្លង់ទីមួយក៏ចាប់ផ្ដើម!
"ដើម្បីទទួលបានកាហ្វេដែលមានរសជាតិឆ្ងាញ់ ជាដំបូងយើងត្រូវពិនិត្យមើលគ្រាប់កាហ្វេជាមុនសិនថាតើកាហ្វេនេះលីងទុករយៈពេលយូរ ឬក៏រយៈពេលខ្លី? ព្រោះការរក្សាទុកគ្រាប់កាហ្វេដែលលីងរួចក៏អាចប៉ះពាល់ដល់រសជាតិរបស់កាហ្វេដែរ ហើយយើងក៏ត្រូវពិនិត្យមើលផងដែរថាគ្រាប់កាហ្វេនេះលីងនៅក្នុងកម្រិតមួយណា" Eliot ចាប់ផ្ដើមដោយការណែនាំពីគ្រាប់កាហ្វេ គេចាក់គ្រាប់កាហ្វេដែលលីងរួចដាក់លើកូនចានតូចមួយដើម្បីបង្ហាញដល់ Kipuka ។
"កាហ្វេដែលលីងរួចត្រូវរក្សាទុកក្នុងចន្លោះចាប់ពី 5 ទៅ 15ថ្ងៃទើបអាចយកមកប្រើប្រាស់បាន ព្រោះកាហ្វេដែលទើបតែលីងរួចថ្មីៗមិនមានក្លិន និងមិនមានរសជាតិនោះទេ ហើយកាហ្វេដែលលីងទុករយៈពេលយូរពេកវានឹងកាត់បន្ថយភាពឈ្ងុយរួមទាំងរសជាតិផងដែរ ហើយក៏អាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដូចគ្នា ជាទូទៅគ្រាប់កាហ្វេគឺត្រូវប្រើប្រាស់ក្នុងចន្លោះចាប់ពី 5ថ្ងៃ រហូតដល់ 3ខែទើបមិនប៉ះពាល់ដល់សុខភាព" Eliot បន្តរៀបរាប់ទៅតាមការរៀបចំ
"ឥឡូវនេះយើងនឹងជ្រើសរើសយកគ្រាប់កាហ្វេដែលលីងក្នុងកម្រិតកណ្ដាល ព្រោះការលីងក្នុងកម្រិតនេះជារសជាតិពេញនិយមសម្រាប់មនុស្សទូទៅទាំងរសជាតិ និងក្លិន ហើយយើងនឹងលាយបញ្ចូល អារ៉ាប៊ីកា ជាមួយនិង រ៉ូប៊ូស្ដារ" Eliot រៀបចំលាយគ្រាប់កាហ្វេទាំងពីរប្រភេទសម្រាប់ត្រៀមយកមកឆុង
"ហេតុអីបានជាត្រូវលាយ អារ៉ាប៊ីកា និង រ៉ូប៊ូស្ដារ ចូលគ្នា? តើមិនអាចប្រើប្រាស់វាដាច់ដោយឡែកបានទេមែនទេ?" Kipuka ក៏សួរឡើងទាំងឆ្ងល់ ក្រែងកាហ្វេទាំងពីរប្រភេទនេះមានរសជាតិមិនដូចគ្នាទេមិនអញ្ចឹង? ចុះហេតុអីក៏យកវាមកលាយបញ្ចូលគ្នា?
"យើងក៏អាចប្រើប្រាស់វាដាច់ដោយឡែកបានដែរ តាមពិតទៅវាគឺអាស្រ័យទៅលើអ្នកផឹកនោះទេ ប៉ុន្តែជាក់ស្ដែង អារ៉ាប៊ីកា គឺមានរសជាតិស្រាលស្រទន់ក្លិនឈ្ងុយ ជាទូទៅពេញនិយមសម្រាប់អ្នកផឹកកាហ្វេក្ដៅព្រោះ អារ៉ាប៊ីកា បើយកមកដាក់ទឹកកកឬលាយជាមួយទឹកដោះគោនោះវាអាចនឹងបាត់រសជាតិដើមនៃកាហ្វេ គឺអាចផឹកបានតែមិនសូវឆ្ងាញ់ ណាមួយវាក៏មានតម្លៃថ្លៃផងដែរ ចំណែក រ៉ូប៊ូស្ដារ វាមានរសជាតិធ្ងន់ និងកាហ្វេអ៉ីនខ្លាំងពេក ដូច្នេះបើមិនលាយជាមួយ អារ៉ាប៊ីកា ទេវាអាចនឹងពិបាកផឹកព្រោះរសជាតិល្វីងខ្លាំង ហើយសម្រាប់អ្នកខ្សោយគឺអាចបណ្ដាលអោយធ្វើទុក្ខ ថប់ដង្ហើម វិលមុខ ធីងធោង ចង់ក្អួតជាដើម ដូច្នេះហើយទើបបានជាកាហ្វេគេកម្ររប្រើប្រាស់ អារ៉ាប៊ីកា សុទ្ធ ឬ រ៉ូប៊ូស្ដារ ស៊ុទ្ធណាស់ គឺកាហ្វេទាំងពីប្រភេទត្រូវតែលាយបញ្ចូលគ្នាទើបអាចទទួលបានរសជាតិឆ្ងាញ់សមល្មម" Eliot រៀបរាប់វែងអន្លាយដែលធ្វើអោយ Kipuka ស្ដាប់ហើយចង់ក្រពុលមុខ មិននឹកស្មានថាកាហ្វេមួយកែវត្រូវស្វែងយល់ច្រើនយ៉ាងហ្នឹងសោះ Barista ម្នាក់ទម្រាំតែអាចឆុងកាហ្វេល្អអោយភ្ញៀវបានគឺពិតជាមិនធម្មតា ។
"មិននឹកស្មានថាកាហ្វេស្មុគស្មាញយ៉ាងនេះសោះ" Kipuka បានត្រឹមតែរអ៊ូតិចៗប៉ុណ្ណោះ ព្រោះគេមិនសូវយល់ដឹងពីកាហ្វេនោះទេ
"តើលោកចង់បាន Drink មួយណា? Americano Cappuccino Latte ឬក៏អ្វីផ្សេងពីនេះ?" Eliot រៀបចំចាក់គ្រាប់កាហ្វេចូលក្នុងម៉ាស៊ីនកិនគ្រាប់ ទាំងសួរនាំ Kipuka ដែលឈរក្បែរ
"ខ្ញុំមិនចេះផឹកកាហ្វេនោះទេ លោករៀបចំតាមដែលលោកចង់ទៅ" Kipuka តបទាំងអឹមអៀនព្រោះអាយុប៉ុណ្ណេះហើយមិនចេះផឹកកាហ្វេ ក៏រៀងខ្មាស់គេបន្តិចដែរ
"ហ្ហ៎ា... លោកនៅមិនទាន់ចេះផឹកកាហ្វេទេហ្ហ៎?" Eliot ភ្ញាក់ផ្អើលបន្តិចនៅពេលលឺថា Kipuka មិនចេះផឹកកាហ្វេ
"គឺវាមានរសជាតិល្វីង មិនដឹងឆ្ងាញ់ត្រង់ណាផង" Kipuka ច្រត់ចង្កេះតបព្រោះយល់ថា Eliot ដូចជាចង់ចំអកអោយខ្លួនយ៉ាងម៉េចមិនដឹងទេ! បើកាហ្វេមានរសជាតិល្វីងពិតមែនអោយគេផឹកយ៉ាងម៉េច? គេកោតអ្នកដែលផឹកកាហ្វេណាស់ចេះថាឆ្ងាញ់ទៅកើត!
"ហាសហាមិនអីទេ ចាំខ្ញុំបង្រៀនលោកពីរៀបផឹកកាហ្វេ តែពេលដែលចេះហើយប្រយ័ត្នតែញៀនកាហ្វេកុំបន្ទោសខ្ញុំណា" Eliot រៀបចំកិនគ្រាប់កាហ្វេបណ្ដើរក៏ឆ្លៀតញ៉ោះ Kipuka បន្តិច
"ឆ្កួត!" Kipuka សម្លក់បន្តិចនឹកខ្នាញ់នឹងទឹកមុខកំហូចនោះណាស់ បើកុំតែមានកាមេរ៉ាថតទេកុំអីចាប់វាយផាច់ៗហើយ ។
"ឥឡូវមកមើលពីរបៀបកិនគ្រាប់កាហ្វេសិនមកហិហិ សម្រាប់ការកិនគ្រាប់កាហ្វេក៏ប៉ះពាល់ដល់រសជាតិកាហ្វេផងដែរ កាហ្វេនឹងមានរសជាតិកាន់តែចាស់បើសិនជាគ្រាប់កាន់តែម៉ដ្ឋ ហើយកាហ្វេនឹងមានរសជាតិកាន់តែស្រាលបើសិនជាគ្រាប់ធំពេក ដូច្នេះសម្រាប់ការប្រើប្រាស់រសជាតិទូទៅដែលមនុស្សពេញនិយមគឺការកិនដែលមិនម៉ដ្ឋពេកហើយក៏មិនធំពេក ឧទាហរណ៍ម៉្សៅម៉ដ្ឋខ្លាំងគឺនៅកម្រិតទីមួយ ទីពីររៀងគ្រើមបន្តិច ទីបីរៀងគ្រើមជាងទីពីរបន្តិច ដូច្នេះយើងអាចប្រើប្រាស់បាននៅក្នុងចន្លោះលេខ5ឬលេខ6 ហើយចាប់ពីចន្លោះលេខ7ដល់លេខ12 គឺកាហ្វេនឹងមានរសជាតិស្រាលខ្លាំងព្រោះគ្រាប់កាន់តែធំ" Eliot រៀបរាប់ផងចាប់ផ្ដើមសារ៉េលេខម៉ាស៊ីន និងកិនបណ្ដើរផង ហើយយកគ្រាប់ដែលកិនហើយមកប្រៀបធៀបអោយ Kipuka មើល ។
"ឥឡូវយើងនឹងជ្រើសរើសយកលេខ 5 មកឆុង" ថាហើយ Eliot ក៏សារ៉េម៉ាស៊ីនមកលេខ5 រួចយក Group Handle (ដៃឆុង) មកត្រងគ្រាប់កាហ្វេដែលកំពុងធ្លាក់ពីម៉ាស៊ីនកិន ។
"តាមពិតទៅជាទូទៅមុននឹងដាក់ឆុងយើងត្រូវថ្លឹងទម្ងន់កាហ្វេជាមុនសិន ជាទូទៅកាហ្វេមួយកែវអាចប្រើគ្រាប់កាហ្វេចន្លោះពី 16g ទៅ 20g ទៅតាម Shoot កាហ្វេដែលត្រូវប្រើប្រាស់ ហើយដោយសារលោកនៅមិនទាន់ចេះផឹកកាហ្វេទេអញ្ចឹងខ្ញុំនឹងប្រើម្ស៉ៅត្រឹមតែ 16g ប៉ុណ្ណោះ" Eliot រៀបចំបណ្ដើររៀបរាប់បណ្ដើរដែលធ្វើអោយ Kipuka ឈរមើលឡើងភ្លឹកទៅហើយ មិននឹកស្មានសោះថា Eliot គេច្បាស់លាស់នៅពេលធ្វើការងារបែបនេះសោះ ។
"កាហ្វេគឺមាន 1 Shoot និង 2 Shoot ហើយដៃឆុងរបស់វាក៏បែងចែកទៅតាមហ្នឹងដូចគ្នា កាហ្វេ 1 Shoot ទូទៅគេច្រើនប្រើសម្រាប់តែប្រភេទកាហ្វេក្ដៅប៉ុណ្ណោះ ដូចជា Hot Americano, Hot Latte, Hot Cappuccino, Hot Mocha Latte ជាដើម ហើយកាហ្វេ 2 Shoot គេយកមកប្រើសម្រាប់ប្រភេទកាហ្វេទឹកកក ឥឡូវខ្ញុំប្រើម្ស៉ៅត្រឹម 16g ទេ អញ្ចឹងខ្ញុំនឹងប្រើដៃឆុង 1 Shoot ដៃឆុង 1 Shoot គឺមានចំពុយបង្ហូរទឹកមួយបែបនេះ ហើយ 2 Shoot គឺមានចំពុយបង្ហូរទឹកពីរបែបនេះ " គេលើក Group Handle ឡើងដើម្បីពន្យល់ប្រាប់ Kipuka ថាមួយណាគឺ 1 Shoot និងមួយណាគឺ 2 Shoot ហើយ Kipuka ក៏បានត្រឹមតែងក់ក្បាលតិចៗទៅតាមការពន្យល់ប៉ុណ្ណោះ ។
បន្ទាប់ពីរៀបចំគ្រប់យ៉ាងរួចរាល់ Eliot ក៏យកដៃឆុងទៅដាក់ក្នុងម៉ាស៊ីនឆុងទៅតាមរបៀបរបបនៃការឆុងកាហ្វេ...
(វែងពេកសុំកាត់សិន ចាំរៀនផឹកកាហ្វេជាមួយ Eliot នៅវគ្គក្រោយ)
Bạn đang đọc truyện trên: Truyen3h.Co