(Complete Ss1) Psycho love, Toxic lover
វគ្គ១៣ បន្ទប់សំងាត់
វគ្គ១៣ បន្ទប់សំងាត់
_____
ឆ្វាច់ៗ...!
សម្លេងខ្សែតីដែលវាយទៅលើរាងកាយរបស់មនុស្ស ដែលត្រូវបានចងឆ្កាងជាប់នឹងជញ្ជាំងបន្លឺឡើងលាន់ខ្ទរពេញបន្ទប់ងងឹតដ៏តូចមួយ ។ បន្ទប់នេះហាក់ដូចបានធ្វើឡើងសម្រាប់ធ្វើទារុណកម្មមនុស្សយ៉ាងអញ្ចឹង ព្រោះសភាពជុំវិញបន្ទប់តូចនេះបើយើងមើលអោយច្បាស់នោះនឹងឃើញមានសុទ្ធតែស្នាមឈាម ដែលកករហូតក្លាយជាខ្មៅទៅហើយ ។ បន្ទប់តូចនេះមានបំពាក់នូវភ្លើង LED ពណ៌ក្រហមឆ្អិនឆ្អៅទើបធ្វើអោយបន្ទប់នេះក្លាយជាបន្ទប់ងងឹតដោយពន្លឺដ៏ស្រអាប់នេះ ។ នៅតាមជញ្ជាំងមានព្យួរច្រវ៉ាក់ផ្សេងៗជាច្រើន រួមមានទាំងខ្នោះដៃ ខ្នោះក ខ្នោះបន្លា ដែលមានប្រលាក់ពេញទៅដោយឈាម ។ ក្រៅពីខ្សែតីដែលកំពុងវាយទៅលើរាងកាយមនុស្សដែលត្រូវបានចងឆ្កាងនោះ យើងក៏ឃើញមានឧបករណ៍សម្រាប់ធ្វើទារុណកម្មផ្សេងទៀតជាច្រើនផងដែរ ។
មិនដឹងថាមនុស្សដែលកំពុងត្រូវបានវាយដោយខ្សែតីនេះ ត្រូវបានវាយមកយូរប៉ុណ្ណាហើយនោះទេ ព្រោះរាងកាយមានសភាពបែកឈាម រហូតដល់មើលលែងយល់ទៅហើយ ។ អាវសាមីពណ៌សរដាច់រហែករហូតដល់បើកបង្ហាញអោយឃើញដល់សាច់ដែលរយះទាំងដុំៗ បែកឈាមរហាចពេញខ្លួន រាល់ពេលដែលខ្សែតីលើកក្រវាត់ម្ដងៗឈាមដែលប្រលាក់ជាប់នឹងខ្សែតីនោះក៏ខ្ទាតខ្ចាយទៅលើជញ្ជាំង ។ មិនត្រឹមតែរាងកាយប៉ុណ្ណោះទេដែលត្រូវរបួសសុះសាច់នោះ! ផ្ទៃមុខតូចតែមួយនោះក៏មានរបួសស្ទើរតែមើលលែងយល់ផងដែរ ។
ឆ្វាច់ៗ...!
ដៃក្រាស់មានសភាពជ្រាវជ្រួញតែមើលទៅរឹងមាំ នៅតែបន្តលើកខ្សែតីវាយទៅលើរាងកាយនោះ ដោយគ្មានប្រណីដៃសូម្បីតែបន្តិច ។
"ឈាមមិនបរិសុទ្ធនៃត្រកូល ហ៊្សា ពិតជាគួរអោយស្អប់!"
ព្រូស...!
ខ្សែតីដែលប្រលាក់ទៅដោយឈាមត្រូវបានក្រវែងទៅម្ខាង ខណៈជើងវែងៗបោះជំហានទៅរកទ្វារ យកដៃដែលដាមដោយឈាមទាញទ្វាបើកទាំងកំហឹង ។
"លោកម្ចាស់..." អង្គរក្សប្រុសម្នាក់ដែលឈរយាមនៅមាត់ទ្វាអោនគោរពចំពោះអ្នកដែលដើរចេញពីបន្ទប់មុននេះដោយមានហុតកន្សែងសម្រាប់ជូតឈាមដែលបានត្រៀមទុករួចជាស្រេច ។
"យកគេទៅបន្ទប់ព្យាបាល" ដៃក្រាស់ប្រលាក់ឈាមទទួលយកកូនកន្សែងមកជូត ដោយនៅតែរក្សាភាពត្រជាក់មិនប្រែប្រួល សម្លេងគ្រលររបស់មនុស្សវ័យចំណាស់ដាក់បញ្ជារស្មើរៗហើយក៏ដើរចេញទៅបាត់ ដោយទុកអោយអង្គរក្សជំនិតនេះជាអ្នកចាត់ចែងការងារបន្ត ។
"បាទលោកម្ចាស់" អង្គរក្សជំនិតអោនក្បាលទទួលបញ្ជារ និងមិនហ៊ានងើបមុខវិញនោះទេរហូតទាល់តែរាងក្រាស់នៃមនុស្សចំណាស់ពេញដោយអំណាចនោះដើរចេញទៅផុត ។
"អ្នកប្រុសតូច..." រាងខ្ពស់ស្រឡះរបស់អង្គរក្សចំនិតចូលមកត្រកងរាងកាយរបស់ចៅហ្វាយវ័យក្មេង បន្ទាប់ពីបានដោះខ្នោះដៃ និងជើងរួចរាល់ ។
"ហ៊ឹសៗ..." មនុស្សដែលមានរាងកាយតូចស្ដើង ត្រូវរបួសឡើងទន់ខ្លួនបើកភ្នែកសឹងតែមិនរួចទៅហើយ ក្រហឹមសើចក្នុងបំពង់ក មុខតូចពេញដោយរបួសងើបឡើងបង្ហាញអោយឃើញស្នាមញញឹមនៅចុងបបូរមាត់យ៉ាងចំឡែក ។
"ខ្ញុំនាំអ្នកប្រុសទៅបន្ទប់សម្រាកព្យាបាលរបួស..."
"មិនបាច់" ដៃដាមឈាមលើកឡើងក្រវាស់ដៃក្រាស់ចេញពីស្មា មុននឹងដើរចេញទៅក្រៅជាមួយដំណើរទ្រេតទ្រោតយ៉ាងពិបាកភ្នែកជាទីបំផុត ។
"អ្នកប្រុសតូចកុំរឹងរូស" អង្គរក្សជំនិតនៅតែព្យាយាមចូលទៅគ្រាមនុស្សដែលប្រឹងដើរទាំងលំបាកនោះ តែនៅតែត្រូវបានរុញចេញ ។
"កុំមករវល់ជាមួយខ្ញុំ! បើមិនទាន់ចង់ស្លាប់!" មនុស្សក្បាលរឹងសង្កត់សម្លេងធ្ងន់ៗ ល្មមនឹងអាចធ្វើអោយអង្គរក្សម្នាក់នេះលែងហ៊ានជំទាស់បញ្ជារព្រមឈរស្ងៀមៗយ៉ាងស្ដាប់បង្គាប់ ។ បើមើលទៅតាមស្ថានភាពមួយនេះយើងអាចស្មានដឹងហើយថានេះច្បាស់ជាមិនមែនជាលើកទីមួយនោះទេ ។
រាងកាយតូចស្ដើងបោះជំហានដើរទៅមុខដោយកែវភ្នែករឹងកំព្រឹសពេញដោយកំហឹង និងគំនុំ ដៃដែលប្រលាក់ដោយឈាមក្រហមរងាលក្ដាប់ជាប់ណែនទប់ការឈឺចាប់ពីមុខរបួស ។ សភាពនៅទីនេះងងឹតណាស់ មានតែពន្លឺភ្លើងក្រហមឆ្អិនឆ្អៅពីអំពូល LED នោះបន្តិចបន្តួចតែប៉ុណ្ណោះ ដែលធ្វើអោយយើងមិនអាចមើលឃើញផ្ទៃមុខតូចនោះបានច្បាស់ទាល់តែសោះ ។ ផ្ទៃមុខដែលមានរបួស និងឈាមប្រលាក់ពាសពេញបែបនេះទៀតសោតរឹតតែធ្វើអោយយើងមិនអាចកត់សម្គាល់បានទាល់តែសោះថា អ្នកប្រុសតូចម្នាក់នេះគឺជាអ្នកប្រុសមួយណានៃត្រកូល ហ៊្សា ។
_____
៥សប្ដាហ៍ក្រោយមក
"ត្រឡប់មកផ្ទះវិញយប់ម្ល៉េះបងប្រុស?"
សម្លេងស្វាគមន៍យ៉ាងត្រជាក់ស្រេងពីអ្នកដែលសំងំលាក់ខ្លួនក្នុងបន្ទប់អាផាតមិនរបស់ សិន អ៉ីយ៉ាវ ធ្វើអោយម្ចាស់បន្ទប់ភ្ញាក់មិនស្ទើរនោះទេ ។ នេះតើគេមកតាំងពីពេលណា? ហើយអាចចូលបានដោយរបៀបណា?
"ហ៊្សា អ៉ី? ឯងចូលមកបានដោយរបៀបណា? ខ្ញុំបានផ្លាស់ប្ដូរលេខកូដសំងាត់ទៅហើយហេតុអីឯងនៅចូលមកបានទៀត?" ម្ចាស់បន្ទប់ដែលទើបតែបើកទ្វាចូលប្រញ៉ាប់ដើរទៅសួរអ្នកដែលកំពុងអង្គុយលើគ្រែរបស់ខ្លួនដោយទឹកមុខមិនពេញចិត្ត ។
"គ្រាន់តែជាលេខកូដប៉ុណ្ណឹងបងគិតថាអាចហាមខ្ញុំមិនអោយចូលបានហើយ?" អ្នកដែលអង្គុយលើគ្រែមិនខ្វល់ពីទឹកមុខមិនពេញចិត្តរបស់អ្នកម្ខាងទៀតទាល់តែសោះ គេឆ្លើយហ្ហីៗហាក់ដូចជាមិនខ្វល់ពីអ្វីទាំងអស់ ។
"អ៎...ត្រូវហើយវិះនឹងភ្លេចទៅហើយថាអ្នកប្រុស ហ៊្សា អ៉ី ជាកូនប្រុសពៅនៃត្រកូល ហ្ស៊ា គឺជាកូនប្រុសឆ្លាតជាងគេលេខមួយលើជំនាញបច្ចេកវិទ្យា បញ្ចប់ការសិក្សានៅមហាវិទ្យាល័យថ្លៃផុតគេលើពិភពលោក គ្មានអ្វីនៅលើលោកនេះដែលអ្នកប្រុស ហ្ស៊ា អ៉ី ធ្វើមិនបាននោះទេត្រូវទេ?" ឌុកទ័រ សិន អ៉ីយ៉ាវ ឌឺដងទៅអោយប្អូនប្រុសបណ្ដើរដើរទៅចាក់ទឹកផឹកបណ្ដើរ ។
"បិទមាត់របស់បងទៅ! ខ្ញុំប្រាប់ហើយថាមិនអោយហៅឈ្មោះនេះទៀតទេ!"
"អញ្ចឹងអោយខ្ញុំហៅថាយ៉ាងម៉េចវិញ? អ្នកប្រុសតូច ហ៊្សា អ៉ី? ឬក៏...លោកអង្គនាយក OC group? លោកសាស្ត្រាចារ្យអាថ៌កំបាំង? ឬក៏ជា ទីអ៉ី ក្មេងវិទ្យាល័យ?" បងប្រុសមាត់ឌឺនៅតែបន្តផ្លែផ្កាអោយប្អូន ធ្វើអោយអ្នកដែលជាប្អូនធ្វើមុខខ្មៅអ៊ែដោយការមិនពេញចិត្តជាខ្លាំង ។
"មិនថាបងចង់ហៅខ្ញុំបែបណានោះទេ! ពេលនេះបងត្រូវតែហៅខ្ញុំថា ទីអ៉ី ជាដាច់ខាត យល់ដែរទេអនាគតលោកម្ចាស់តូចនៃត្រកូល ហ៊្សា!"
"បើឯងនៅតែបន្តហៅខ្ញុំបែបនោះទៀត ខ្ញុំនឹងសម្លាប់ឯងចោលឥឡូវនេះជាក់ជាមិនខាន"
"បងមិនហ៊ាននោះទេ ព្រោះអត់ពីខ្ញុំទៅគ្មាននរណាម្នាក់អាចជួយបងបាននោះទេ"
"ឆើស! ឯងកុំជឿជាក់ពេកលើលោកនេះមានមនុស្សពូកែច្រើនណាស់"
"មានមនុស្សពូកែច្រើនតែលើលោកនេះមានអ្នកណាម្នាក់អាចលាក់អាថ៌កំបាំងរបស់បងបានដូចជាខ្ញុំនោះ?"
"កុំនិយាយអត់ប្រយោជន៍ច្រើន ឯងមកទីនេះធ្វើស្អី?" ឃើញថាពួកគេនិយាយយូរទៅក៏កាន់តែតាប៉ែទៅហើយ ទើបឌុកទ័ររូបសង្ហារប្រញ៉ាប់ទាញស្ថានការណ៍អោយប្ថូរពីសាច់កាប់មកជាសាច់ការវិញ ។ ជាធម្មតាប្អូនប្រុសរបស់គេម្នាក់នេះកម្រមករកគេដោយផ្ទាល់បែបនេះណាស់ គេចាំបានថាកាលដែល ទីអ៉ី មករកគេលើកចុងក្រោយបង្អស់នោះវាមានរយៈពេល ២ឆ្នាំទៅហើយបើរាប់មកដល់ឥឡូវនេះ ។
"ទៅបន្ទប់សំងាត់ជាមួយខ្ញុំ"
ច្បាស់ណាស់ហើយគឺមានអ្វីមួយខុសប្រក្រតីនៅក្នុងបន្ទប់សំងាត់ជាក់ជាមិនខាន! ព្រោះបើគ្មានរឿងអ្វីសំខាន់នោះទេគេក៏មិនមកអង្គុយចំណាយពេលអត់ប្រយោជន៍ជាមួយបងប្រុសរបស់គេបែបនេះដែរ ។
_____
បន្ទប់សំងាត់
បន្ទប់សំងាត់នេះជាបន្ទប់ដែលមានតែពីរនាក់បងប្អូននេះប៉ុណ្ណោះដែលអាចចូលទៅបាន ។ វាត្រូវបានបង្កើតឡើងនៅក្រោមដីដែលជាទីតាំងដាច់ស្រយ៉ាលមួយ មានព្រៃដុះស៊ុបទ្រុបដែលជួយបិទបាំងទីនេះពីភ្នែកមនុស្ស ។ តាមពិតវាគឺជាគុក និងជាមន្ទីពិសោធន៍របស់បងប្អូនទាំងពីរនេះផងដែរ ប៉ុន្តែយើងនៅមិនទាន់ដឹងនៅឡើយទេថាបងប្អូនទាំងពីរនេះបង្កើតទីតាំងចំឡែកបែបនេះមកដើម្បីពិសោធន៍អ្វីនោះទេ ។
ដើម្បីចូលទៅដល់ខាងក្នុងបានគេត្រូវធ្វើដំណើរតាមច្រកសំងាត់ប្រមាណជា ១០នាទី ច្រកសំងាត់នោះនឹងនាំពួកគេទៅដល់បន្ទប់មួយដែលត្រូវការការសម្គាល់អត្តសញ្ញាណជាពិសេសទើបអាចចូលទៅបាន ។ នៅខាងក្នុងមានឧបករណ៍វិទ្យាសាស្ត្រទំនើបៗជាច្រើន នឹងមានមនុស្សយន្តសេរីទំនើបសម្រាប់បម្រើការនៅទីនោះទៀតផង ។ នៅទីនេះមិនមែនមានតែបន្ទប់នេះមួយនោះទេ គឺមានបន្ទប់ជាច្រើនទៀតបែងចែកជាច្រើនផ្នែកផងដែរ ។
បងប្អូនទាំងពីរត្រូវដើរកាត់បន្ទប់មួយផ្សេងទៀតដើម្បីចូលទៅដល់ទីតាំងដែលពួកគេចង់ទៅ បន្ទប់ដែលពួកគេត្រូវឆ្លងកាត់នោះគឺប្រៀបដូចជាគុកដែលឃុំឃាំងអ្នកទោសដើម្បីធ្វើការពិសោធន៍អ្វីមួយយ៉ាងចំឡែក ។
"ដោះលែងយើងទៅពួកអាចង្រៃ! ឪពុកម្ដាយយើងនឹងមិនលើកលែងអោយពួកឯងទេបើពួកគាត់ដឹងថាយើងនៅទីនេះ" មួយនៅក្នុងចំណោមអ្នកជាប់ឃុំប្រហែលជា ៣នាក់បានរត់មកស្រែកនឹងយកដៃប្រឹងទាញរនាំងដែកចង់ចាកចេញពីទីនេះ ។ បើតាមមើលទៅកាន់សភាពរបស់គេទៅគឺគេប្រហែលជាទើបតែជាប់នៅទីនេះមិនយូរប៉ុន្មាននោះទេ ។ ព្រោះបើធៀបជាមួយ ២នាក់ទៀតដែលគ្រាន់តែឃើញវត្តមានបងប្អូនទាំងពីរក៏ភ័យរួញខ្លួនទៅហើយ គឹអាម្នាក់នេះហាក់មិនភ័យខ្លាចអ្វីទាល់តែសោះ ។
"បិទមាត់របស់ឯងទៅអាចង្រៃ! មកលើកណាក៏ស្រែកឡូឡាដែរ! រ៉ក់ យកកណ្ដុរញ៉ុកមាត់វាភ្លាមទៅ" បបូរមាត់តូចស្អាត និងផ្ទៃមុខទន់ភ្លន់ដែលធ្លាប់តែបង្ហាញឡើងនៅចំពោះមុខ ស៊ីន ហ៊ឺ កន្លងមកប្រែជាកាចសាហាវគួរអោយញញើត ។ ភ្នែកពណ៌លឿងទុំដែលតែងបញ្ចេញពន្លឺភ្លឺស្អាតពេលនេះបែរមកបញ្ជារមនុស្សយន្តតូចដែលមានឈ្មោះថា រ៉ក់ យ៉ាងគួរអោយខ្លាច ។
"រ៉ក់ ទទួលបញ្ជារ" មនុស្សយន្តតូចទទួលការបញ្ជារពីម្ចាស់ហើយក៏ដើរទៅទាញយកកណ្ដុររស់ពីក្នុងទ្រុង យកមកញ៉ុកចូលមាត់អ្នកដែលស្រែកឡូឡាមុននេះ ។
"អ៎េ...? នេះមិនមែនជាកូនប្រុសគ្រួសារ លីន ទេមែនទេ? ហាសហា ហេតុអីបានជាអ្នកប្រុសតូចធ្លាក់ខ្លួនបែបនេះទៅហើយ?" ឌុកទ័រ សិន អ៉ីយ៉ាវ ដែលតែងតែមានឥរិយាបថសុភាពរម្យទម ឈរសើចចំអកអោយមនុស្សដែលត្រូវបានមនុស្សយន្តញ៉ុកសត្វកណ្ដុរចូលមាត់យ៉ាងចាស់ដៃ ។ សភាពរបស់គេពេលនេះមិនខុសពីពពួកមនុស្សរោគចិត្តប៉ុន្មាននោះទេ ឌុកទ័រ សិន អ៉ីយ៉ាវ តូចដ៏ទន់ភ្លន់ហាក់ដូចជាលែងមានវត្តមានទៅហើយនៅពេលដែលគេឈានជើងចូលមកដល់ទីនេះ ។
"ឈប់ធ្វើខ្លួនដូចកូនក្មេងទៀតទៅមើល! ឆាប់ចូលមក!" ប្អូនប្រុសដែលឃើញអ្នកជាបងសើចសប្បាយដូចកូនក្មេងបែបនេះ ក៏ប្រញ៉ាប់ហៅដោយទឹកមុខធុញទ្រាន់ ។
"មិននឹកស្មានទាល់តែសោះថាឯងចាប់ខ្លួនកូនប្រុសគ្រួសារ លីន យកមកធ្វើទារុណកម្មបែបនេះ អ៎េ...តើចាប់ខ្លួនគេមកយូរប៉ុណ្ណាហើយ? ហេតុអីបានជាគ្មានដំណឹងអីពីគ្រួសារ លីន សោះអញ្ចឹង?" ជើងវែងៗបោះជំហានទៅតាមការហៅ និងមិនភ្លេចសួរនាំដោយទឹកមុខរំភើប គេពិតជាសប្បាយចិត្តណាស់នៅពេលឃើញភាពឈឺចាប់ និងសម្រែករបស់មនុស្សដែលជាប់នៅក្នុងទ្រុងទាំងនោះ ។
"មិនទាន់បានមួយអាទិត្យទេ គ្រួសារ លីន ក៏ជាគ្រួសារអាថ៌កំបាំងមួយក្នុងចំណោមគ្រួសារធំៗនៅរីវើរសាយនេះដូចគ្នា ដូច្នេះហើយពួកគេសុខចិត្តតាមរកស្ងាត់ៗក៏មិនអោយលេចលឺដំណឹងដល់មហាជនដែរ"
"ឯងថាទៅមើលបើសិនជាគេរកឃើញកូនប្រុសរបស់គេក្នុងសភាពជាសាកសព...? អ្ហ៎ា...ខ្ញុំពិតជាចង់ឃើញទឹកមុខភ័យស្លន់ស្លោរបស់ពួកគេណាស់ ហាសហា...ភាពស្ងាត់ស្ងៀមរបស់ពួកគេក្នុងការតាមរកកូនប្រុសគឺកាន់តែស្រួលអោយពួកយើងធ្វើការ"
"ខ្ញុំមិនទាន់ចង់សម្លាប់គេទេ ខ្ញុំចង់ទុកគេពិសោធន៍ថ្នាំ"
"អោយគេរស់វេទនាមិនចំស្លាប់ ស្លាប់មិនចំរស់និងមែនទេ? ឯងនៅតែចិត្តត្រជាក់ដូចដើម"
"មនុស្សដូចជាពួកវាការស្លាប់គឺដូចជាស្រួលពេកទៅវិញទេ"
"ពិតជា ទីអ៉ី ឋាននរកលើដីសម្រាប់មនុស្សគ្រប់គ្នាពិតមែន ហាសហា"
បងប្អូនទាំងពីរបន្តជជែកគ្នាលេង និងមានសម្លេងសើចក្អាកក្អាយម្ដងម្កាលផងដែរ ពួកគេធ្វើដំណើរតាមជណ្ដើរយន្តទំនើប ដើម្បីចុះមកកាន់ជាន់ក្រោមគេបង្អស់បន្ទាប់ពីឆ្លងកាត់បន្ទប់ឃុំឃាំងនោះហើយ ។ ជាន់ក្រោមនេះគឺជាបន្ទប់ដ៏ពិសេសជាងគេ វាក៏មានបំពាក់នូវឧបករណ៍ការពារសុវត្តិភាពជាច្រើនផងដែរ ហើយមិនមែនជាការងាយស្រួលក្នុងការចូលមកដូចទ្វាខាងមុខនោះទេ ។ នៅទីនេះមានការយាមកាមតឹងរឹងណាស់ពីមនុស្សយន្តទំនើប សូម្បីតែទ្វាក៏បំពាក់នូវប្រព័ន្ធការងារដែលមានមុខងារច្រើនស្អេកស្កះផងដែរ មនុស្សធម្មតានឹងមិនអាចបើកទ្វានេះបានជាដាច់ខាត ។ ប៉ុន្តែកុំទាន់ស្រម៉ៃដល់ការបើកទ្វាអី ពួកគេនឹងមិនមានឱកាសសូម្បីតែរត់គេចផងបើពួកគេបានចូលមកដល់ទីនេះ ។ ព្រោះទីនេះបានដាក់ការសម្គាល់យ៉ាងពិសេសដែលសម្គាល់លើតែបងប្អូនពីរនាក់នេះប៉ុណ្ណោះ បើមានអ្នកផ្សេងចូលមកនោះពួកគេអាចនឹងត្រូវដាច់ខ្លួនជាកង់ៗដោយកាំភ្លើងឡាស៊ែតាំងពីវិនាទីដំបូងមកម្លេះ ។ ហើយបើគេមានសំណាងដែលមិនបានស្លាប់ក្រោមកាំភ្លើងឡាស៊ែទេ នោះក៏នឹងស្លាប់ដោយកាំភ្លើងឆក់របស់មនុស្សយន្តផងដែរ ។ ក្រៅពីនេះនៅទីនេះក៏មានប្រព័ន្ធបញ្ចេញផ្សេងពុលកម្រិតខ្ពស់សម្រាប់គ្រាអាសន្នផងដែរ វាជាថ្នាំពុលដែលមានសារធាតុពុលប្រៀបបានទៅនឹងសារធាតុនុយក្លេអ៊ែ ។ ទោះបីអ្នកដែលចូលមកមានឧបករណ៍ការពារទំនើបក៏ដោយក៏សារធាតុពុលនោះនឹងតោងជាប់ពួកគេ ហើយនឹងរំលាយឆ្អឹងភ្លាមៗនៅពេលដែលពួកគេដោះឧបករណ៍ការពារចេញ ។ វាក៏នឹងរីករាលដាលដល់អ្នកផ្សេងៗទៀតដែលនៅក្បែរៗផងដែរ វាជាសារធាតុពុលដ៏សាហាវបំផុត ដែលបងប្អូនទាំងពីរនាក់បង្កើតមកក្នុងគោលបំណងថា <<ប្រសិនបើថ្ងៃណាមួយកន្លែងរបស់ពួកគេត្រូវបានរកឃើញ នោះពួកគេនឹងរំលាយទីនេះចោលហើយស្លាប់ជាមួយគ្នា ហើយសារធាតុពុលនោះនឹងធ្វើអោយគ្មានអ្នកណាម្នាក់អាចឈានជើងចូលមកកាន់ទីនេះបានទៀតនោះទេ>> ។
Bạn đang đọc truyện trên: Truyen3h.Co