Truyen3h.Co

Coffee Shop

1. ហាងកាហ្វេស្អីដាក់ឈ្មោះគ្មានន័យសោះអញ្ចឹង?

Nombangbakyong

វគ្គ 01

Coffee Shop ជាហាងកាហ្វេតូចមួយស្ថិតនៅទីដាច់ស្រយ៉ាលឆ្ងាយពីគេបន្តិច មានសភាពស្ងប់ស្ងាត់ដែលមិនសូវមានអ្នកទៅដល់ ។ ភ្ញៀវដែលទៅទីនោះភាគច្រើនគឺជាអ្នកទេសចរដែលចូលចិត្តធ្វើដំណើរផ្សងព្រេង ឬជាអ្នកដែលចូលចិត្តបោះតង់កន្លែងស្ងាត់ៗប៉ុណ្ណោះ ។

"ហាងមួយនោះចម្លែកម្ល៉េះ? ដាក់ឈ្មោះថា Coffee Shop តែម្ដង តើម្ចាស់ហាងរកនឹកឈ្មោះដាក់មិនឃើញមែនទេ?" ទេសចរម្នាក់ដែលកំពុងដើរឡើងភ្នំក្រឡេកឃើញហាងកាហ្វេមួយឈរលើចង្កេះភ្នំយ៉ាងស្ងប់ស្ងាត់ទើបនិយាយឡើងដោយព្រោះតែគេយល់ថាហាងកាហ្វេនោះដូចជារៀងចម្លែក ។
"មានអីចម្លែក? ហាងគេលក់កាហ្វេគេដាក់ឈ្មោះថាហាងកាហ្វេហ្នឹងហើយ!" មិត្តដែលដើរក្បែរក៏តបទៅវិញ មានអីចម្លែកទៅបើហាងលក់កាហ្វេដាក់ឈ្មោះថាហាងកាហ្វេនោះ?
"គ្រាន់តែឆ្ងល់! ហេតុអីបានជាម្ចាស់ហាងមិនប្រើឈ្មោះអីផ្សេងអោយវាមានអត្ថន័យពិសេសបន្តិចទៅ? Coffee Shop មិនសាមញ្ញពេកទេអី?"
"ជួនកាលម្ចាស់ហាងគេខ្ចិលសាំញ៉ាំច្រើនហ្នឹងណា! អញ្ចឹងក៏ឆ្ងល់ដែរឯងនេះ!"
"Kipuka ឯងចេះឆ្ងល់ថាហាងលក់កាហ្វេដាក់ឈ្មោះថា ហាងកាហ្វេ ចុះម៉េចក៏ឯងមិនឆ្ងល់ផងថាហេតុអីបានជាម្ចាស់ហាងមកបើកហាងកាហ្វេអីនៅកណ្ដាលព្រៃបែបនេះ?" មិត្តម្នាក់ទៀតក៏បន្ថែមដោយហៅឈ្មោះរបស់ម្ចាស់សំណួរ។ ត្រូវហើយគឺពួកគេមានគ្នាបីនាក់ដែលកំពុងតែដើរថ្មើរជើង មានសម្ភារៈសំពីងសំពោងព្រោះពួកគេគឺជាក្រុមមនុស្សដែលចូលចិត្តធ្វើដំណើរផ្សងព្រេងផ្លូវឆ្ងាយ ។
"Ocean តើឯងមិនបានអានព័ត៌មានដែលខ្ញុំផ្ញើអោយទេមែនទេ? តំបន់នេះគឺជាចំការកាហ្វេបើគេមិនបើកហាងលក់កាហ្វេតើឯងចង់អោយគេលក់ស្រាទំពាំងបាយជូរមែនទេ? គេច្បាស់ជាបើកលក់សម្រាប់ភ្ញៀវដែលមកទស្សនកិច្ចចំការកាហ្វេហ្នឹងហើយ! វាមិនស្ងាត់ទាំងស្រុងឯណាព្រោះជួនកាលក៏មានពួកទេសចរដែលឆ្លងកាត់ដូចពួកយើងដែរតើ" អ្នកដែលឆ្លើយឆ្លងជាមួយ Kipuka តាំងពីដំបូងមកក៏ឆ្លើយតបទៅកាន់ Ocean វិញទាំងហួសចិត្ត ។
"មិនបានអានព័ត៌មានទេឃើញក្នុង Group ណាត់គ្នាមកក៏មកតែម្ដងមានបានដឹងថាយើងត្រូវធ្វើដំណើរកាត់ចំការកាហ្វេឯណា" Ocean ក៏តបទៅមនុស្សម្នាក់ដែលទើបតែស្ដីអោយគេមុននេះទាំងមិនសូវខ្វល់ ។
"សម្រេចថាភ្នំដែលយើងត្រូវទៅបោះតង់ហ្នឹង! នៅឯណាអោយប្រាកដឥឡូវ?" Kipuka ក៏សួរឡើងទាំងឡេឡឺ
"ណែ! Kipuka កុំប្រាប់ណាថាឯងក៏មិនបានអានព័ត៌មានដែលខ្ញុំទម្លាក់អោយដែរ?" អ្នកដែលទើបតែស្ដីអោយ Ocean មុននេះក៏បែរទៅសួរ Kipuka វិញម្ដងទាំងហាក់ដូចជាចង់ក្រពុលមុខទៅហើយ ។
"មិនបានអានទេអាងថាពួកឯងអានហើយ វិចបង្វេចមកតែម្ដងមិនទាំងស្គាល់ថាកន្លែងនេះនៅខេត្តណាស្រុកណាផង" Kipuka ក៏ឆ្លើយទៅវិញយ៉ាងរំភើយ ។
"ពុធ្ធោអើយ! នេះសុទ្ធតែអត់មានអ្នកអានព័ត៌មានលម្អិត! បានអ្នកណាយោងអ្នកណាទៅអញ្ចឹងបើខ្ញុំអត់បានអានដែរហ្នឹង? ខំទុកចិត្តពួកឯងទើបទម្លាក់ព័ត៌មានអោយអាន! ហើយពួកឯងសុទ្ធតែអត់អាន!" អ្នកដែលទំនងជាមេផ្ដើមគំនិតមកបោះតង់ពេលនេះលើកដៃជូតញើសទាំងអស់វាចារ ។ គេគឺជាអ្នកបបួលមិត្តពីរនាក់ទៀតមកបោះតង់ទើបគេទម្លាក់ព័ត៌មានលម្អិតពីទីតាំងដែលត្រូវបោះតង់អោយទៅពីរនាក់ទៀតអាន ព្រោះស្វែងយល់ពីទីតាំងបោះតង់ជាមុនទើបពួកគេងាយស្រួលធ្វើដំណើរនឹងរៀបចំសម្ភារៈបង្ការផ្សេងៗ ។ សម្រាប់ការធ្វើដំណើរផ្សងព្រេងបែបនេះយើងនឹងមិនដឹងនោះទេថានឹងមានគ្រោះថ្នាក់អីខ្លះនៅខាងមុខ ដូច្នេះការសិក្សាពីទីតាំងជាមុនគឺជារឿងដែលអ្នកផ្សងព្រេងត្រូវធ្វើជាចាំបាច់ ។
"ចុម! លេងសើចម្ល៉េះ Seeky? ខ្ញុំគិតថាឯងស្គាល់ទីតាំងនេះច្បាស់ហើយព្រោះឯងជាអ្នកបបួលមកណា!"
"មែនហើយខ្ញុំក៏អញ្ចឹងដែរ! ខ្ញុំគិតទុកចិត្តឯងទាំងស្រុងហើយទើបរៀបបង្វេចមកតែម្ដងទៅ!" ពីរនាក់ទៀតក៏ងាកមើលមុខមេផ្ដើមគំនិតថ្មែរ ពួកគេសុទ្ធតែហួសចិត្តរៀងខ្លួន ព្រោះតែគម្រោងនេះគឺ Seeky ជាអ្នកបបួលដូច្នេះគេគួរតែស្គាល់ទីតាំងនេះច្បាស់ទៅហើយ ទើបបានជាមិនយកចិត្តទុកដាក់ក្នុងការអានព័ត៌មានលម្អិតនោះទេ ។
"ខ្ញុំបានអានត្រួសៗប៉ុណ្ណោះមានបានអានលម្អិតឯណា! ដឹងត្រឹមថាភ្នំនោះគឺវានៅឆ្ងាយយើងត្រូវឆ្លងកាត់ចំការកាហ្វេនេះសិន" Seeky ក៏តបទៅវិញដោយយកដៃច្រត់ចង្កេះហួសចិត្ត បោះតង់លើកនេះដូចជារឡេករឡាក់ដល់ហើយ! មើលទៅគួរទៅមុខឬទៅក្រោយបើម្នាក់ៗសុទ្ធតែមិនដឹងអីបែបនេះ?
"ឥឡូវគិតយ៉ាងម៉េច? គួរទៅមុខឬទៅក្រោយ?" Kipuka ក៏សួរឡើងដោយហួសចិត្តមិនចាញ់គ្នាទេ ។
"ចូលហាងកាហ្វេសួរនាំម្ចាស់ហាងហ្មងទៅ! ព្រោះគេនៅតំបន់នេះគេអាចនឹងស្គាល់ច្បាស់ជាងយើង! ជ្រុលជាមកទៅហើយត្រឡប់ទៅវិញយ៉ាងម៉េច? ខំដើរមកចង់កន្លះថ្ងៃហើយហត់ចង់ធ្លាក់អាចម៍ទៅហើយ!" Ocean ក៏តបទាំងឆ្លៀតរអ៊ូរទាំដែរ ពួកគេមិនអាចបន្ទោសគ្នាបានទេព្រោះនេះមិនមែនជាលើកទីមួយទេ ពួកគេបីនាក់គឺតែងតែបែបនេះចេញដើរបោះតង់រាល់តែដងគឺប្រចាំគ្នាអារឿងអានព័ត៌មានពីទីតាំងត្រូវទៅហ្នឹងតែម្ដង! មិនដឹងយ៉ាងម៉េចទេគ្រាន់តែអានសោះក៏ខ្ចិលដែរ ។
"មិនចង់ចូលទេ! ហាងកាហ្វេស្អីចម្លែកអញ្ចឹងនោះ? ឯងមើលទៅមើលស្ងាត់អោយជ្រាបបើកកណ្ដាលព្រៃគ្មានមនុស្សចូលហើយសូម្បីតែឈ្មោះក៏មិនដាក់ដែរ! អាចទុកចិត្តបានដោយរបៀបណា?" Kipuka ប្រកែកមិនព្រមចូល គេនៅតែយល់ថាហាងកាហ្វេនេះគឺចម្លែក អារម្មណ៍របស់គេគឺប្រាប់មកអញ្ចឹង! គឺមិនគួរអោយចង់ចូល! មិនចង់ចូលតែម្ដង!
"សូញសាញច្រើនណាស់! ឬក៏ឯងចង់ដើរត្រឡប់ទៅវិញ? ឆាប់ដើរមកកុំតាប៉ែច្រើន" Ocean ដែលហាក់ដូចជាធុញទ្រាន់ទៅហើយគេមិនចាំយូរទេក៏ប្រញ៉ាប់ដើរសម្ដៅទៅហាងកាហ្វេនោះតែម្ដង ដែលធ្វើអោយ Seeky ក៏អូសខ្លួនដើរទៅតាមធ្វើអោយ Kipuka ដែលស្ទាក់ស្ទើរនោះមិនអាចធ្វើអ្វីបានក្រៅពីអូសជើងដើរទៅតាមទាំងមិនសូវជាពេញចិត្ត ។

Kipuka យល់ថាហាងកាហ្វេនោះគឺវាចម្លែកព្រោះវាមិនដែលមានទេ! អ្នកណាដែលបើកលក់កាហ្វេដោយដាក់ឈ្មោះហាងថា ហាងកាហ្វេ បែបនេះនោះ? ណាមួយទីតាំងនេះស្ងាត់ណាស់ដូចជាស្ទើរតែគ្មានមនុស្សមកទាល់តែសោះ! គេដើរសឹងតែកន្លះថ្ងៃទៅហើយក្រៅពីព្រៃគេមិនឃើញមានសូម្បីតែសម្បកផ្ទះ តើម្ចាស់ហាងនេះបើកលក់កាហ្វេអោយអ្នកណា?

ចម្លែក!
មិនគួរអោយទុកចិត្ត!

Bạn đang đọc truyện trên: Truyen3h.Co