Truyen3h.Co

Coffee Shop

13. ភ្ញាក់ឡើង! ដេកយូរម្ល៉េះ?

Nombangbakyong

វគ្គ 13

ថ្ងៃទី13...

ថ្ងៃទី13រោច...

ថ្ងៃសុក្រទី13...

"នៅសល់ពេលតែ 2ថ្ងៃទៀតប៉ុណ្ណោះនឹងដាច់ថ្ងៃរោចហើយ" សម្លេងស្អកញ័រពេញដោយភាពស្មុគស្មាញបន្លឺឡើងស្របពេលដែល ម្ចាស់សម្លេងងើយសម្លឹងមើលទៅផ្ទៃមេឃដែលងងឹតស្លុប ។
"តើយើងគួរធ្វើយ៉ាងណាទើបអាចជួយ Eliot បាន?" ស្ដ្រីចំណាស់ដែលឈរក្បែរបុរសចំណាស់ ក៏ងើយមើលទៅមេឃដោយបន្លឺនូវសម្លេងពេញដោយក្ដីព្រួយបារម្ភមិនខុសគ្នាទេ ។
"Yin និងYang ថ្វីបើផ្ទុយគ្នាប៉ុន្តែមិនអាចញ៉ែកចេញពីគ្នាបាននោះទេ បើដល់កំណត់ 15ថ្ងៃហើយនៅតែរកមិនឃើញទៀត... មានតែពឹងទៅលើ Yang ជួយសង្រ្គោះ Yin ប៉ុណ្ណោះ" បុរសចំណាស់ដកដង្ហើមធំបង្ហាញពីភាពធុញថប់ គាត់ទាញបារីស្លឹកមួយដើមយកមកជក់ដើម្បីជួយកាត់បន្ថយភាពតានតឹង ។
"តាវាឯងចង់មានន័យយ៉ាងម៉េច? ចង់យកជីវិត Yang ប្ដូរអោយ Yin មែនទេ?" ស្ត្រីចំណាស់សួរទាំងភ្ញាក់ផ្អើល
"មានតែវិធីនេះទេដែលយើងអាចសង្គ្រោះ Eliot បាន" បុរសចំណាស់ងាកទៅសម្លឹងមើលស្រ្តីចំណាស់ដែលជាប្រពន្ធរបស់គាត់បន្តិច ដោយទឹកមុខរបស់ប្ដីប្រពន្ធទាំងពីរខ្វល់ខ្វាយមិនចាញ់គ្នានោះឡើយ ។

ការប្ដូរជីវិត Yang អោយទៅ Yin គឺប្រៀបដូចជាការផ្ទេរសេចក្ដីស្លាប់យ៉ាងអញ្ចឹង គឺមានន័យថាបើមនុស្សដែលជា Yin នឹងត្រូវស្លាប់នោះគេនឹងផ្ទេរការស្លាប់នោះអោយទៅមនុស្សដែលជា Yang វិញ ដូច្នេះហើយ Yin នឹងនៅរស់បានជាធម្មតា ចំណែក Yang នឹងជាអ្នកស្លាប់ជំនួស ។ ព្រោះ Yin គឺជាភាពងងឹត ជាសេចក្ដីស្លាប់ Yin ចិញ្ចឹមជីវិតដោយស្រូបយកជីវិត បើ Yin កើនឡើងនោះ Yang នឹងចុះខ្សោយ តែបើ Yang កើនឡើងនោះ Yin នឹងចុះខ្សោយវិញ ។ នេះគឺជាច្បាប់ដែលពុះញ៉ែកគ្នារវាងធាតុទាំងពីរ ប៉ុន្តែបើទោះបីជាធាតុទាំងពីរនេះមួយគឺជាសេចក្ដីស្លាប់ និងមួយទៀតគឺជាជីវិតក៏ដោយ ក៏ពួកគេមិនអាចកាត់ផ្ដាច់ពីគ្នាបាននោះឡើយ ធាតុទាំងពីរនេះត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក ប្រៀបដូចជាថ្ងៃ និងយប់ ជីវិត និងសេចក្ដីស្លាប់ ពន្លឺ និងភាពងងឹត...។

_____

"លោកមេភូមិ! លោកមេភូមិ! រកឃើញហើយ! ពួកយើងរកឃើញបុរសម្នាក់ដែលបានធ្លាក់ជ្រោះជាមួយ Eliot ហើយ" បុរសម្នាក់ដែលយើងបានស្គាល់ថាជា ស្ពៃក្ដោប បានរត់ត្របាញ់ជើង និងស្រែកប្រកូកប្រកាសផ្អើលអស់មួយភូមិ ។

ក្នុងខណៈពេលដែល ស្ពៃក្ដោប រត់ចូលមកក្នុងភូមិញ៉ាប់ជើង បើយើងក្រឡេកមើលទៅក្រោយខ្នងរបស់គេនោះនឹងឃើញមានអ្នកភូមិប្រហែល ដប់ម្ភៃនាក់ដែលដើរដង្ហែរមកតាមក្រោយ រួមជាមួយ Ocean និង Seeky ដែលកំពុងសែងរាងកាយសន្លប់ស្ដូកស្ដឹងរបស់ Kipuka ។

"ចុះឯណា Eliot?" តាមេភូមិស្ទុះក្រោកប្រញាប់រត់ទៅសួរនាំអ្នកផ្សេងទៀតដែលដើរដង្ហែរជាមួយ Ocean និង Seeky ព្រោះគាត់ខំប្រឹងសម្លឹងណាស់ដែរ តែរកមិនឃើញវត្តមានរបស់ Eliot នោះឡើយ ។
"គ្មានអ្នកបានឃើញ Eliot នោះទេ ពួកយើងឃើញតែបុរសម្នាក់នេះដេកសន្លប់ប៉ុណ្ណោះ" បុរសម្នាក់ឆ្លើយតបទៅនឹងសំណួររបស់តាមេភូមិ
"យប់ជ្រៅណាស់ហើយយកគេទៅសម្រាកសិនទៅ" តាមេភូមិចោលមើលភ្នែកពួកគេបន្តិច ក៏ដេញអោយនាំ Kipuka ទៅសម្រាកតែម្ដង ដោយមិនបាននិយាយសួរនាំអ្វីទៀតទេ ។
"អ៎េឈប់សិន! នាំគេទៅណា? គេជាមិត្តភក្តិរបស់ខ្ញុំ ខ្ញុំអាចមើលថែរគេបាន" Ocean ស្រែកនៅពេលដែលប្រុសៗ 6-7នាក់ដណ្ដើមយក Kipuka ពីដៃរ
"អ្នកកំលោះស្ងប់ចិត្តចុះពួកយើងគ្រាន់តែយកគេទៅព្យាបាល និងលាងរបួសប៉ុណ្ណោះ" ស្រី្តចំណាស់ដែលជាប្រពន្ធរបស់តាមេភូមិចេញមកសម្រួល ព្រោះឃើញថា Ocean និង Seeky ព្យាយាមប្រឆាំងមិនព្រមអោយគេយក Kipuka ទៅដោយស្រួល ។
"បើអញ្ចឹងហេតុអីក៏មិននិយាយប្រាប់តាំងពីដំបូង?" Ocean ច្រត់ចង្កេះសួរដោយការមិនពេញចិត្ត
"អាចថាមកពីកូនចៅខ្ញុំគ្មានសុជីវធម៌ តែអ្នកកំលោះកុំបារម្ភអីខ្ញុំនឹងអោយគេមើលថែមិត្តអ្នកកំលោះអោយបានល្អ" តាមេភូមិជួយនិយាយវិញម្ដង ស្របពេលដែលស្រ្តីជាប្រពន្ធធ្វើសញ្ញាអោយបុរស6-7នាក់នោះនាំ Kipuka ចេញ ។
"មិនទំនងទេដឹង? ពួកខ្ញុំមកស្នាក់នៅទីនេះ 13ថ្ងៃហើយ ចេញស្វែងរកមិត្ត 13ថ្ងៃដូចគ្នា ខ្ញុំមិនដែលឃើញពួកលោកយកចិត្តទុកដាក់លើការស្លាប់រស់របស់មិត្តខ្ញុំនោះទេ ពួកលោករកតែ Eliot ប៉ុណ្ណោះ! ចុះឥឡូវហេតុអីក៏មកធ្វើជាយកចិត្តទុកដាក់លើមិត្តខ្ញុំទៅវិញ? មិនមែនមានគោលបំណងអីផ្សេងទេមែនទេ?" Seeky តវ៉ាដោយការសង្ស័យ
"ពួកខ្ញុំនឹងមើលថែរគេដោយខ្លួនឯង ថ្ងៃស្អែកនេះនឹងត្រឡប់ទៅវិញតែម្ដង ដូច្នេះមិនចាំបាច់ត្រូវរំខានអ្នកទាំងអស់គ្នាទៀតទេ! Seeky យក Kipuka មកវិញ" Ocean ក៏សង្ស័យមិនខុសពី Seeky ដែរទើបនិយាយតវ៉ាដាច់ខាតមិនព្រមអោយតាមេភូមិយក Kipuka ទៅនោះទេ ថែមទាំងប្រាប់អោយ Seeky ទៅដណ្ដើមយក Kipuka មកវិញដូចគ្នា ។

ផូស!!! ផូស!!!
សម្លេងវាយទង្គិច...

ព្រុស!
រាងកាយសង្ហារទាំងពីរដួលស្ពាបនៅនឹងដី បាត់មាត់បាត់ក...

"សុំទោសផងអ្នកកំលោះ ខ្ញុំមានតែបង្ខំចិត្តធ្វើបែបនេះប៉ុណ្ណោះ... ពួកឯងយកពួកគេទាំងពីរទៅចងទុកនៅចំការខាងក្រោយ ដាច់ខាតមិនត្រូវអោយពួកគេរួចខ្លួនទេ រងចាំរហូតដល់ Eliot ត្រឡប់មកវិញ"

ត្រូវហើយសម្លេងប៉ះទង្គិចមុននេះគឺកើតចេញពីការបញ្ជាររបស់តាមេភូមិនេះហើយដែលបានបញ្ជារ អោយកូនចៅវាយសំពោងក្បាលកំលោះទាំងពីរនាក់ ពីក្រោយដោយឆ្លៀតពេលដែលពួកគេភ្លេចខ្លួនតែម្ដង ។ បន្ទាប់ពីវាយអោយសន្លប់ហើយតាចំណាស់ក៏បញ្ជារអោយកូនចៅយកពួកគេទាំងពីរទៅឃុំទុក ដើម្បីកុំអោយមករំខានកិច្ចការរបស់គាត់ ព្រោះគាត់យល់ថា Ocean និង Seeky កំពុងមានការសង្ស័យអ្វីម៉្យាងលើគាត់ និងអ្នកភូមិនេះហើយ ។

"ចុះបើ... Eliot មិនត្រឡប់មកវិញនោះ?" បុរសវ័យក្មេងម្នាក់សួរស្របពេលដែលគេកំពុងគ្រៀក Seeky ឡើង
"សម្លាប់" តាចំណាស់ពោលខ្លះៗ មុខស្មើររបស់គាត់បញ្ជាក់យ៉ាងច្បាស់ថាគាត់មិនបាននិយាយលេងសើច
"តាវាយើងធ្វើនេះហួសហេតុពេកទេដឹង? បើ Eliot ដឹងគេច្បាស់ជាខឹងស្អប់យើងមិនខាន" ស្រ្តីចំណាស់ដែលជាប្រពន្ធនិយាយដោយកង្វល់
"Eliot អាចនឹងស្អប់យើង តែយើងមិនអាចបាត់បង់គេបាននោះទេ" តាចាស់ពោលរួចក៏ដើរបោះជំហានចេញទៅបាត់ ទុកអោយប្រពន្ធនៅឈរខ្វល់ខ្វាយតែឯង ។

_____

Kipuka បានភ្ញាក់ពីដំណេកសម្លឹងមើលជុំវិញខ្លួនឃើញថាគេលែងនៅក្នុងព្រៃទៀតហើយ របួសក៏បានលាង និងលាបថ្នាំយ៉ាងស្អាត សម្លៀកបំពាក់ដាច់រហៀកក៏ត្រូវបានប្ដូរថ្មីផងដែរ ។ Kipuka អង្គុយស្ងៀមស្ងាត់មួយសន្ទុះធំ គេក៏នឹកឃើញពីហេតុការណ៍ដែលកើតឡើងមុនពេលដែលគេសន្លប់ ហើយត្រូវបានបញ្ចូនមកភូមិ...

"Kipuka លោកចាំបានទេ? កន្លែងនេះហើយដែលពួកយើងធ្លាក់" Eliot សើចសប្បាយដោយមិនភ្លេចងាកទៅសួរ Kipuka ព្រោះតែពួកគេបានឡើងមកដល់កន្លែងដែលពួកគេបានធ្លាក់កាលពីថ្ងៃនោះហើយ ។
"ហេតុអីក៏លោកសប្បាយអរម្ល៉េះ?"
"ព្រោះយើងចេញផុតពីព្រៃហើយ បន្តិចទៀតនឹងទៅដល់ភូមិ តើលោកមិនសប្បាយចិត្តទេអី?"
"ប្រាកដជាសប្បាយហើយ! ខ្ញុំនឹកមិត្តភក្តិរបស់ខ្ញុំណាស់មិនដឹងថាតាមរកខ្ញុំយ៉ាងណានោះទេ"
"ត្រូវហើយខ្ញុំក៏..." និយាយដល់ត្រឹមនេះ Eliot ឈប់ទ្រឹងហាក់ដូចជាព្យាយាមរកនឹកថាខ្លួនចង់និយាយអ្វី
"យ៉ាងម៉េចហ្នឹង?" Kipuka ដើរហួស 2-3 ជំហានទៅហើយតែមិនឃើញ Eliot ដើរតាមក៏បកក្រោយវិញ ហើយឃើញ Eliot ឈរស្ងៀមបែបនេះទើបសួរដោយឆ្ងល់ ។
"មិនដឹងទេ ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាចង់និយាយអ្វីម៉្យាងប៉ុន្តែមិនដឹងនិយាយពីអ្វីទេ" Eliot តបដោយនៅតែប្រឹងព្យាយាមគិតថាគេចង់និយាយអ្វីមុននេះ ហេតុអីបានជាគេភ្លេចបាត់យ៉ាងអញ្ចឹង?
"មិនអីទេបើភ្លេចបាត់ហើយក៏ភ្លេចទៅ ចាំពេលនឹកឃើញចាំនិយាយក៏បានដែរ ឥឡូវយើងបន្តដំណើរទៅមុខទៅក្រែងថាជិតដល់ភូមិហើយមិនអញ្ចឹង?" Kipuka ទះស្មារ Eliot តិចៗដើម្បីកុំអោយ Eliot ប្រឹងគិតពេក ហើយក៏បបួលដើរទៅមុខបន្ត
"កាលពីយប់មិញមានភ្លៀងធ្លាក់ខ្លាំងណាស់ ដូច្នេះហើយផ្លូវខាងមុខច្បាស់ជារអិល ដើរប្រយ័ត្នប្រយែងផង Kipuka" Eliot ធ្វើតាមដែល Kipuka ប្រាប់គេទម្លាក់ការគិតចោលនឹងដើរទៅមុខបន្តជាមួយ Kipuka ដោយមិនភ្លេចប្រាប់អោយប្រយ័ត្នឡើយ ។

ទាំងពីរអ្នកបន្តដំណើរជាមួយគ្នា ដោយមិនភ្លេចឆ្លងឆ្លើយគ្នាពីនេះពីណោះមិនដាច់សូរ្យនោះឡើយ ប៉ុន្តែដូចថាអញ្ចឹងគ្រោះថ្នាក់ប្រុងនឹងកើតវាគង់តែកើត បើទោះជាប្រឹងប្រយ័ត្នយ៉ាងណាក៏ដោយ ។ ពួកគេដើរដល់ផ្លូវចុះចំណោតមួយដែលមានសភាពរអិលខ្លាំង Kipuka រវល់តែសើចសប្បាយមិនបានចាប់អារម្មណ៍ ក៏រអិលជើងរមៀលត្រឡប់ត្រឡិនពេញផ្លូវនោះតែម្ដង ។ គេចាំបានថាពេលនោះ Eliot ព្យាយាមស្រវាចាប់គេដែរ ប៉ុន្តែចាប់មិនជាប់ទាញបានត្រឹមតែដៃប៉ុណ្ណោះ ហើយគេក៏ទប់លំនឹងមិនជាប់របូតដៃរមៀលទៅជាមួយគ្នាតែម្ដង ។ ក្រោយមកគេមិនចាំថាមានអ្វីតទៀតនោះទេ ព្រោះដឹងខ្លួនមកក៏ឃើញខ្លួនឯង នៅក្នុងបន្ទប់ដេកបែបបុរាណទៅហើយ Kipuka ក៏សន្និដ្ឋានថាគេ និង Eliot ច្បាស់ជាសន្លប់នៅពេលរអិលរមៀលធ្លាក់ផ្លូវនោះមិនខាន ហើយត្រូវបានអ្នកភូមិរកឃើញជួយសង្គ្រោះ ទើបបានជាគេដឹងខ្លួនមកនៅក្នុងបន្ទប់បែបនេះ ច្បាស់ជាស្នាដៃអ្នកភូមិហើយ ។

ប៉ុន្តែមិនឃើញ Eliot នៅទីនេះសោះ! តើគេនៅឯណា? គេមិនត្រូវរបួសធ្ងន់ធ្ងរទេត្រូវទេ?

"គួរតែទៅរក Eliot សិន!" Kipuka គិតមួយសន្ទុះទើបទម្លាក់ជើងចុះពីលើគ្រែដើរប៉ាំងខ្ញើច សម្ដៅទៅរកទ្វារ គេមិនទាន់ស្គាល់ទីនេះច្បាស់នេះទេ ប្រហែលជាត្រូវសួរនាំអ្នកក្នុងភូមិនេះហើយបើគេចង់រក Eliot ។

Kipuka ដើរចេញមកក្រៅសម្លឹងឆ្វេងស្ដាំគ្មានឃើញមនុស្សម្នាក់ ក៏ប្រហែលជាគ្រប់គ្នានាំគ្នាទៅចំការអស់ហើយទេដឹង? ប៉ុន្តែតើមិត្តភិក្តរបស់គេទាំងពីរនាក់នោះនៅឯណា? តាំងពីភ្ញាក់មកមិនឃើញមាននរណាមកសួរសុខទុក្ខសោះ! តើមិនមែន Ocean និង Seeky ក៏ទៅចំការដែរទេមែនទេ? ណ្ហើយចុះខ្ចិលគិតវែងឆ្ងាយ! គេគឺមានតែដើរប៉ាំងខ្ញើចៗ រកមើលដោយខ្លួនឯងប៉ុណ្ណោះ!

"Eliot... លោកនៅម្ដុំនេះទេ? លោកនៅបន្ទប់មួយណាជួយឆ្លើយផងបើលឺ!" ដើរខ្ញើចៗបណ្ដើរស្រែកហៅ Eliot បណ្ដើរព្រោះគ្មានអ្នកណាម្នាក់បង្ហាញខ្លួនអោយគេសួរនាំទាល់តែសោះ ។

"Eliot?" ដើរយូរគួសមគេក៏មកដល់បន្ទប់មួយដែលបិទទ្វារចោល ប៉ុន្តែបិទមិនបានជិតទេ គេក្រឡេកមើលទៅក្នុងបន្ទប់នោះបន្តិចទៅតាមប្រហោងដែលចំហរចោល ក៏ឃើញថា Eliot កំពុងគេងនៅលើគ្រែ ហើយក៏មិនបង្អង់យូរគេក៏បើកទ្វារចូលទៅរកតែម្ដង ។

"E... Eliot... លោករបួសធ្ងន់មែនទេ? ហេតុអីក៏មានសេរ៉ូមច្រើនយ៉ាងនេះ? Eliot! Eliot ដឹងខ្លួនឡើង!" Kipuka ចូលមកដល់ខាងក្នុងពិនិត្យមើលសព្វគ្រប់ឃើញ Eliot ដេកស្ដូកស្ដឹងមានបន្តោកសេរ៉ូមច្រើនរាប់មិនអស់ ធ្វើអោយ Kipuka មិនអាចទប់ចម្ងល់បាននោះទេថាហេតុអីបានជាស្ថានភាព Eliot ដូចជាធ្ងន់ធ្ងរយ៉ាងនេះ? គេចាំបានថាពួកគេរមៀលធ្លាក់ផ្លូវដូចជាមិនឆ្ងាយប៉ុន្មានទេ ល្មមនឹងអាចសន្លប់ តែក៏មិនគួរមានរបួសធ្ងន់ដល់ថ្នាក់បន្តោកសេរ៉ូមច្រើនយ៉ាងនេះនោះដែរ! មានតែដាស់ Eliot អោយភ្ញាក់ប៉ុណ្ណោះទើបដឹងថាមានរឿងអ្វីកើតឡើង ។

"Eliot! ភ្ញាក់ឡើង! ហេតុអីក៏ដេកដូចងាប់យ៉ាងនេះ? រមៀលធ្លាក់ផ្លូវបន្តិចសោះក៏ដល់ថ្នាក់បន្តោកសេរ៉ូមច្រើនយ៉ាងនេះទៅហើយហ្ហ៎េ? ក្រែងលោកថារាងកាយលោកមិនចេះរបួសនោះអី?" Kipuka ខំប្រឹងអង្រួនអោយ Eliot ភ្ញាក់ប៉ុន្តែមិនថាព្យាយាមអង្រួនយ៉ាងណាក៏គ្មានសញ្ញាថា Eliot នឹងភ្ញាក់នោះឡើយ ។

Eliot ដែលដេកស្ងៀមនៅលើគ្រែនេះមើលទៅមិនរស់រវើកដូចជា Eliot ដែលគេបានស្គាល់នោះឡើយ ។
មុខមាត់ស្លេកស្លាំង រូបរាងស្គមស្គាំងដូចជាមនុស្សអត់បាយមករាប់ឆ្នាំ សម្បុរសរស្លេកបែបលក្ខណៈមនុស្សខ្វះជីវជាតិ និងខានត្រូវពន្លឺថ្ងៃជាយូរ ។ ទោះបីជាមើលទៅនៅតែសង្ហារ ប៉ុន្តែ Kipuka នៅតែយល់ថាម្នាក់នេះដូចជាមិនមែនជា Eliot ដែលគេស្គាល់ទាល់តែសោះ ។

ប៉ុន្តែពួកគេដូចគ្នាណាស់ មើលយ៉ាងណាក៏នៅតែយល់ថាជាមនុស្សតែមួយដែរ គ្រាន់តែថា...

ម្នាក់នេះគឺដូចជាមនុស្សគ្មានវិញ្ញាណ...

Bạn đang đọc truyện trên: Truyen3h.Co