Truyen3h.Co

Coffee Shop

12.ខ្ញុំនឹងជ្រើសរើស~

Nombangbakyong

វគ្គ 12

បន្ទាប់ពីនឹកឃើញនូវអ្វីដែលខ្លួនបាននិយាយដាក់ Eliot កាលពីក្បាលល្ងាចហើយ Kipuka ស្ងាត់មាត់បន្តិចទឹកភ្នែកក៏លែងហូរ ឥឡូវនេះអារម្មណ៍អាម៉ាស់មុខឡោមព័ទ្ធជំនួសអោយអារម្មណ៍ដឹងខុស និងអន់ចិត្តវិញ ។ គេរអៀសខ្លួននឹងបន្ទោសខ្លួនឯងហេតុអីក៏សុខៗយ៉ាងនេះ? ពីដំបូងក្រែងចង់សុំទោស Eliot ដែលនិយាយជ្រុលភ្លេចគិតទេតើ! ហើយហេតុអីក៏ក្លាយទៅជាអន់ចិត្ត ខូចចិត្តដែលត្រូវ Eliot ទុកចោលមិនរវល់ជាមួយទៅវិញ?

ស្អីក៏ស្អីទៅព្រះអើយរញេរញៃម្ល៉េះទេនៀក!

ឥឡូវសុំទោសក៏លែងចង់សុំទោសដែរ ព្រោះ Eliot មិនបានខឹងផងគេគិតតែឯងៗសោះហ្នឹង! មិនដឹងយ៉ាងម៉េចទេពេលនេះគ្រាន់តែដឹងថា Eliot មិនបានខឹងហើយនៅតែយកចិត្តទុកដាក់ចំពោះខ្លួនមិនប្រែ ធ្វើអោយវិស័យខ្មើត ចរិតអឿកាយ៉យដែលមានពីកំណើតផុសឡើងមកវិញឯងៗតែម្ដង ។

ចង់សុំទោសប៉ុន្តែខ្លាចបាក់មុខ!
ចង់ប្រាប់ថាបេះដូងរបស់គេឈឺពេលដែល Eliot មិនអើពើរចំពោះខ្លួន ប៉ុណ្ណោះមិនហ៊ាននិយាយព្រោះមិនចង់អោយ Eliot បានចិត្ត!
ចង់ប្រាប់ថាខ្លួនត្រូវការអោយ Eliot ខ្វាយខ្វល់ បារម្ភ មើលថែរ ប៉ុន្តែអឹមអៀនមិនហ៊ាននិយាយ!
សុខចិត្តហូរទឹកភ្នែកក៏គ្មានថ្ងៃដែលត្រូវសារភាពអារម្មណ៍គ្រប់បែបយ៉ាងប្រាប់ Eliot ដែរ ព្រោះបើ Eliot មិនបានគិតដូចខ្លួន មិនបានមានអារម្មណ៍ចំពោះខ្លួនដូចដែលខ្លួនមានចំពោះគេ ហើយសើចចំអកអោយខ្លួនវិញនោះខ្លួនច្បាស់ជាត្រូវខ្មាស់គេមិនខាន ។

មិនថាយ៉ាងណាទេអារម្មណ៍នេះមិនអាចអោយ Eliot ដឹងជាដាច់ខាត!

"Kipuka លោកមិនស្រួលត្រង់ណាមែនទេ?" ឃើញ Kipuka ស្ងាត់យំក៏លែងយំទើបគេសួរព្រោះបារម្ភខ្លាចថា Kipuka មិនស្រួលខ្លួន
"គ្មា... គ្មានអីទេ" Kipuka អោនមុខចុះទាំងមានអារម្មណ៍ភិតភ័យខ្លាចថា Eliot ចាប់ថ្នាក់បានព្រោះគេមិនចង់បាក់មុខទេ
"ហេតុអីក៏លោកយំ?" សួរម្ដងទៀតព្រោះមិនអស់ចិត្ត
"ខ្ញុំមិនចង់ញ៉ាំត្រីទៀតទេ ញ៉ាំរាល់ថ្ងៃឡើងត្រលាន់ហើយ" មិនមែនលេសទេ គេពិតជាត្រលាន់និងត្រីដុតនេះពិតមែនព្រោះញ៉ាំរាល់ថ្ងៃ មួយថ្ងៃបីពេលគ្មានអ្វីប្លែកក្រៅពីត្រីទាល់តែសោះ ជាប់ក្នុងព្រៃ 7ថ្ងៃទៅហើយញ៉ាំតែត្រីសោះទៅហើយ! តែការពិតនេះក៏ជួយរំដោះគេមួយគ្រាកុំអោយ Eliot សួរនាំសង្ស័យច្រើនដែរ ។
"សុំទោស Kipuka ខ្ញុំមើលថែរលោកមិនបានល្អ ក្រៅពីត្រីខ្ញុំមិនដឹងថាត្រូវរក..." Eliot និយាយមិនទាន់ចប់នោះទេតែក៏ត្រូវ Kipuka កាត់
"Eliot លោកមើលថែរខ្ញុំបានល្អខ្លាំងណាស់" គេឃើញ Eliot ធ្វើមុខពិបាកចិត្តទើបប្រញាប់និយាយកាត់តែម្ដង ព្រោះគេមិនស្រណុកចិត្តទេនៅពេលឃើញ Eliot បន្ទោសខ្លួនឯងបែបនេះ ។
"លោកយល់ថាអញ្ចឹងឬ?" Eliot ភ្លឹកបន្តិចតែក៏ញញឹមសប្បាយចិត្តព្រោះ Kipuka មិនបានស្ដីបន្ទោស
"តើយើងអាចរកអ្វីផ្សេងញ៉ាំក្រៅពីត្រីបានទេ Eliot?"
"ប្រហែលជា... អាចដាក់អន្ទាក់សត្វព្រៃតូចៗបាន ប៉ុន្តែខ្ញុំគិតថាមិនងាយស្រួលទេ"
"ហេតុអី?"
"ព្រោះខ្ញុំមិនអាចទៅណាឆ្ងាយពីលោកលើសពី 10ម៉ែត្រ លោកក៏ដឹងហើយ"
"បើលោកមិនចង់ក៏ថាទៅ មិនបាច់លើករឿងនេះមកធ្វើជាលេសទេ ហ៊ឹស! ខ្ញុំទ្រាំញ៉ាំត្រីនេះបន្តទៀតក៏បាន" Kipuka ធ្វើមុខអន់ចិត្តព្រោះគិតថា Eliot និយាយគ្រាន់តែជាលេស
"ខ្ញុំមិនដែលកុហកលោកទេ បើលោកមិនជឿចាំស្អែកព្រឹកលោកមើលដោយខ្លួនឯងចុះ ប៉ុន្តែឥឡូវញ៉ាំត្រីនេះសិនទៅព្រោះលោកអត់ញ៉ាំអីមួយថ្ងៃហើយ"
"មិនចង់ញ៉ាំទេ មុននេះវាល្វីងណាស់" Kipuka បោះត្រីក្នុងដៃទៅម្ខាងទាំងងរងក់ បើមុននេះវាល្វីងពិតមែន! តើអោយគេទ្រាំញ៉ាំទាំងល្វីងអញ្ចឹងហ្ហ៎?
"មានល្វីងឯណា រសជាតិនៅតែជាត្រីដដែរតើ" Eliot យកត្រីដែល Kipuka បោះចោលមកភ្លក់មើលឃើញថាវាមិនបានល្វីងដូចដែល Kipuka ថានោះទេ តើអាចមកពី Kipuka ត្រលាន់ត្រីពេកមែនទេទើបបានជាថាល្វីង?
"កុហក! មុននេះខ្ញុំញ៉ាំវាល្វីងច្បាស់ណាស់!" Kipuka តវ៉ាទាំងមិនពេញចិត្ត
"សាកញ៉ាំរបស់ខ្ញុំវិញទៅមើលនៅល្វីងទៀតទេ? ម៉ោះចាំខ្ញុំបញ្ចុក" ឃើញ Kipuka នៅតែអះអាងថាត្រីនោះល្វីងដូច្នេះគេក៏មិនហ៊ានជំទាស់ទៀតដែរ អញ្ចឹងហើយមានតែសាកល្បងបេះត្រីដែលនៅក្នុងដៃរបស់ខ្លួនដែលជាកម្មសិទ្ធិរបស់ខ្លួនទៅបញ្ចុក Kipuka ប៉ុណ្ណោះ គេធ្វើយ៉ាងណាត្រូវតែលួងលោមអោយអ្នកនៅចំពោះមុខ ញ៉ាំអោយបានព្រោះគេអត់បានញ៉ាំអីមួយថ្ងៃហើយ បើបែបនេះម៉េចនឹងឆាប់ជានោះ?

"យ៉ាងម៉េចដែរ? ល្វីងឬអត់?" ព្រោះតែ Eliot បេះត្រីបញ្ចុកទៅហើយ Kipuka ក៏ព្រមញ៉ាំ ហើយបន្ទាប់ពីឃើញ Kipuka ទំពារសាច់ត្រីក្ញាក់ៗទើបសួរឡើងដោយចង់ដឹង ។
"ចម្លែកណាស់! ហេតុអីក៏ត្រីរបស់លោកផ្អែមអញ្ចឹង? ត្រីដែលខ្ញុំញ៉ាំមុននេះល្វីងណាស់មិនផ្អែមអញ្ចឹងទេ" គេធ្វើមុខឆ្ងល់បន្ទាប់ពីទំពារលេបសាច់ត្រីដែល Eliot បញ្ចុកហើយឃើញថាផ្អែមមិនបានល្វីងដូចដែលគេញ៉ាំដោយខ្លួនឯងមុននេះនោះទេ ។
"បើអញ្ចឹងចាំខ្ញុំបញ្ចុកលោកបន្ត" Eliot ញញឹមខ្ចឹបពេលដែលទទួលបានចម្លើយពី Kipuka
"អ្ហឹម..." គេក្រហឹមក្នុងបំពង់កងក់ក្បាលយល់ព្រមអោយ Eliot បេះសាច់ត្រីបញ្ចុក ព្រោះត្រីស្នាដៃរបស់ Eliot គឺផ្អែមឆ្ងាញ់ហើយក្លិនក៏ឈ្ងុយដែរ ។

បរិយាកាសអួលអាប់ប៉ុន្មានម៉ោងមុន ប្រែមកជាពណ៌ស៊ីជម្ពូរភ្លាមៗតែម្ដង តើនេះឬដែលគេហៅថាឥទ្ធិពលនៃស្នេហ៍? ពេលឈ្លោះគ្នាវាក៏មានរសជាតិល្វីងជូរចត់ តែពេលត្រូវគ្នាវិញកាលណាថ្នាំប៉ារ៉ាក៏ប្រហែលជាផ្អែមដែរមើលទៅ...

-----

ព្រឹកព្រលឹមនាថ្ងៃថ្មីរស្មីព្រះអាទិត្យជះពន្លឺភ្លឺស្រាងៗបំភ្លឺទ្វីបលោកទៅតាមទម្លាប់ មនុស្សម្នា និងសត្វគ្រប់អាត្មាក៏ចាប់ចេញដំណើររកស៊ីទៅតាមទម្លាប់ដូចគ្នាដែរ ។

"Eliot លោកធ្វើអីហ្នឹង? លើកខ្ញុំទៅណា?" Kipuka ដែលកំពុងតែដេកស្រាប់តែភ្ញាក់ក្រញាង ព្រោះដេកសុខៗត្រូវ Eliot ចាប់បីមិនដឹងថានាំទៅណា ។
"ហ្ហ៎ា... ភ្ញាក់ហើយ? ខ្ញុំគិតថាចង់ទៅរកវល្លិ៍ខ្លះដើម្បីដាក់អន្ទាក់សត្វ" Eliot ភ្ញាក់បន្តិចនៅពេលលឺ Kipuka សួរ គេខំងើបតាំងពីព្រលឹមងងឹតព្រោះមិនចង់អោយ Kipuka ភ្ញាក់ ខំបីថ្នមៗបំណងថាចង់ទៅរកវល្លិ៍មកធ្វើអន្ទាក់ដាក់សត្វ តែមិននឹកស្មានថាលើកនេះគ្រាន់តែចាប់បីផុតពីដី Kipuka ក៏ភ្ញាក់បើកភ្នែកក្រឡោតៗសោះ ។
"ទៅរកវល្លិ៍ក៏ចាំបាច់ត្រូវយកខ្ញុំទៅដែរឬ? ទុកអោយខ្ញុំដេកសម្រាកអោយបានស្រួលម្ដងទៅមើល! ហេតុអីក៏ទៅណាត្រូវយកខ្ញុំទៅតាមរហូតអញ្ចឹង? មិនចេះហត់ខ្លះទេហ្ហី?" Kipuka រអ៊ូរទាំទាំងធុញទ្រាន់
"ប្រាប់ហើយតើថាទៅណាឆ្ងាយពីលោកមិនបានលើសពី 10ម៉ែត្រ!"
"កុំមកបោកខ្ញុំ!"
"ក៏បាន! ឥឡូវលោកនៅទីនេះហើយចាំមើលខ្លួនឯងទៅថាពិតឬមិនពិត!" Eliot ដាក់ Kipuka ចុះហើយដើរតាំងៗទៅបាត់ដើម្បីអោយ Kipuka មើលនឹងភ្នែកតែម្ដងទៅថាខ្លួនកុហកឬមិនកុហក ។

ហើយវាក៏ដូចអ្វីដែលគេនិយាយពិតមែន...
លើសពី 10ម៉ែត្រត្រឹមតែ 2-3ជំហានប៉ុណ្ណោះគេក៏ត្រូវស្រូបទាញអោយត្រឡប់មកវិញ ហាក់ដូចជាត្រូវបាន Teleport អោយត្រឡប់មកកន្លែងដើមយ៉ាងអញ្ចឹង ។

"នេះ... អ្វីដែលលោកនិយាយគឺជាការពិត?" Kipuka ចាប់ផ្ដើមភ័យស្លេកមុខនៅពេលឃើញបែបនេះ ព្រោះតាំងពីដើមមកគេមិនដែលគិតថារឿងនេះគឺជាការពិតនោះទេ ។

"ម៉ែអ្ហើយ! មានរឿងឆ្កួតស្អីកើតឡើងហ្នឹង?" Kipuka ទះខ្លួនឯង 2-3ដៃព្រោះខ្លាចថាគេកំពុងតែយល់សប្តិ តែមិនថាទះយ៉ាងណាទេ ការពិតវានៅតែជាការពិត ភាពឈឺចាប់នៅលើថ្ពាល់បញ្ជាក់ថាគេពិតជាមិនបានសុបិន្ត ។
"យ៉ាងម៉េចពេលនេះជឿទេ?" Eliot ឈរច្រត់ចង្កេះសួរដោយគ្រឿតខ្នាញ់ ហ្នឹងហើយគេប្រាប់ច្រើនដងហើយមិនជឿទេគិតថាគេបោក ឥឡូវពេលឃើញផ្ទាល់មកធ្វើមុខភ័យស្លន់ស្លោអីបែបនេះ! ចង់តែចាប់ក្រញិច! មនុស្សអីគួរអោយស្រលាញ់សូម្បីតែពេលភ័យ ។
"..." មិនមានចម្លើយឆ្លើយតបគេបានត្រឹមតែធ្វើមុខស្លើៗប៉ុណ្ណោះ ព្រោះនៅមិនទាន់ទម្លាប់ដែលទទួលយកអ្វីដែលខ្លួនបានឃើញនេះថាជាការពិត បើអាចគេចង់ដេកវិញ សុខចិត្តដេកលក់ហើយកុហកខ្លួនឯងថាយល់សប្តិវាប្រហែលជាអាចនឹងល្អជាង ។

ចាប់តាំងពីថ្ងៃដែល Kipuka ឃើញផ្ទាល់នឹងភ្នែកថា Eliot ពិតជាមិនអាចទៅណាឆ្ងាយពីគេលើសពី 10ម៉ែត្របានពិតមែន គេក៏លែងរអ៊ូរទាំតទៅទៀតរាល់ពេលដែលត្រូវចេញទៅរកសត្វព្រៃ ។ គេក៏ទទួលស្គាល់ថាពេលវេលាដែលបាននៅក្បែរៗ Eliot គឺជាពេលដ៏រីករាយបំផុត ទោះបីជានៅឆ្ងល់ នៅសង្ស័យ នៅមិនទាន់យល់ពីមូលហេតុដែលធ្វើអោយ Eliot បែកពីគេមិនបានក៏ពិតមែន តែវាក៏ល្អព្រោះពួកគេអាចចំណាយពេលរីករាយជាមួយគ្នា ស្និទស្នាលគ្នា យល់ពីគ្នាបានច្រើនជាងមុន ។

ប៉ុន្តែ~

ប្រសិនបើពួកគេចេញផុតពីព្រៃនេះ...
ហើយត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញ...
តើរឿងគ្រប់យ៉ាងនឹងត្រឡប់ទៅដូចដើមវិញដែរទេ?

ព្រោះ~

តាំងពីដើមមក...
ពួកគេមិនដែលស្គាល់គ្នាទេ...
ពួកគេរស់នៅរៀងខ្លួន...

ប្រហែលជា...

<<ខ្ញុំគួរតែហាមខ្លួនឯងមិនអាចអោយខ្លួនឯងមានអារម្មណ៍ល្អជាមួយគេបានទៀតទេ ព្រោះខ្ញុំអាចនឹងឈឺចាប់ប្រសិនបើ... គេមិនបានគិតដូចខ្ញុំ ព្រោះប្រហែលជាទេវតាគ្រាន់តែចង់ការពារខ្ញុំទើបបានជាខ្ញុំនឹងគេមិនអាចទៅណាឆ្ងាយគ្នាបាននៅក្នុងព្រៃនេះ ដូច្នេះហើយបន្ទាប់ពីចេញពីទីនេះ ពួកយើងប្រហែលជាមិនអាចសូម្បីតែជួបគ្នាផង... Kipuka យល់ល្អឯងកុំស្និតស្នាលជាមួយគេពេកអី វាមិនល្អទេបើគេដឹងថាឯងជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយគេអាចនឹងខឹងស្អប់ឯងដែលឯងលួចមានអារម្មណ៍ល្អលើគេផងក៏ថាបាន...>>

រឿងល្អៗវាគួរតែបញ្ចប់ត្រឹមនឹងហើយត្រូវទេ?

ក៏ប៉ុន្តែ...

<<មិនអីទេមែនទេបើខ្ញុំគ្រាន់តែចង់ចំណាយពេលដែលនៅសេសសល់ធ្វើរឿងល្អៗជាមួយគ្នានោះ? យ៉ាងណាក៏ដោយពេលដែលពួកយើងបែកគ្នា យើងក៏នឹងនៅមានការចងចាំល្អៗជាមួយគ្នា វាប្រសើរជាងដែលត្រូវឃុំឃាំងខ្លួនឯង បង្ខំខ្លួនឯងអោយប្រឆាំងជាមួយតម្រូវការបេះដូង យ៉ាងហោចណាស់ក៏ខ្ញុំអាចទទួលបានក្ដីសុខគ្រប់គ្រាន់មុនពេលបែកគ្នាដែរត្រូវទេ?>>

Kipuka ដើរក្បែរ Eliot ទាំងគិតពិចារណាជជែកវែកញ៉ែកតែឯងៗ ចិត្តមួយចង់នៅអោយឆ្ងាយៗពី Eliot មិនចង់ស្និតស្នាលតទៅទៀតព្រោះខ្លាចខ្លួនឯងនឹងលង់ជ្រៅជាងនេះ ។ តែចិត្តមួយទៀតវិញប្រឆាំងទាមទារចង់នៅក្បែរ ចង់ស្និតស្នាល ព្រោះទោះជាគេហាមបេះដូងរបស់ខ្លួនឯងចុះវាយ៉ាងម៉េច? គេអាចហាមបេះដូងមិនអោយចូលចិត្ត Eliot បានឬ? តើត្រូវប្រឹងហាមខ្លួនឯងនាំតែវេទនាផ្លូវចិត្តធ្វើអីទៀតបើគេចូលចិត្ត Eliot បាត់ទៅហើយហ្នឹង? ជាជាងត្រាំត្រែងជាមួយភាពឈឺចាប់ ជាជាងជ្រើសរើសបិទបេះដូងមិនអោយរីករាយពេលនៅក្បែរ ហេតុអីក៏មិនព្រមទទួលយកអារម្មណ៍រីករាយ រសជាតិនៃស្នេហាមួយពេលនេះតែម្ដងទៅ? មិនថាទោះជាគេនឹងចូលចិត្ត Eliot ឬក៏អត់នោះទេ! ពេលវេលាមកដល់គេនៅតែត្រូវបែកគ្នាដដែល! អញ្ចឹងហើយជ្រើសរើសបែកទាំងបន្សល់ទុកនូវការចងចាំល្អៗ ភាពផ្អែមល្ហែម វាមិនល្អជាងទេមែនទេ?

ឥឡូវនេះគេនឹងជ្រើសរើស~

<<ស្រលាញ់គេតែម្នាក់ឯង>>

"Kipuka លោកហត់មែនទេ? បើហត់សម្រាកសិនល្អទេ?" Eliot គេតែងតែលួចសង្កេតមើល Kipuka រហូតចាប់តាំងពីពួកគេនាំគ្នាដើរឡើងភ្នំមកម្ល៉េះ គេឃើញ Kipuka ដូចជាភ្លឹកៗមិនសូវនិយាយស្ដីមុខស្មើរៗទើបសួរព្រោះខ្លាច Kipuka ហត់ ។

ថ្ងៃនេះជាថ្ងៃទី 12ហើយដែលពួកគេជាប់ក្នុងព្រៃ ហើយវាជាថ្ងៃទី2 ហើយដែលពួកគេធ្វើដំណើរឡើងតាមជម្រាលភ្នំដើម្បីត្រឡប់ទៅវិញ ដូច្នេះហើយ Kipuka អាចនឹងហត់ហើយព្រោះគេនៅមិនទាន់ជាសះស្បើយទាំងស្រុងទេ ។

"អ្ហឹម... មិនបាច់ទេមេឃជិតងងឹតហើយពួកយើងត្រូវប្រញាប់រកកន្លែងសម្រាកសម្រាប់យប់នេះសិន ព្រោះបើមេឃងងឹតនឹងពិបាកហើយ" Kipuka បដិសេធមិនព្រមឈប់សម្រាកទេ ព្រោះគេឃើញថាមេឃចាប់ផ្ដើមងងឹតទៅហើយដូច្នេះទើបចង់ធ្វើដំណើរបន្ត ដើម្បីរកកន្លែងមានសុវត្តិភាពសម្រាកផង ។
"អញ្ចឹងឡើងលើខ្នងខ្ញុំមកខ្ញុំអៀវ" Eliot បន្ទន់ខ្លួនចុះបន្តិចដើម្បីអោយ Kipuka ឡើងជិះលើខ្នងរបស់គេ
"ឆ្កួត! លោកមិនមើលទេអីថាទីនេះសុទ្ធតែថ្មហើយជាជម្រាលចោតខ្លាំងប៉ុណ្ណា? កុំថាឡើយដល់អៀវមនុស្សសូម្បីតែដើរខ្លួនទទេនៅទប់លំនឹងខ្លួនមិនចង់ជាប់ផង!" Kipuka ច្រត់ចង្កេះសម្លក់មុខ Eliot ដោយគ្រឿតខ្នាញ់ ដឹង! ថាខ្លាចគេហត់ហើយទើបចង់ជួយគេបែបនេះនោះ ប៉ុន្តែគួរតែមើលស្ថានភាពផង ។

នៅទីនេះសុទ្ធតែថ្មហើយមិនមែនថ្មធំៗដែលមាំមិនរង្គើឯណា! នេះសុទ្ធតែជាកូនថ្មតូចៗប៉ះបន្តិចក៏រង្គើ មិនប្រយ័ត្នច្បាស់ជារមៀលធ្លាក់ចុះទៅវិញមិនខាន ហើយថែមទាំងចោតទៀតមិនមែនធម្មតាឯណា! ចុះបើក្រឡាច់ជើងរអិលធ្លាក់ទៅក្រោមម្ដងទៀតនោះគិតយ៉ាងម៉េច? លើកនេះអាចនឹងមិនមានសំណាងដូចលើកមុនក៏ថាបាន ព្រោះពួកគេកំពុងតែឆ្លងកាត់តំបន់មានថ្មច្រើន បើធ្លាក់ទៅមានតែផ្លូវពីរប៉ុណ្ណោះគឺស្លាប់ និងពិការ ។ ហើយបើអ្នកពិការគ្មានអ្នកណាមកសង្គ្រោះទាន់ទេគឺនឹងស្លាប់ដូចគ្នា ដូច្នេះស្ថានភាពពេលនេះមិនអាចចេះតែប្រថុយប្រថានបាននោះទេ ។

"ខ្ញុំ... ខ្ញុំគ្រាន់តែខ្លាចលោកហត់" Eliot ទម្លាក់មុខចុះបន្តិច តើម្ដងទៀតហើយមែនទេ? គេធ្វើអោយ Kipuka ខឹងទៀតហើយមែនទេ?
"ជុប... ខ្ញុំមិនបានបន្ទោសលោកទេកុំធ្វើមុខអញ្ចឹងអី ចាំផុតថ្មនេះចាំអៀវខ្ញុំ Ok ទេ?" ឃើញ Eliot ទម្លាក់មុខចុះបែបនេះ Kipuka ដឹងថា Eliot ច្បាស់ជាភ័យខ្លាចថាគេនឹងខឹងទៀតមិនខាន ទើបលួងលោមដោយលោទៅថើបថ្ពាល់ស្អាតបន្តិច ។
"បា...បាទ" Eliot ញញឹមអៀនឡើងមុខក្រហមពេលដែលត្រូវ Kipuka ថើបបែបនេះ គេសប្បាយចិត្តដែលមុននេះ Kipuka មិនបានខឹងគេ ។
"តោះឆាប់បន្តដំណើរទៅមុខទៀតទៅ យើងត្រូវប្រញាប់ឆ្លងអោយផុតភ្នំថ្មនេះមុនថ្ងៃលិច" ឃើញ Eliot ញញឹមសប្បាយចិត្តបែបនេះគេចង់តែចាប់ថើបអោយណាណីទេ តែមិនអាចពន្យាពេលបានទៀតទេ ព្រោះថ្ងៃរៀបលិចហើយ ។

បើចេញមិនផុតពីតំបន់ភ្នំថ្មនេះទេ ពួកគេនឹងពិបាករកកន្លែងសម្រាក ព្រោះពួកគេមិនអាចធ្វើដំណើរក្នុងស្ថានភាពងងឹតបាននោះទេ ដោយសារឧបករណ៍បំភ្លឺផ្លូវបានបាត់តាំងពីថ្ងៃដែលពួកគេធ្លាក់ជ្រោះនេះម្ល៉េះ ។

ដូច្នេះហើយដើម្បីសុវត្តិភាពនៅមុនពេលមេឃងងឹតទាំងស្រុង គឺពួកគេនឹងត្រៀមកន្លែងសម្រាករួចជាស្រេច ដោយមានរៀបចំដុតភ្នួកភ្លើងការពារសត្វព្រៃមកក្បែរ និងស្បៀងអាហារ ទឹកសម្រាប់ផឹក ក៏រៀបចំមុនជាស្រេចមុនពេលយប់ងងឹតដែរ ។ ព្រោះតែបែបនេះហើយទើបការធ្វើដំណើរចំណាយពេលយូរ ព្រោះគេមិនអាចធ្វើដំណើរពេលយប់បាន ហើយត្រូវចំណាយពេលងើបតាំងពីព្រកព្រលឹមដើម្បីរកស្បៀង និងទឹក ។ ថ្ងៃខ្លះគ្រាន់តែរកស្បៀង និងទឹកក៏ត្រូវខាតពេលចង់កន្លះថ្ងៃទៅហើយទម្រាំបានចេញដំណើរ ហើយស្ថានភាពផ្លូវក៏មិនស្រួលនោះដែរព្រោះពួកគេត្រូវដើរឡើងភ្នំ កាត់ព្រៃ កាត់ស្មៅ កាត់ថ្ម កាត់គ្រួស ព្រោះស្ថានភាពដីភ្នំវាតែងតែប្រែប្រួលទៅតាមតំបន់ផ្សេងៗ កន្លែងខ្លះក៏ជាថ្ម កន្លែងខ្លះក៏ជាខ្សាច់ ។ល។

*Note: ខ្ញុំសុំអធ្យាស្រ័យបើសិនជាអ្នកទាំងអស់គ្នាអានមិនយល់កន្លែងណាមួយ ព្រោះ Part នេះគឺរៀបរាប់ពីការធ្វើដំណើរនៅលើភ្នំ ហើយសម្រាប់អ្នកមិនធ្លាប់ឡើងភ្នំប្រហែលជាពិបាកយល់បន្តិច ។ ខ្ញុំព្យាយាមចង់ពន្យល់លម្អិតដែរប៉ុន្តែអាចនឹងថាពិបាកក្នុងការរៀបរាប់បន្តិច អញ្ចឹងហើយដើម្បីអោយងាយខ្ញុំនឹងនិយាយថា "ដីភ្នំវាមិនដូចគ្នាទេ ទោះបីភ្នំតែមួយក៏ដោយ បើយើងមើលពីចម្ងាយយើងនឹងឃើញថាភ្នំមានតែដើមឈើធំៗទេ ហើយគ្រាន់ខ្ពស់ត្រង់ស្លូ៊មិនខាន ប៉ុន្តែជាក់ស្ដែងវាមិនមែនបែបនេះទេ ភ្នំដ៏ធំមួយមិនមែនមានតែដើមឈើនិងខ្ពស់ស៊្លូទេ ព្រោះវាមានតំបន់ខ្លះក៏រៀបស្មើរ ហើយតំបន់ខ្លះក៏សម្បូរថ្មធំៗ តំបន់ខ្លះក៏មានតែប្រភេទថ្មផុ យៗ តំបន់ខ្លះមានស្មៅតូចៗ តំបន់ខ្លះមានទឹកជ្រោះ តំបន់ខ្លះមានអូរ ហើយខ្លះក៏មានបឹងតូចៗផងដែរ ដូច្នេះហើយបើមានមនុស្សធ្លាក់ពីលើភ្នំនោះនឹងមិនរមៀលធ្លាក់ទៅដល់បាតភ្នំតែម្ដងទេ ព្រោះគេអាចទើរនៅត្រង់ណាមួយ ព្រោះភ្នំគឺមានកន្លុកកន្លៀតច្រើន" បែបនេះសង្ឃឹមថាយល់ណា? ហិហិ^^ ហើយកុំសួរថីបានខ្ញុំដូចជាដឹងពីភ្នំច្រើន? ព្រោះខ្ញុំកើតនៅតំបន់ភ្នំ ហើយខ្ញុំចូលចិត្តឡើងភ្នំហ៊ុហ៊ុ3*

Bạn đang đọc truyện trên: Truyen3h.Co