31. Hand Drip
វគ្គ 31
ឌឹបៗ ឌឹបៗ...
សម្លេងចង្វាក់បេះដូងលោត...
លោតញ៉ាប់ណាស់...
លោតដោយរំភើប...
ចង់ដឹងណាស់ថាតើ Eliot មានបានស្ដាប់លឺដែរទេណ៎?
"Kipuka? Kipuka...! Kipuka...!" ឃើញ Kipuka អង្គុយភ្លឹកមួយសន្ទុះទៅហើយ ទើប Eliot ហៅហើយក៏អង្រួនតិចៗ
"អ្ហ៎ា!!!" Kipuka ភ្ញាក់ធ្វើអោយរបូតពែងកាហ្វេដែលនៅក្នុងដៃធ្លាក់បែកខ្ចាយ
"Kipuka លោកកើតអី? មិនស្រួលខ្លួនមែនទេ?" ឃើញ Kipuka មើលទៅដូចជាភ្លឹកៗភាំងៗញ័រដៃញ័រជើងធ្វើអីមិនត្រូវបែបនេះ Eliot ក៏ស្ទុះទៅចាប់ដៃសួរទាំងបារម្ភ ។
តិចលោកាហ្វេនេះចាស់ពេកទេដឹងទើបបានជាផឹកហើយញ័រដៃជើងបែបនេះ? ឬក៏ Kipuka មានប្រតិកម្មខ្លាំងជាមួយជាតិកាហ្វេអ៉ីន? ឬក៏មកពីគេទើបតែចាប់ផ្ដើមផឹកកាហ្វេទើបប្រព័ន្ធប្រសាទក្នុងរាងកាយរំញោចជាមួយសារជាតិកាហ្វេអ៉ីនខ្លាំងខុសពីធម្មតាពេក? ត្រូវហើយ! គេមិនគួរបង្ខំអោយ Kipuka ផឹកកាហ្វេក្ដៅបែបនេះទេ ព្រោះ Kipuka ទើបតែរៀនផឹកកាហ្វេជាលើកដំបូង! ធម្មតាសម្រាប់អ្នកដែលមិនធ្លាប់ផឹកកាហ្វេសោះពេលដែលចាប់ផ្ដើមផឹកកាហ្វេនោះរាងកាយនឹងបញ្ចេញប្រតិកម្ម ចំពោះសារជាតិកាហ្វេអ៉ីនរបស់កាហ្វេ ព្រោះវាអាចជាសារជាតិថ្មីមួយដែលខួរក្បាលមិនធ្លាប់បានស្គាល់ពីមុនសោះ ។ បែបនេះហើយទើបធ្វើអោយប្រព័ន្ធប្រសាទមានរំញោចជាមួយសារជាតិនេះខ្លាំងដែលធ្វើអោយរាងកាយញ័រ បេះដូងលោតញ៉ាប់ ថប់ដង្ហើម ឈឺក្បាល ឬវិលមុខចង់ក្អួតជាដើម ព្រោះតែខួរក្បាលនៅមិនទាន់សាំជាមួយរសជាតិថ្មី ។ Kipuka អាចនឹងប្រតិកម្មដោយសាររំញោចនៃប្រព័ន្ធប្រសាទចំពោះជាតិកាហ្វេអ៉ីនខ្លាំងក៏ថាបាន!
"មិនអីទេ...ខ្ញុំ...អឺ...ខ្ញុំគ្រាន់តែភ្លេចខ្លួនបន្តិចប៉ុណ្ណោះ" Kipuka ងើបមុខសម្លឹងមើល Eliot ដែលមើលមកគេដោយក្រសែរភ្នែកព្រួយបារម្ភ ឆ្លើយតបទាំងញ័រមាត់ ។
តើមុននេះមានរឿងអ្វីកើតឡើង? តើ Eliot បានសារភាពស្នេហ៍មែនទេ? ហេតុអីក៏មានអារម្មណ៍ថាល្ហរល្ហេវបែបនេះទៅវិញ? វាគួរតែកក់ក្ដៅ គួរតែរំភើប ហើយគួរតែ Romantic តើមានអ្វីមួយខុសប្រក្រតីមែនទេ?
"មុន...មុននេះលោកមានបាននិយាយអ្វីជាមួយខ្ញុំទេ?" Kipuka សួរទាំងមានអារម្មណ៍មិនស្ងប់ចិត្ត បែងចែកមិនទាន់ដាច់ថាមុននេះជាការពិត ឬជាការស្រមើស្រមៃ ។
ប៉ុន្តែអារម្មណ៍ល្ហរល្ហេវបែបនេះវាគួរតែជាការស្រមៃហើយ...
"ខ្ញុំហៅលោកជាច្រើនដងប៉ុន្តែលោកនៅស្ងៀមមិនតបទាល់តែសោះ មានរឿងអ្វីមែនទេ? ឬក៏មិនស្រួលត្រង់ណា?" Eliot នៅតែសួរនាំជាមួយទឹកមុខពេញដោយការបារម្ភ អាការៈភ្លឹកៗភាំងៗបែបនេះច្បាស់ជាបណ្ដាលមកពីកាហ្វេមិនខាន គេគួរតែធ្វើភេសជ្ជៈអ្វីផ្សេងសម្រាប់ Kipuka ហើយទើបបាន ។
"មុននេះជាការស្រមៃមែនទេ?" Kipuka ខ្សឹបសួរខ្លួនឯងតិចៗទាំងសង្ស័យ តើជាការស្រមៃឬក៏ជាការពិត? បែងចែកមិនទាន់ដាច់ទាល់តែសោះ បើជាការស្រមៃហេតុអីក៏ដូចជាការពិតម្ល៉េះ? ហើយចុះបើជាការពិតហេតុអីក៏មានអារម្មណ៍ថាខ្វះអ្វីម៉្យាងបែបនេះ?
"បាទ?" Eliot ស្ដាប់លឺខ្សេវៗមិនដឹងថា Kipuka និយាយអ្វីទើបខំផ្ទៀងសួរ មុននេះ Kipuka និយាយអ្វី? ស្រមៃ? ស្រមៃអីគេ?
"គ្មានអីទេ ខ្ញុំសួរខ្លួនឯងប៉ុណ្ណោះ" Kipuka ប្រញាប់សម្រួលអារម្មណ៍ខ្លួនឯងអោយត្រឡប់មកដូចដើមវិញ ដើម្បីកុំអោយ Eliot សង្ស័យច្រើន ។
តាមពិតទៅគ្រប់យ៉ាងគ្រាន់តែជាការស្រមៃទាល់តែសោះ! Eliot មិនបានសារភាពអ្វីចំពោះគេទេ ត្រូវហើយ! Eliot ម៉េចនឹងអាចនិយាយពាក្យស្រលាញ់ស្រួលៗបែបនេះនោះ? គេសុខចិត្តស្លាប់ក៏មិនយកឯងដាក់ក្នុងបេះដូងដែរ Kipuka អើយ! គ្រាន់តែជា Hot Latte មានរូបបេះដូងសោះក៏រវើរវាយដូចឆ្កួតទៅហើយ? នេះស្រលាញ់គេម្នាក់ឯងឡើងឡប់សតិទៅហើយហ្ហីនៀក?
"អង្គុយទីនេះហើយ ចាំខ្ញុំធ្វើអីផ្សេងអោយលោកផឹកបន្សាបជាតិកាហ្វេអ៉ីន ព្រោះលោកញ័រដៃខ្លាំងណាស់" Eliot ក្រោកឈរពេញកម្ពស់យកអំបោសមកបោសសម្អាតកម្ទេចពែងដែលបែក ជូតសម្អាតរួចរាល់ ក៏ដើរទៅ Counter ដើម្បីធ្វើភេសជ្ជៈបន្សាបជាតិស្រវឹង ភេសជ្ជៈប្រភេទនេះវាអាចជួយកាត់បន្ថយជាតិកាហ្វេអ៉ីនរបស់កាហ្វេបានដូចគ្នា ។
Kipuka អង្គុយសម្លឹងមើល Eliot ស្ងៀមៗមិនមាត់មិនក មានអារម្មណ៍ថាញ៉ាប់ញ័របុកដើមទ្រូង ចង្វាក់បេះដូងលោតញ៉ាប់ ញ័រដៃញ័រជើង ក៏ប្រហែលជាមកពីកាហ្វេពិតមែនទេដឹង? ប៉ុន្តែកាហ្វេមុននេះពិតជាឆ្ងាញ់ខ្លាំងណាស់ រសជាតិផ្អែម និងក្លិនឈ្ងុយនៅជាប់មាត់គេនៅឡើយទេ មិនសមសោះដែលមុននេះត្រឹមជាការស្រមៃ!
"ផឹកអានេះសិនទៅ... ទឹកឃ្មុំក្រូចឆ្មា ជាមួយជីអង្កាម វាអាចជួយអោយលោកមានអារម្មណ៍ល្អជាងមុន សុំទោសខ្ញុំភ្លេចគិតថាលោកមិនធ្លាប់ផឹកកាហ្វេ ខ្ញុំគួរតែប្រើ អារ៉ាប៊ីកា សុទ្ធឬក៏ធ្វើកាហ្វេខ្ចីជាងនេះសម្រាប់លោកទើបមិនធ្វើទុក្ខ" Eliot ដើរមកដាក់ខ្លួនអង្គុយកន្លែងដើម និងហុចភេសជ្ជៈថ្មីមួយកែវទៅអោយ Kipuka រៀបរាប់ទាំងដឹងកំហុស ជាសំណាងដែលបានយកជីអង្កាម ទឹកឃ្មុំ និងក្រូចឆ្មាមកតាមខ្លួន!
"តាមពិតទៅកាហ្វេមុននេះឆ្ងាញ់ខ្លាំងណាស់ ពិតជាគួរអោយស្ដាយ..." Kipuka ទទួលយកភេសជ្ជៈដែល Eliot ហុចអោយយកមកក្រេបបន្តិច ទាំងទឹកមុខស្រងូតស្រងាត់ព្រោះស្ដាយស្រណោះកាហ្វេដែលបានធ្វើអោយធ្លាក់បែកមុននេះ អារម្មណ៍នៅតែវិលវល់នៅឡើយ ។
"មិនអីនោះទេ លោកនៅមិនទាន់ស៉ាំជាមួយជាតិកាហ្វេអ៉ីនមិនបាច់ញ៉ាំច្រើនពេកទេ ចាំស្អែកចាំខ្ញុំធ្វើថ្មីអោយលោក ខ្ញុំនឹងធ្វើកាហ្វេ Hand Drip សម្រាប់លោក កាហ្វេ Hand Drip ស្រាលជាងកាហ្វេម៉ាស៊ីន ដូច្នេះលោកអាចញ៉ាំបានមិនធ្វើទុក្ខទេ កាហ្វេ Hand Drip ជាកាហ្វេដែលខ្ញុំចូលចិត្តជាងគេ ខ្ញុំធានាថាលោកក៏នឹងចូលចិត្តវាផងដែរណា" ឃើញ Kipuka ដូចជាសោកសៅមើលទៅទំនងជាស្ដាយកាហ្វេដែលគេធ្វើអោយហើយមើលទៅ ទើប Eliot នឹកឃើញថានឹងធ្វើកាហ្វេមួយប្រភេទទៀតដែលស្រាលស្រទន់ សម្រាប់ Kipuka តែម្ដង ។
កាហ្វេ Hand Drip ជាកាហ្វេមួយប្រភេទដែលអ្នកមិនចេះផឹកកាហ្វេក៏អាចផឹកបាន វាមានក្លិនឈ្ងុយខ្លាំង រសជាតិស្រាលស្រទន់ និងផ្អែមជាប់មាត់ បើបានផឹកហើយនឹងជាប់ចិត្តដិតអារម្មណ៍លង់ស្នេហ៍កាហ្វេ ងើបមុខមិនរួចជាមិនខានទេ ។
"Hand Drip ហ្ហ៎េស? ខ្ញុំមិនដែលលឺកាហ្វេប្រភេទនេះពីមុនមកទេ តើអាចធ្វើឥឡូវនេះតែម្ដងបានទេ? ខ្ញុំចង់ដឹងថាកាហ្វេដែលលោកចូលចិត្តមានរសជាតិបែបណា!" Kipuka ចាប់អារម្មណ៍ភ្លាមលើកាហ្វេដែល Eliot លើកឡើង រហូតដល់ទ្រាំចាំដល់ស្អែកមិនបានទេ! កាហ្វេនេះប្រហែលជាឆ្ងាញ់ណាស់ហើយបានជា Eliot ចូលចិត្តខ្លាំងបែបនេះនោះ អញ្ចឹងហើយត្រូវតែសាកឥឡូវនេះតែម្ដងមិនបាច់ចាំស្អែកទេ!
ស្អប់ការរងចាំ!
"លោកមិនទាន់ស៉ាំជាមួយកាហ្វេទេកុំប្រញាប់ពេកអីចាំស្អែកទៅ" Eliot ញញឹមស្រាលហួសចិត្តនៅពេលឃើញ Kipuka ចិត្តក្ដៅបែបនេះ!
កាហ្វេធ្វើទុក្ខនៅញ័រដៃមិនទាន់បាត់ផង ឥឡូវចង់សាកកាហ្វេថ្មីទៅហើយ?
"មិនអីទេ! ខ្ញុំចង់សាកឥឡូវមិនអាចចាំស្អែកបានទេ!" Kipuka ដាក់កែវទឹកជីអង្កាមចុះតវ៉ាចង់សាកកាហ្វេថ្មីថ្ងៃនេះអោយទាល់តែបាន!
ស៉ាំមិនស៉ាំអី! កាហ្វេតែត្រូវពុលវាពុលហើយ! បើជ្រុលជាពុលទៅហើយពុលថ្ងៃនេះតែម្ដងបានហើយ ចាំបាច់លើកទៅស្អែកអោយពុលច្រើនដងធ្វើអី?
"ខ្ញុំថាកុំអីណា តិចលោយប់នេះដេកមិនលក់?" Eliot នៅតែមិនដាច់ចិត្ត បើសម្រាប់គេអាចនឹងមិនជាបញ្ហារទេគេអាចផឹកកាហ្វេមួយថ្ងៃពេញក៏មិនអីដែរ តែ Kipuka មិនធ្លាប់ផឹកកាហ្វេបែបនេះបើផឹកច្រើនពេកមិនត្រឹមតែធ្វើទុក្ខពិបាកក្នុងខ្លួនទេ ថាមិនត្រូវយប់ឡើងអាចនឹងដេកមិនលក់ក៏ថាបាន ។
បើដឹងថា Kipuka ចិត្តក្ដៅចង់ដឹង ចង់ឃើញ ចង់សាករបស់ថ្មីបែបនេះ នឹងមិននិយាយនោះទេ!
"ខ្ញុំថាមិនអីគឺមិនអីហើយ! លោកត្រូវតែជឿខ្ញុំ ខ្ញុំខ្លួនឯងខ្ញុំស្គាល់ខ្លួនឯងច្បាស់!" Kipuka ប្រកែកពេញដោយភាពជឿជាក់ ពើងទ្រូងបង្ហាញអោយ Eliot ឃើញថាខ្លួនមានទំនុកចិត្តលើខ្លួនឯងពេញទំហឹង!
Eliot មិនបាច់ភ័យទេចាំតែព្រួយទៅ!
"បាទ...អញ្ចឹងយប់នេះបើដេកមិនលក់កុំបន្ទោសខ្ញុំណា" ឃើញ Kipuka មានទំនុកចិត្តដល់ថ្នាក់គេក៏អស់ពាក្យអ្វីត្រូវប្រកែកទៀតដែរ មានតែបណ្ដោយតាមដំណើរទៅចុះ
ចាំមើល! មនុស្សក្បាលរឹងនេះធ្វើមុខយ៉ាងម៉េចនៅពេលកាហ្វេធ្វើទុក្ខ? ដល់ពេលនោះកុំតែអង្គុយបន្ទោសគេទៅបានហើយ!
"ខ្ញុំមិនបន្ទោសលោកទេ ឆាប់ធ្វើអោយលឿនទៅ" សរសៃរចង់ដឹងចង់ឃើញធ្វើអោយ Kipuka អង្គុយទប់ខ្លួនសឹងមិនជាប់ទៅហើយ!
"ខ្ញុំរៀបចំឧបករណ៍សិន" Eliot លែងប្រកែកទៀតហើយព្រោះដឹងថាប្រកែកមិនឈ្នះនឹងភាពចចេស រឹងរូសរបស់ Kipuka!
"ខ្ញុំអាចថតបានទេ?" សួរបញ្ជាក់ទាំងដៃរៀបចំកាមេរ៉ាត្រៀមរួចជាស្រេចទៅហើយ
"តើខ្ញុំអាចប្រកែកបានដែរហ្ហ៎? លោកក៏ត្រៀមកាមេរ៉ារួចបាត់ទៅហើយហ្នឹង" Eliot ងាកមុខមកញញឹមហួសចិត្ត ចាំបាច់សួរគេធ្វើអីបើត្រៀមថតរួចជាស្រេចទៅហើយ? ហើយបើគេមិនព្រមអោយថតសួរថា Kipuka នឹងព្រមមិនថតដែរទេ?
ច្បាស់ជាអត់ហ្នឹងហើយ!
Eliot ងើបដើរសម្ដៅទៅទូរដែលដាក់តាំងឧបករណ៍ប្លែកៗពេញហាង សុទ្ធតែជាឧករណ៍ដែល Kipuka មិនដែលស្គាល់ និងមិនធ្លាប់ឃើញទាល់តែសោះ ។ Kipuka ក៏ទាញកាមេរ៉ាមកថតគ្រប់ឧបករណ៍ទាំងអស់ដែលមាន គេទើបតែចាប់អារម្មណ៍ថាហាងកាហ្វេតូចមួយនេះ មាន Collection គ្រប់ម៉ូដែលដែលសុទ្ធសឹងតែជាសម្ភារៈសម្រាប់ឆុងកាហ្វេទាំងអស់ ។ សម្ភារៈទាំងអស់មានខ្លះគេធ្លាប់ឃើញ និងស្គាល់ ប៉ុន្តែភាគច្រើនសុទ្ធតែប្លែកមិនធ្លាប់បានឃើញ និងស្គាល់ពីមុនមកទេ នេះបើ Eliot មិននិយាយថាទាំងអស់នេះជាឧបករណ៍ឆុងកាហ្វេទេ គេនឹងគិតថាទាំងអស់នេះគ្រាន់តែជាឧបករណ៍តាំងលម្អរប៉ុណ្ណោះ ។
មើលទៅ Eliot ច្បាស់ជាស្រលាញ់ចូលចិត្តការធ្វើកាហ្វេណាស់ហើយ!
"Wow ខ្ញុំមិននឹកស្មានថាឧបករណ៍សម្រាប់ឆុងកាហ្វេមានច្រើនប្រភេទបែបនេះទេ ខ្ញុំធ្លាប់ឃើញតែហ្វីន និងម៉ាស៊ីនដែលគេប្រើទូទៅប៉ុណ្ណោះ" Kipuka លាន់មាត់ភ្ញាក់ផ្អើល ពេលនេះមានអារម្មណ៍ថាមានមោទណភាពលើខ្លួនឯងខ្លាំងណាស់ដែលបានស្គាល់អ្វីថ្មីបែបនេះ ព្រោះគេគឺជាមនុស្សដែលចូលចិត្តស្វែងយល់ពីអ្វីថ្មីៗដែលគេមិនធ្លាប់បានឃើញ ។
"ឧបករណ៍ទាំងនេះគឺធ្លាប់បានប្រើប្រាស់ក្នុងសម័យកាលខុសៗគ្នា មនុស្ស Update ពីមួយជំនាន់ទៅមួយជំនាន់ រហូតផលិតបានជាម៉ាស៊ីនដែលប្រើប្រាស់ក្នុងបច្ចុប្បន្ន មានមនុស្សមួយចំនួនក៏បានបំភ្លេចចោលឧបករណ៍ទាំងនេះ តែក៏មានមួយចំនួននៅចូលចិត្តរសជាតិកាហ្វេដែលធ្វើចេញពីឧបករណ៍បុរាណបែបនេះដែរ" Eliot យកឧបករណ៍ដែលត្រូវប្រើមករៀបចំបណ្ដើរក៏និយាយឆ្លើយឆ្លងជាមួយ Kipuka បណ្ដើរ
"ក្នុងចំណោមអ្នកចូលចិត្តនោះក៏មានលោកដែរមែនទេ?" Kipuka សួរក្នុងន័យលេងសើច គ្រាន់តែឃើញឧបករណ៍ទាំងនេះក៏អាចទាយដឹងដែរ
"បាទ... បើអោយជ្រើសរើសរវាងកាហ្វេម៉ាស៊ីន និងកាហ្វេធ្វើដោយដៃខ្ញុំនឹងជ្រើសរើសកាហ្វេធ្វើដោយដៃហើយ កាហ្វេដែលឆ្ងាញ់បំផុតមិនមែនកាហ្វេម៉ាស៊ីនទេគឺជាកាហ្វេដែលធ្វើដោយដៃ"
"បើអញ្ចឹងគេផលិតម៉ាស៊ីនមកប្រើប្រាស់ធ្វើអីបើរសជាតិមិនឆ្ងាញ់ផង?" Kipuka ចាប់ផ្ដើមឆ្ងល់ទៀតហើយ! ម៉ាស៊ីនឃើញគេប្រើប្រាស់ទូទាំងពិភពលោក បើរសជាតិកាហ្វេម៉ាស៊ីនមិនឆ្ងាញ់អញ្ចឹងផលិតម៉ាស៊ីនមកធ្វើអី?
"កាហ្វេម៉ាស៊ីនមិនមែនមិនឆ្ងាញ់ដល់ផឹកមិនបានឯណា គ្រាន់តែរសជាតិ និងភាពឈ្ងុយមិនអាចធៀបបានជាមួយកាហ្វេធ្វើដោយដៃប៉ុណ្ណោះ គេផលិតម៉ាស៊ីនមកក៏តម្រូវតាមរសនិយមរបស់មនុស្សបច្ចុប្បន្នផងដែរ ព្រោះបច្ចុប្បន្នមនុស្សកែឆ្នៃកាហ្វេលាយជាមួយផលិតផលផ្សេងៗ ដូចជាទឹកដោះគោ ស្ករ ឬក៏ប្រភេទ Syrup ជាដើម ឧបករណ៍ធ្វើដោយដៃមិនអាចផលិត Expresso ដែលមានរសជាតិធ្ងន់បាននោះទេទើបគេត្រូវការប្រើម៉ាស៊ីន Auto ជាជំនួយ ហើយម៉្យាងទៀតការធ្វើកាហ្វេដោយដៃបានតែប្រភេទហាង Slow Bar ប៉ុណ្ណោះព្រោះត្រូវចំណាយពេលហោចណាស់ក៏ 5នាទីដែរទម្រាំបានកាហ្វេមួយកែវ ដូច្នេះហើយទើបហាងទូទៅជ្រើសរើសប្រើម៉ាស៊ីនជំនួសឧបករណ៍បែបបុរាណទាំងនេះវិញ" Eliot រៀបរាប់ពន្យល់ប្រាប់ Kipuka អោយអស់ចម្ងល់ ព្រោះការកែឆ្នៃកាហ្វេដោយដាក់បន្ថែមជាមួយផលិតផលផ្សេងៗទើបតែជារបើកគំហើញថ្មីរបស់មនុស្សសម័យទំនើបប៉ុណ្ណោះ កាលពីបុរាណគេនិយមផឹកកាហ្វេខ្មៅសុទ្ធមិនមានលាយបន្ថែមអ្វីចូលនោះទេ ដូច្នេះហើយរសជាតិកាហ្វេគឺស្រាលស្រទន់ជាងបើធៀបនឹងសម័យឥឡូវ ។
"លោកយល់ដឹងពីកាហ្វេច្រើនណាស់ Eliot" Kipuka អត់មិនសរសើរមិនបាននោះទេ បានស្គាល់ Eliot គឺដូចជាបាននាំគេទៅកាន់ពិភពមួយថ្មីស្រឡាងដែលគេមិនដែលស្គាល់សោះយ៉ាងអញ្ចឹង ដើមឡើយគេមិនគិតថាកាហ្វេមានភាពពិសេសអីបែបនេះទេ ព្រោះយល់ថាគ្រាន់តែជាភេសជ្ជៈធម្មតាទូទៅដែលគេគ្រប់គ្នាពេញនិយមតាមគ្នាតែប៉ុណ្ណោះ ។
"អ្ហ៎ា! ខ្ញុំមិនដែលណែនាំខ្លួនទេមែនទេ? ខ្ញុំរៀនចប់ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ហើយក៏បានរៀនចប់ផ្នែកធុរៈកិច្ចភេសជ្ជៈ ផងដែរ ហើយ Drink គោលដែលខ្ញុំផ្ដោតលើគឺ កាហ្វេ" បែបនេះទេតើបានជាគេយល់ដឹងផ្នែកនេះខ្លាំងយ៉ាងនេះ! មិនដែលដឹងសោះថា កាហ្វេ ក៏ត្រូវការរៀនដែរ!
"មិនដែលដឹងសោះថាកាហ្វេក៏ត្រូវការរៀនដែរ ខ្ញុំស្មានតែវាជាភេសជ្ជៈងាយៗទេតើ"
"វាជាជំនាញមួយដែលមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ធម្មតាការបើកលក់កាហ្វេនៅតាមទីផ្សារក៏ចេះតែលក់តាមគ្នាតែប៉ុណ្ណោះ អ្នកលក់ខ្លះមិនទាំងចេះផឹកកាហ្វេផង ភាគច្រើនមិនបានស្រលាញ់ចូលចិត្តកាហ្វេនោះទេ ហើយក៏មិនស្គាល់កាហ្វេដែរ ទើបធ្វើអោយបាត់បង់តម្លៃ និងអត្ថន័យនៃកាហ្វេ" Eliot តបនឹងពន្យល់បន្ថែមអោយ Kipuka យល់ ។
វាជាការពិតដែលនៅលើទីផ្សារបច្ចុប្បន្នមនុស្សបើកលក់កាហ្វេតាមគ្នា ព្រោះយល់ថាកាហ្វេគឺជាអាជីវកម្មភេសជ្ជៈដែលគ្រាន់តែចាក់ទឹកយកលុយប៉ុណ្ណោះ កម្ររមានណាស់អ្នកលក់ណាម្នាក់ដែលស្គាល់ច្បាស់ពីកាហ្វេ ។ នោះហើយដែលជាមូលហេតុធ្វើអោយកាហ្វេបាត់បង់តម្លៃ បើទោះជាវាពេញនិយមសម្រាប់មនុស្សទូទៅក៏ពិតមែន ប៉ុន្តែសួរថាមានមនុស្សប៉ុន្មាននាក់ដែលអាចស្វែងរកក្លិនឈ្ងុយដ៏ពិសេសរបស់កាហ្វេ និងរសជាតិផ្អែមពិតប្រាកដរបស់កាហ្វេដោយមិនប្រើស្ករជំនួយនោះ? មនុស្សភាគច្រើនផឹកកាហ្វេដាក់ស្ករ 100% ហើយនៅថែមទឹកដោះគោពីលើទៀត! ភាគច្រើនមិនដឹងថាកាហ្វេមានរសជាតិបែបណាអោយប្រាកដនោះទេ គឺគ្រាន់តែអោយតែមានជាតិផ្អែម ក្លិនឈ្ងុយៗក៏ផឹកបានហើយផឹកយូរៗទៅក៏ទៅជាញៀន ហើយក៏យល់ច្រឡំថាជាការញៀនកាហ្វេ តែការពិតគឺញៀនជាតិស្ករដ៏សែនផ្អែមទៅវិញទេ! បែបនេះហើយទើបបានជាមានទ្រឹស្តីលើកឡើងថាកាហ្វេត្រូវបានផ្សារភ្ជាប់ជាមួយមនុស្ស ព្រោះមានតែអ្នកស្រលាញ់ចូលចិត្តកាហ្វេ ដោយចិត្ត និងបេះដូងប៉ុណ្ណោះទេ ទើបអាចយល់បានពីកាហ្វេ ។
កាហ្វេគឺប្រៀបបានទៅនឹងស្នេហា...
ជាស្នេហាមួយដែលពិបាកនឹងយល់...
ជាទំនាក់ទំនងដែលស្រពិចស្រពិល តែងតែបង្កើតការយល់ច្រឡំម្ដងហើយម្ដងទៀត...
លុះត្រាណាតែយើងព្យាយាមស្វែងយល់ ទើបអាចរកឃើញចម្លើយពិតប្រាកដនៃទំនាក់ទំនងមួយនេះ ថាតើវាជាស្នេហាពិតប្រាកដ ឬក៏គ្រាន់តែជាការក្លែងបន្លំ?
នោះក៏ព្រោះតែមនុស្សភាគច្រើនយល់ច្រឡំថាខ្លួនស្រលាញ់ចូលចិត្តកាហ្វេ គឺដូចជាយល់ច្រឡំលើភាពផ្អែមនៃកាហ្វេ ទាំងដែលការពិតមិនបានរកឃើញភាពផ្អែមពិតប្រាកដនៃកាហ្វេនោះទេ ។
ស្នេហាពិតគឺត្រូវការការស្វែងយល់...
រញេរញៃ...
ស្មុគស្មាញ...
គឺដូចជាកាហ្វេ!
Bạn đang đọc truyện trên: Truyen3h.Co