8. ជួយចេញអោយឆ្ងាយពីខ្ញុំ 5ម៉ែត្រទៅ!
វគ្គ 8
ខុសពី Eliot ដែលញញឹមខ្ចឹប Kipuka បើកភ្នែកធំៗមិនចង់ជឿលើអ្វីដែល Eliot និយាយទាល់តែសោះ ។
"ស្អីគេ? ខ្ញុំអោបលោករាល់យប់? អោបដោយរបៀបណា? កុំមកកុហកខ្ញុំ! លោកជាអ្នកលួចអោបខ្ញុំច្បាស់ណាស់ លោកកេងចំណេញលើខ្ញុំហើយមកចោទប្រកាន់ខ្ញុំទៀត?" តើគេអាចអោបមនុស្សម្នាក់នេះបានដោយរបៀបណា? ក្រែងគេសន្លប់មិនអញ្ចឹង? មនុស្សសន្លប់អាចងើបទៅអោបនរណាម្នាក់បានដែរឬ? ប្រុសម្នាក់នេះច្បាស់ជាកុហកគេជាក់ជាមិនខាន! ច្បាស់ណាស់គឺរាល់យប់ Eliot លួចអោបគេតែបែរជាមកទម្លាក់កំហុសអោយគេទៅវិញ វាមិនទំនងសោះ!
"ខ្ញុំស្បថទោះជាខ្ញុំធ្លាប់លួចមានគំនិតអាក្រក់លើលោកបន្តិចកាលពីមុនក៏ពិតមែន ប៉ុន្តែខ្ញុំមិនហ៊ានបំពានលោកដោយគ្មានការអនុញ្ញាតនោះទេ លោកប្រហែលជាមិនដឹងខ្លួនទេអោយតែយប់ឡើងគឺលោកមមើរស្រែកយំដូចកូនក្មេងយ៉ាងអញ្ចឹង ហើយពេលដែលខ្ញុំទៅជិតលោក លោកក៏ចាប់អោបខ្ញុំជាប់តែម្ដងដូច្នេះហើយរាល់យប់ខ្ញុំតែងតែត្រូវលោកអោប បើខ្ញុំហ៊ានតែងើបចេញគឺលោកនឹងស្រែកយំតែម្ដង" អ្វីដែល Eliot និយាយគឺជាការពិត 3យប់កន្លងមកនេះគឺ Kipuka តែងតែមមើរស្រែកយំទាល់តែបានអោបគេទើបបាត់យំ ទោះបីជាគេស្ថិតក្នុងស្ថានភាពសន្លប់មិនដឹងខ្លួនក៏ដោយ ។
"ហ្ហ៎ាស់! លោកលួចមានគំនិតអាក្រក់លើខ្ញុំផង? លោក... លោកជាពួកឃាតកររោគចិត្តមែនទេ? លោកចង់សម្លាប់ខ្ញុំ?" ស្អីទៀតហើយលោកព្រះ? នេះតើ Eliot និយាយអ្វីខុសទៀតហើយឬ? ឥឡូវនេះអស់ពីសង្ស័យថា Eliot ជាខ្មោចបែរជាមកសង្ស័យថាគេជាពួកឃាតកររោគចិត្តវិញ! ចំមែនហើយ!
"តើខួរក្បាលរបស់លោកពិតជាមិនដែលគិតរឿងល្អសោះតែម្ដងឬ? អស់ពីចោទខ្ញុំថាជាខ្មោចឥឡូវមកចោទថាខ្ញុំជាឃាតករ!" Eliot ពិតជាហួសចិត្តជាមួយ Kipuka ឡើងហួសនឹងថ្លែងទៅហើយ! នេះសង្ស័យ Eliot តាំងតែពីជួបដំបូងរហូតមកដល់ពេលនេះស្ថិតក្នុងស្ថានភាពបែបនេះទៅហើយនៅមកសង្ស័យថា Eliot ជាឃាតករទៀត! បើគេចង់សម្លាប់គេសម្លាប់យូរហើយម្ចាស់ថ្លៃអើយ!
"ណែ! គឺលោកជាអ្នកនិយាយខ្លួនឯងទេថាធ្លាប់មិនគំនិតមិនល្អលើខ្ញុំ! ហេតុអីក៏មកបន្ទោសថាខ្ញុំមិនដែលគិតរឿងល្អទៅវិញ?" Kipuka សម្លក់មុខរបស់ Eliot ស្ទើរជ្រុះគ្រាប់ភ្នែកទៅហើយ ពេលនេះបើសិនជាហក់ខាំបានគេចង់តែខាំប្រុសម្នាក់នេះអោយណាណីទេ អ្នកនិយាយខ្លួនឯងសោះឥឡូវបែរជាមកបន្ទោសគេទៅវិញ!
"ខ្ញុំថាខ្ញុំធ្លាប់មានគំនិតអាក្រក់លើលោកក៏ពិតមែន! តែមិនមែនក្នុងន័យដូចដែលលោកគិតនោះទេ! លោកគិតទៅមើលបើខ្ញុំជាឃាតករមែនតើខ្ញុំចាំបាច់ចំណាយពេលជួយសង្គ្រោះលោកធ្វើអី? ទុកអោយលោកស្លាប់ក្នុងព្រៃនេះតែម្នាក់ឯងមិនស្រួលជាង?"
"អញ្ចឹងគំនិតអាក្រក់របស់លោកនិងជាស្អីវិញ? មិនមែនលោកចង់រំលោភខ្ញុំទេមែនទេ?" Kipuka ច្រត់ចង្កេះសួរដោយសម្លេងឆ្នាស់ឆ្នើមតែក្នុងន័យមិនប្រាកដប្រជា បើ Eliot មិនបានគិតចង់សម្លាប់គេអញ្ចឹងជាស្អីវិញ? ចង់រំលោភគេឬ?
"ប...បាទ" Eliot ឆ្លើយត្រង់ៗដោយទឹកមុខអៀនព្រាននៅពេលត្រូវបាន Kipuka តាមទាន់គំនិតរបស់គេបែបនេះ គេពិតជាមានគំនិតធ្លាប់ចង់រំលោភ Kipuka ពិតមែន ។ រាល់ពេលដែលនៅជិត Kipuka ជាពិសេសគឺរាល់ពេលដែល Kipuka អោបគេម្ដងៗ គេស្ទើរតែទប់ចិត្តខ្លួនឯងមិនបានទៅហើយ បើកុំតែខ្លាចថា Kipuka នឹងស្អប់គេម្ល៉េះគេប្រហែលរំលោភតាំងពីយូរមកហើយ ។
"លោក...! អាមនុស្សរោគចិត្តនេះ ខ្ញុំនឹងសម្លាប់លោក!" Kipuka គ្រាន់តែនិយាយក្នុងន័យលេងសើចមិនប្រាកដប្រជាទេ តែមិននឹកស្មានថា Eliot ពិតជាមានគំនិតចង់រំលោភគេពិតមែនទាល់តែសោះ! លឺហើយក្ដៅស្លឹកត្រចៀកឆេវតែម្ដង ចង់តែកាច់បំបាកកប្រុសម្នាក់នេះអោយបាក់ទេ! ហេតុអីក៏ចេះមកលួចមានគំនិតស្មោកគ្រោកបែបនេះទៅកើត? នេះគេជាប្រុសផងចុះបើជាមនុស្សស្រីវិញមិនខាតបង់ទៅហើយទេ?
"អូយៗ... លោកអ្នកសួរខ្ញុំខ្លួនឯងទេ ខ្ញុំគ្រាន់តែឆ្លើយការពិតតើ! ព្រោះមិនចង់អោយលោកគិតថាខ្ញុំជាឃាតករ" Eliot លើកដៃរងពីការវាយតប់របស់ Kipuka ដែលវាយផងក្ដិចខ្ញាំផង គេមិនយល់សោះហេតុអីក៏ Kipuka ខឹងទៀតហើយ? ដែលគេនិយាយត្រង់ៗក៏ព្រោះតែ Kipuka ជាអ្នកសួរទេតើ! ណាមួយគេក៏មិនចង់អោយ Kipuka គិតថាគេជាឃាតករនោះទេ ប្រាប់ត្រង់ៗថាគេមានគំនិតចង់រំលោភ Kipuka វាក៏ប្រសើរជាងដែលត្រូវចោទថាជាឃាតករមិនអញ្ចឹង?
"លោករត់ទៅណាឆាប់មកវិញភ្លាម!" ព្រោះតែទ្រាំមិនបានដែលត្រូវក្ដិចខ្ញាំ Eliot ងើបថយចេញឆ្ងាយពី Kipuka ដើម្បីគេចចេញមិនអោយគេវាយត្រូវ ការថយចេញរបស់ Eliot កាន់តែធ្វើអោយ Kipuka ខឹងលើសដើម ព្រោះខ្លួននៅឈឺរបួសមិនអាចងើបទៅវាយគេបានតាមចិត្តដែលក្ដៅ!
"បើលោកចង់វាយក៏ងើបមកវាយមកហាសហា" បានដៃសំបើមណាស់! អាងថា Kipuka ងើបដើរមិនរួចក៏ឌឺដងសើចសប្បាយតែម្ដងហើយ
"ផ្ញើទុកសិនចុះ! ខ្ញុំជារបួសកាលណាខ្ញុំនឹងវាយលោកអោយស្លាប់មិនខានទេ" យល់ថាពេលនេះមិនអាចធ្វើអ្វីគេបាន ទើបបានតែទ្រាំលេបកំហឹងទុកក្នុងពោះសិនប៉ុណ្ណោះ! មិនអីទេកំហឹងកូនប្រុស 10ឆ្នាំក្រោយចាំសងសឹកក៏មិនហួសពេលដែរត្រូវទេ?
"កុំផ្ញើយូរពេកណាព្រោះបើបាត់អត់មានសេវាទទួលខុសត្រូវនោះទេ" Eliot ឡកឡឺយអោយ Kipuka ទាំងគ្រឺតខ្នាញ់ចំពោះក្រសែរភ្នែកដែលសម្លក់សម្លឹងមកកាន់គេនោះជាខ្លាំង មនុស្សអីពេលខឹងបែបនេះទៅកាន់តែខួរអោយស្រលាញ់ ។
"Eliot! ខ្ញុំនឹងកាច់បំបាក់កលោក!" Kipuka ស្ទើរតែអស់ការអត់ធ្មត់ ក្ដៅឆេវជាមួយភាពឌឺដងរបស់ Eliot ចង់តែស្ទុះវឹងទៅចាប់បោចសក់បញ្ច្រាស់ជើងទេតើ!
"ចាំងើបដើរត្រង់ខ្លួនសិនចាំនិយាយពាក្យនេះហាសហា" ទៀត! នៅឌឺទៀត!
"ចេញអោយផុតពីមុខខ្ញុំភ្លាមទៅ! គួរអោយស្អប់!" ខឹងចិត្តណាស់ធ្វើអីគេមិនបាន ខឹងឡើងមុខក្រហមដូចត្រូវភ្លើងទៅហើយ
"ខ្ញុំអាចទៅណាបាន? ខ្ញុំកំពុងដុតត្រី បើខ្ញុំទៅបាត់ត្រីខ្លោចមិនខានទេ" Eliot នៅរក្សាទឹកមុខញញឹមឌឺដងទាំងដែលគេកំពុងអង្គុយប្រែត្រី ធ្វើអោយ Kipuka ខាំមាត់សម្លក់លែងតវ៉ា នេះបើកុំតែគេឃ្លាននោះទេ កុំអីគេនឹងមិនខ្ចីចុះញ៉ោមជាដាច់ខាត! អត់បាយបីថ្ងៃទៅហើយឥឡូវសុខចិត្តចាញ់សិនទៅចុះចាំចម្អែតក្រពះហើយចាំគិតទៀត ។
សង្គ្រាមទឹកមាត់ក៏ត្រូវបានបញ្ចប់ ដោយអ្នកឈ្នះញញឹមបិទមាត់មិនជិត ចំណែកឯអ្នកចាញ់វិញបានត្រឹមងរងក់សម្លក់សម្លឹងជាមួយមុខស្អុយប៉ែ ព្រោះធ្វើអីគេមិនបាន ប្រើកម្លាំងបាយមិនឈ្នះគេហើយ នៅប្រកែកមិនឈ្នះគេទៀត អ្នកណាទៅអាចមុខរីកបាន? ឥឡូវមកត្រូវអង្គុយស្ងៀមៗអោយគេបញ្ចុកចំណីដូចទារក ហើយត្រូវបង្ខំចិត្តស្ដាប់បង្គាប់ទាំងទើសទាល់ទៀត ណ្ហើយលែងគិតហើយឆារចោលតែម្ដងទៅ! ធ្វើជាចុះញ៉ោមបោកគេប្រើសិនក៏បានដែរ ចាំសងសឹកនៅពេលក្រោយចុះ ។
Eliot បំពេញតួនាទីរបស់ខ្លួនដូចរាល់ដង ជូតសម្អាតខ្លួនប្រាណអោយ Kipuka ដើររករុក្ខជាតិមកធ្វើជាឱសថព្យាបាលរបួសជាដើម តែព្រោះពេលនេះ Kipuka លែងសន្លប់ហើយដូច្នេះការងាររបស់គេក៏ច្រើនជាងមុនបន្តិច ព្រោះគេត្រូវស្វែងរកអាហារសម្រាប់ Kipuka ផងដែរ ។
ពេលវេលាដើរលឿនមួយភ្លេតសោះក៏យប់បាត់ ហើយឥឡូវនេះក៏ជាព្រឹកថ្ងៃថ្មីវិញទៀតទៅហើយ ធ្មេចបើកៗពួកគេទាំងពីរជាប់នៅក្នុងព្រៃនេះ 6ថ្ងៃបាត់! លឿនដូចកុហកយ៉ាងអញ្ចឹងនៀក ។
"លោកមកតាមខ្ញុំធ្វើស្អី? ខ្ញុំត្រូវការនោម! ខ្ញុំដឹងថាលោកចង់ការពារខ្ញុំហើយប៉ុន្តែអាចជួយរក្សាគម្លាតបន្តិចបានទេ? នេះមកឈរបែបនេះមិនមែនចង់ជួយទ្រអាប្អូនរបស់ខ្ញុំជំនួសខ្ញុំទៀតទេឬ?" ពេលនេះរបួសរបស់ Kipuka ចាប់ផ្ដើមជាសះបន្តិចម្ដងៗហើយគេក៏អាចដើរបានដោយខ្លួនឯងហើយ គ្រាន់តែមិនទាន់អាចដើរលឿនប៉ុណ្ណោះ ។ អ្វីដែលគួរអោយរំខានសម្រាប់គេនោះគឺរាល់ថ្ងៃ Eliot តែងតែតាមគេរហូត សឹងតែគ្រប់ជំហានទៅហើយ មិនលើកលែងសូម្បីតែគេមកធ្វើធុរៈផ្ទាល់ខ្លួន ។ ដូចពេលនេះជាដើម Kipuka ខំដើរសសៀរៗមករកកន្លែងរំដោះគ្រោះ តែមិនទាន់បានរូតខោផងក៏ក្រឡេកឃើញ Eliot មកឈរក្បែរគេទៅហើយ! តាមអីក៏តាមយ៉ាងនេះ! នេះវាស្អីណាស់ណាទៅបានជាត្រូវឃ្លាំមើលគេសូម្បីតែពេលបត់ជើងតូចបែបនេះនោះ?
"សុំទោស... ខ្ញុំមិនដឹងទេថាមកពីអ្វី! ខ្ញុំមិនអាចឃ្លាតឆ្ងាយពីលោកបានចម្ងាយលើសពី 10ម៉ែត្រនោះទេ រាល់ពេលខ្ញុំទៅណាឆ្ងាយពីលោករាងកាយរបស់ខ្ញុំនឹងត្រឡប់មករកលោកវិញភ្លាមៗតែម្ដង ដូច្នេះហើយទើបរាល់ដងមិនថាខ្ញុំទៅទីណាទេខ្ញុំតែងតែនាំលោកទៅតាម ពេលនេះក៏អញ្ចឹងដែរ ព្រោះតែលោកដើរឆ្ងាយពីខ្ញុំលើសពី 10ម៉ែត្រ ទើបបានជាសុខៗខ្ញុំត្រូវមកឈរទីនេះក្បែរលោកតែម្ដង ខ្ញុំមិនបានតាំងចិត្តចង់មកឈរមើលលោកនោមបែបនេះទេណា..." Eliot រៀបរាប់ពីអាការៈប្លែកៗដែលខ្លួនជួបនៅពេលគេឃ្លាតឆ្ងាយពី Kipuka តាមពិតទៅមុននេះគេកំពុងចាប់ត្រីនៅមាត់អូរនោះទេ តែពេលដែល Kipuka ដើរចេញឆ្ងាយពីគេ គេក៏ហាក់ដូចជាត្រូវស្រូបទាញអោយមកឈរកៀកៗក្បែរ Kipuka តែម្ដង ។
គេខ្លួនឯងផ្ទាល់ក៏មិនដឹងថាមកពីមូលហេតុអ្វីនោះដែរ គេក៏ទើបតែដឹងថាមិនអាចឃ្លាតឆ្ងាយពី Kipuka បាននៅពេលដែលពួកគេទាំងពីរធ្លាក់ជ្រោះនេះដូចគ្នា ព្រោះរាល់ពេលដែលគេទុក Kipuka ចោលដើម្បីដើររកថ្នាំ គេនឹងត្រឡប់មកវិញភ្លាមៗនៅពេលដែលគេដើរលើសចម្ងាយ 10ម៉ែត្រ ។ រឿងនេះប្រហែលជាកើតឡើងតាំងពីយប់ដែល Kipuka ត្រូវពស់ចឹកម្ល៉េះ! ព្រោះគេចាំបានថាយប់នោះមិនដឹងហេតុអីទេ គេដេកសុខៗស្រាប់តែឃើញខ្លួនឯងមកឈរក្បែរ Kipuka ទៅហើយ ។ កាលនោះគេក៏ឆ្ងល់ដែរ តែមិនបានកត់សម្គាល់សង្ស័យច្រើន ព្រោះតែគិតថាគេអាចនឹងមមើរហើយដើរទៅរក Kipuka រួចក៏ភ្ញាក់នៅពេល Kipuka ហៅប៉ុណ្ណោះ ទើបតែពេលធ្លាក់ជ្រោះនេះទេ ដែលគេដឹងថាខ្លួនមិនអាចទៅណាឆ្ងាយពី Kipuka បាន ។
"លេសច្រើនណាស់! បើថាចង់មើលអាប្អូនរបស់ខ្ញុំក៏ថាទៅ ចាំបាច់ប្រើលេសដូចកូនក្មេងបែបនេះធ្វើអី? មិនអាចឃ្លាតឆ្ងាយពីខ្ញុំលើសពី 10ម៉ែត្រ? បើទោះជាចង់រកលេសមកកុហកក៏គួរតែកុហកអោយសមជាងនេះបន្តិចដែរ" Kipuka មិនជឿនូវអ្វីដែល Eliot និយាយនោះទេ វាចម្លែកពេក ធ្វើមើលតែគេបានដាក់អំពើរអោយ Eliot ត្រូវតាមបម្រើគេគ្រប់ពេលវេលាគ្រប់ទីកន្លែងយ៉ាងអញ្ចឹង! ឆ្កួតមែន! នេះប្រហែលជាចុះទឹកចាប់ត្រីរហូតពេក ខួរក្បាលចូលទឹកហើយក៏មិនដឹង?
"ខ្ញុំមិនបានកុហក!" Eliot ប្រកែក អ្វីដែលគេនិយាយគឺជាការពិតមិនបានកុហកនោះទេ ក៏មិនមែនជាលេសស្អីនោះដែរ!
"បើមិនអាចនៅឆ្ងាយពីខ្ញុំលើសពី 10ម៉ែត្រទេ អញ្ចឹងជួយឈរអោយឆ្ងាយពីខ្ញុំ 5ម៉ែត្រទៅមើល! ឬក៏ចង់អោយខ្ញុំបាញ់នោមដាក់?" ខ្ចិលប្រកែកតវ៉ាច្រើនណាស់លោកអើយ! ពេលនេះឈឺនោមចង់បែកប្លោកទៅហើយ បើនៅមិនព្រមចេញទេគេនឹងបាញ់នោមដាក់តែម្ដង ដើម្បីកុំអោយថ្ងៃក្រោយចង់មកឈរមើលគេ ពេលគេកំពុងនោមទៀត! មនុស្សស្អីគ្មានសុជីវធម៌អីបន្តិចសោះ!
"បាទ... នោមតាមសម្រួលចុះខ្ញុំមិនមើលនោះទេ" Eliot គេគ្មានចេតនាចង់រំខានពេលវេលាផ្ទាល់ខ្លួនរបស់ Kipuka នោះទេ តែដូចថាអញ្ចឹងគេស្រាប់តែមកដល់ទីនេះដោយមិនបានតាំងចិត្ត! ដូច្នេះត្រូវបាន Kipuka ដេញអោយទៅឈរឆ្ងាយពីគេចម្ងាយ 5ម៉ែត្រទៅហើយ គេក៏មិនតវ៉ាដែរមានតែសម្របតាម គេដឹងថា Kipuka មិនព្រមជឿដោយងាយនោះទេ ព្រោះពីដំបូងគេខ្លួនឯងក៏សឹងតែមិនជឿដែរ ។
_____
មួយពព្រិចភ្នែកសោះរសៀលក៏រៀងជ្រេទៀតទៅហើយ ជីវិតក្នុងព្រៃរបស់ពួកគេគ្មានអ្វីត្រូវធ្វើទេ ក្រៅពីដើររកថ្នាំ និងស្វែងរកអាហារ ។ ព្រោះរបួសរបស់ Kipuka នៅមិនទាន់ជាសះស្បើយនៅឡើយ ដូច្នេះហើយ Eliot ត្រូវពន្យាពេលរងចាំអោយ Kipuka អាចដើរបានស្រួលបួលសិនទើបធ្វើដំណើរត្រឡប់ទៅភូមិវិញ បើធ្វើដំណើរនៅពេលនេះគេខ្លាចថា Kipuka នឹងមិនអាចស៊ូទ្រាំបាននោះទេ ។ ពួកគេចុះមកដល់ជ្រោះជ្រៅណាស់ដើម្បីសុវត្តិភាព ដូច្នេះបើត្រឡប់ទៅវិញនោះច្បាស់ជាមិនងាយស្រួលនោះទេ កម្លាំងនៅមិនទាន់មានពេញលេញបើជួបប្រទះនិងសត្វសាហាវនោះច្បាស់ជាមិនអាចតតាំងបាននោះឡើយ ដូច្នេះរកបានកន្លែងសុវត្តិភាពហើយមានតែសំងំថែរទាំខ្លួនសិន ។ ម៉្យាងទៀត Eliot ជឿថា Ocean និង Seeky ច្បាស់ជាបានទៅរកអ្នកភូមិដើម្បីសុំជំនួយ ដូច្នេះមិនយូរមិនឆាប់ទេអោយតែពួកគេមិនដើរទៅណា នោះអ្នកភូមិច្បាស់ជារកពួកគេឃើញមិនខាន ព្រោះ Eliot ដឹងច្បាស់ណាស់ថាអ្នកភូមិរបស់គេមិនទុកគេចោលនោះទេ ។
Eliot ចំណាយពេលដើររករុក្ខជាតិមកធ្វើថ្នាំសម្រាប់ Kipuka ដូចសព្វមួយដង ហើយច្បាស់ណាស់ Kipuka ក៏នឹងត្រូវទៅតាមគេដូចគ្នា គេអៀវ Kipuka ទៅតាមរួចក៏ដាក់ចុះទុកអោយ Kipuka នៅឈរលេងនៅពេលដែលគេរកឃើញរុក្ខជាតិដែលត្រូវការ ។ រាល់ពេលដែលគេត្រូវដើរទៅឆ្ងាយគេនឹងបកមកយក Kipuka វិញ ហើយអៀវបន្តដំណើរទៅមុខ គេតែងតែធ្វើបែបនេះជារឿយៗ ទោះបី Kipuka ទាមទារដើរខ្លួនឯងក៏មិនព្រមដែរ គេអនុញ្ញាតអោយដើរត្រឹមតែជិតៗគេប៉ុណ្ណោះ ។ ព្រោះតែរឿងទីមួយបើ Kipuka ដើរឆ្ងាយពីគេនោះគេនឹងត្រូវទាញអោយទៅរក Kipuka ភ្លាមដូច្នេះគេនឹងខាតពេលក្នុងការប្រមូលថ្នាំ រឿងទីពីរគេបារម្ភខ្លាច Kipuka មានគ្រោះថ្នាក់ ឬត្រូវពស់ចឹកទៀតដូច្នេះការដែលរក្សា Kipuka នៅក្បែរខ្លួនរបស់គេក៏ដើម្បីសុវត្ថិភាពភាពដែរ ។ ដូចពេលនេះជាដើម Eliot កំពុងតែគាស់កកាយម៉ើមរុក្ខជាតិដែលគេរកបាន ចំណែកឯ Kipuka វិញឈររេរាក្បែរៗគេមិនទៅណាឆ្ងាយទេ តែដៃក៏រពិសបេះបោចស្លឹករុក្ខជាតិលេងម្ដងម្កាល ក៏ព្រោះតែត្រូវឈរស្ងៀមៗបែបនេះក៏ធុញដែរ ។
"Eliot ផ្កានេះក្រអូបណាស់ តើលោកស្គាល់ទេថាជាផ្កាអី?" Kipuka ក្រឡេកឃើញផ្កាម៉្យាងមានពណ៌លឿងរីកស្គុសស្គាយដែលនៅមិនឆ្ងាយពីគេប៉ុន្មានទេ ទើបដើរទៅបេះយកមកហិតលេង ឃើញក្លិនរបស់វាក្រអូបក៏សួរ Eliot តែម្ដងព្រោះ Eliot ស្គាល់រុក្ខជាតិច្រើន ថាមិនត្រូវផ្កានេះអាចជាឱសថណាមួយដែលគេកំពុងត្រូវការក៏ថាបាន ។
"ចាំបន្តិចខ្ញុំដកម៉ើមនេះមួយសិន ជិតបានឥឡូវហើយ" Eliot ក្រឡេកមើលទៅតាមសម្លេងហៅបន្តិចឃើញថា Kipuka កំពុងកាន់ផ្កាក្នុងដៃ គេមិនបានចាប់អារម្មណ៍ច្រើននោះទេ គ្រាន់តែប្រាប់អោយរងចាំសិនព្រោះកំពុងជាប់ដៃទៅហើយ ។
"ហ៊ឹមក្លិនរបស់វាក្រអូបណាស់ ខ្ញុំមិនដែលឃើញផ្កានេះពីមុនមកទេ"
"បើលោកចូលចិត្តក៏បេះវាទៅ វាមិនពុលទេ" Eliot ឃើញថា Kipuka ដូចជាចូលចិត្តផ្កានោះណាស់ដូច្នេះគេក៏មិនហាមឃាត់មិនអោយបេះនោះដែរ
"អញ្ចឹងខ្ញុំនឹងយកវាទៅដាក់ក្បែរកន្លែងដេកហើយណា?" Kipuka សួរទាំងសប្បាយចិត្ត លើកទីមួយហើយដែល Eliot ឃើញគេសប្បាយចិត្តបែបនេះ នេះប្រហែលជាគេពេញចិត្តផ្កានោះខ្លាំងហើយមើលទៅ
"បាទ" Eliot ភ្លឹកបន្តិចពេលឃើញ Kipuka ញញឹម តើគេអាចបដិសេធបានដោយរបៀបណា?
អោយតែ Kipuka សប្បាយចិត្តទៅគ្រប់គ្រាន់ហើយ...
Bạn đang đọc truyện trên: Truyen3h.Co