7. នៅគិតថាខ្ញុំជាខ្មោចទៀតឬ?
វគ្គ 07
3ថ្ងៃកន្លងផុតទៅ...
3ថ្ងៃមកហើយដែលអ្នកភូមិមិនបានសម្រាក សឹងតែថាមិនបានដេកមិនបានពួនអ្វីទាល់តែសោះ ម្នាក់ៗខិតខំខ្លាំងណាស់ក្នុងការរុករក ព្រៃភ្នំទាំងមូលស្ទើរតែរលើងអស់ទៅហើយ ។ ចាប់តាំងពីការរុករកជាហ្វូងក្នុងតំបន់តែមួយ រហូតដល់បំបែកជាក្រុមតូចៗទៅកន្លែងផ្សេងគ្នាទីតាំងផ្សេងគ្នា ប៉ុន្តែ3ថ្ងៃមកនេះមិនថាទោះបីជាប្រឹងរកយ៉ាងណាក៏នៅតែរកមិនឃើញស្រមោលមនុស្សទាល់តែសោះ ។ ក្រៅពីកម្ទេចពិលដែលធ្លាក់រប៉ាត់រប៉ាយក្នុងព្រៃ ស្បែកជើងដែលរបូត និងបំណែកដាច់រហែកនៃសម្លៀកបំពាក់ខ្លះៗ គេរកមិនឃើញដាននៃស្រមោលរបស់មនុស្សសោះឡើយ ការបាត់ដានទាំងស្រុងនេះធ្វើអោយគ្រប់គ្នាស្ទើរតែអស់សង្ឃឹមក្នុងការស្វែងរកទៅហើយ ។
"3ថ្ងៃហើយនៅតែរកមិនឃើញ Ocean តើអាចមានរឿងមិនល្អកើតឡើងលើពួកគេដែរទេ?" Seeky ដើរមកអង្គុយលើថ្មមួយដុំលើកទឹកមកផឹកទាំងហត់នឿយ សួរនូវសំណួរដ៏ពេញដោយសម្លេងនៃក្ដីអស់សង្ឃឹមទៅកាន់ Ocean ដែលជាមិត្ត ។
"ដរាបណាមិនទាន់ឃើញសាកសពកុំទាន់អស់សង្ឃឹមអី អាចថាពួកគេដើររកតំបន់សុវត្តិភាពក៏ថាបាន" តើនេះជាលើកទីមួយហើយមែនទេដែល Ocean និង Seeky មិនទាស់សម្ដីគ្នា? ចាប់តាំងពី Kipuka បាត់ខ្លួនមក Seeky មិនសូវជាសប្បាយចិត្តនោះទេ គេតែងតែលួចយំអាណិតមិត្តភក្តិជានិច្ច ដូច្នេះហើយក្នុងនាមជាមិត្ត Ocean គឺតែងតែជាម្នាក់ដែលនៅក្បែរនិងជួយផ្ដល់កម្លាំងចិត្តដល់ Seeky ព្រោះនៅទីនេះគ្មាននរណាម្នាក់មកខ្វល់ពីពួកគេនោះទេ ។
ថ្វីដ្បិតតែមានជំនួយពីអ្នកភូមិក៏ពិតមែន ប៉ុន្តែអ្នកភូមិទាំងនោះមិនយល់ពីគេទាំងពីរទេហើយក៏មិនខ្វល់ពីការស្លាប់រស់របស់ Kipuka ដែរ អ្វីដែលពួកគេខ្វល់បំផុតនោះគឺវត្តមានរបស់ Eliot ។ ការខិតខំប្រឹងប្រែងកន្លងមកនេះ គឺព្រោះតែវត្តមានរបស់ Eliot ដែលធ្លាក់ជ្រោះទៅជាមួយ Kipuka ប៉ុណ្ណោះ Ocean និង Seeky មិនអាចស្រម៉ៃបានទេថាបើសិនជា Eliot មិនធ្លាក់ជាមួយ Kipuka ហើយ Kipuka ធ្លាក់តែម្នាក់ឯងវិញនោះ តើនឹងមាននរណាម្នាក់នៅក្នុងភូមិនេះនឹងខ្វល់ពីជីវិតរបស់ Kipuka ដែរឬទេ? អ្នកភូមិទាំងនេះមានភាពចម្លែកខ្លាំងណាស់ ពួកគេមិនយកចិត្តទុកដាក់លើអ្នកដទៃទេតែខ្វល់តែពី Eliot ប៉ុណ្ណោះ ។ 3ថ្ងៃមកនេះ Ocean និង Seeky បានចំណាយពេលស្វែងរកជាមួយអ្នកភូមិ ហើយក៏បានប្រាស្រ័យស្នាក់នៅក្នុងភូមិនោះជាបណ្ដោះអាសន្នទម្រាំតែពួកគេស្វែងរក Kipuka ឃើញ ក៏ប៉ុន្តែពួកគេនៅតែមិនយល់ពីអ្នកភូមិនេះទាល់តែសោះ ។ ជាពិសេសទៀតនោះគឺ Eliot តើបុរសម្នាក់នេះជានរណា? នៅតែជាសំណួរដែលមិនមាននរណាម្នាក់ព្រមឆ្លើយទាល់តែសោះ ។
តើ Eliot និង Kipuka យ៉ាងណាហើយ 3ថ្ងៃមកនេះ?
ឈូៗ...!!!
សម្លេងទឹកហូរលាន់លឺមិនដាច់សូរ្យ នារបរិវេណមាត់អូរដ៏វែងអន្លាយនេះបើយើងក្រឡេកមើលអោយជាក់ នោះយើងនឹងបានកត់សម្គាល់ ឃើញវត្តមានមនុស្សម្នាក់កំពុងជំទិតជំទោងអោនងើបៗជាក់ជាមិនខាន ។ រាងកាយសង្ហារ មុខមាត់ស្អាតបាត តែមានស្បែកពណ៌សរស្លេកដូចជាមនុស្សខ្វះវីតាមីន តែទោះជាយ៉ាងនេះក្ដីក៏មិនអាចកាត់បន្ថយភាពសង្ហារពីធម្មជាតិរបស់ប្រុសម្នាក់នេះបានឡើយ ។ ជាពិសេសគឺពេលដែលគេមុជចុះទៅក្នុងទឹកហើយងើបឡើងមកវិញ មានជាប់ជាមួយតំណក់ទឹកតូចៗតោងទាមលើស្បែកសរស្លេកនោះទៀត កាន់តែធ្វើអោយស្បែកគេភ្លឺជាំង ប្រៀបបានទៅនឹងពន្លឺត្បូងដ៏ភ្លឺថ្លា ។ គេគឺជា Eliot បុរសសង្ហារតែបែរជាមានអ្នកយល់ច្រឡំថាគេគឺជាខ្មោចទៅវិញ មិនសមហេតុផលសោះ! សម្រស់ដែលល្អឯកមានតែមួយគ្មានពីរបែបនេះមើលចុះសូម្បីតែត្រីក៏នឹងចាញ់សម្រស់របស់គេដែរ! តើអាចជាខ្មោចបានដោយរបៀបណា?
"ហ៊ឹម... សម្លាញ់ហ្ហ៎ាសុំទោសផងណាថ្ងៃនេះឯងត្រូវក្លាយជាចំណីមិត្តរបស់ខ្ញុំហើយ ឯងគួរតែសប្បាយចិត្តព្រោះមិត្តរបស់ខ្ញុំំគេសង្ហារខ្លាំងណាស់ ឯងមានកេត្តិយសបំផុតហើយដែលបានស្លាប់ក្រោមដៃប្រុសសង្ហារបែបនេះណា" Eliot ងើបផុតពីទឹកដោយក្នុងដៃមានកាន់ត្រី 2ក្បាល មុននឹងឡើងមកលើគោកវិញគេនៅឆ្លៀតនិយាយលេងជាមួយត្រីដែលទើបតែចាប់បាននោះផងដែរ ។ កុំយល់ច្រឡំអីគេនៅមានសតិធម្មតាទេតើ! នេះប្រហែលមកពីជាប់ក្នុងព្រៃយូរថ្ងៃគេអត់សុខពេកទេដឹង?
Eliot កាន់ត្រី 2ក្បាលនោះដើរសម្តៅមករកភ្នួកភ្លើងដែលបានដុតទុករួចជាស្រេច នៅក្បែរភ្នួកភ្លើងនោះគឺជា Kipuka ដែលដេកលក់ស្តូកស្ដឹង និងមានសភាពរាងកាយពេញដោយស្នាមរបួស នេះក៏ប្រហែលជាបង្ករមកពីការប៉ះទង្គិចនៅពេលគេរមៀលធ្លាក់ចុះមកហើយមើលទៅ ។
"Kipuka..." Eliot ដាក់ខ្លួនអង្គុយចុះក្បែរ Kipuka និងយកកំណាត់អាវដែលខ្លួនបានហែក ជ្រលក់ទឹកសើមៗយកមកជូតថ្នមៗលើផ្ទៃមុខសរស្អាតរបស់ Kipuka
"អ្ហឹម..." ភាពត្រជាក់នៃតំណក់ទឹកប៉ះលើសាច់ទន់ៗ ធ្វើអោយភ្នែកស្អាតដែលបិទជិតញ៉ាក់បន្តិចដោយការរំញោចដែលទទួលបានពីភាពត្រជាក់ គេក៏ក្រហឹមឡើងក្នុងបំពង់កតិចៗ ព្រោះភាពត្រជាក់នោះហាក់ដូចជាដាស់អោយគេភ្ញាក់ពីដំណេក ។
"ថ្ងៃនេះគឺជាថ្ងៃទី1ហើយ ដែលលោកដឹងខ្លួនបន្ទាប់ពីសន្លប់រយៈពេល3ថ្ងៃ តើនៅមានអារម្មណ៍មិនស្រួលត្រង់ណាដែរទេ?" Eliot សួរនាំនៅពេលឃើញ Kipuka បើកភ្នែកឡើងភ្ញាក់ពីដំណេក គេនៅបន្តសង្កេតទៅលើអាការៈរបស់ Kipuka យ៉ាងយកចិត្តទុកដាក់ ដោយដៃធំក្រាស់ក៏ជូតសម្អាតផ្ទៃមុខតូចនោះនៅឡើយ ។
"ខ្ញុំបានប្រើរុក្ខជាតិខ្លះដែលខ្ញុំស្គាល់មកធ្វើជាថ្នាំជួយព្យាបាលរបួសអោយលោក ហើយក៏បានបន្សាបជាតិពិសពីក្នុងខ្លួនលោកផងដែរ សំណាងហើយដែលពួកយើងធ្លាក់ប៉ះចំតំបន់ដែលមានផ្កាស្មៅដុះច្រើន គ្មានថ្មធំៗ និងដើមឈើទើបមិនបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពួកយើងទាំងពីរទេ" ឃើញក្រសែភ្នែកឆ្ងល់របស់ Kipuka ទើប Eliot ប្រញ៉ាប់រៀបរាប់វែងអន្លាយឡើងតែម្ដងដោយមិនពិបាកអោយ Kipuka សួរឡើងទាន់នោះទេ ។
"លោកប្រហែលជាឆ្ងល់ថាហេតុអីបានជាពួកយើងមកដល់ទីនេះហើយមែនទេ? ក៏ព្រោះតែទីនេះជាមាត់ទឹកមានជីវៈចម្រុះសម្បូរបែប ងាយស្រួលក្នុងការស្វែងរកស្បៀង ហើយក៏ជាជម្រកដែលសុវត្តិភាពបំផុតផងដែរ លោកដឹងទេនៅពេលដែលលោកសន្លប់ខ្ញុំបានអៀវលោករត់គេចពីសត្វឆ្កែព្រៃវិះតែមិនទាន់ទៅហើយ តែលោកសន្លប់មិនដឹងអីទាល់តែសោះ ហាសហាលោកដឹងទេថាខ្ញុំកំចាត់ឆ្កែព្រៃនោះដោយរបៀបណា? គឺខ្ញុំប្រើដុំថ្មគប់វាប៉ុណ្ណោះវាក៏រត់បាត់អស់ ឆ្កែព្រៃទាំងនោះល្ងង់ណាស់មែនទេ?" Eliot និយាយរៀបរាប់រឿងរ៉ាវដែលគេឆ្លងកាត់កំឡុងពេលដែល Kipuka សន្លប់ និយាយផងសើចផងតែឯងៗ ចំណែកឯ Kipuka វិញបានត្រឹមតែសម្លឹងអ្នកនៅចំពោះមុខដោយក្រសែរភ្នែកមិនពេញចិត្តប៉ុណ្ណោះ ។
"ហេតុអីបានជាលោកមិនមានរបួសសោះអញ្ចឹង?" ចាប់តាំងពី Kipuka ដឹងខ្លួនពីសន្លប់មកគេមិននិយាយអ្វីនោះទេ រហូតមកដល់ពេលនេះគឺជាលើកដំបូងហើយដែលគេដាច់ចិត្តនិយាយ ។
"រឿងនេះ... ខ្ញុំក៏មិនដឹងដែរ" Eliot លឺសំណួររបស់ Kipuka ហើយគេបញ្ឈប់សកម្មភាពបន្តិចដោយទម្លាក់ក្រសែរភ្នែកមកសម្លឹងមើលរាងកាយរបស់ខ្លួនវិញ គេក៏មិនដឹងដូចគ្នាថាហេតុអីបានជារាងកាយគេមិនបន្សល់ស្លាកស្នាមណាមួយថាគេបានត្រូវរបួសបន្ទាប់ពីធ្លាក់ចុះមកនោះដូចគ្នា ។
"Eliot ខ្ញុំសួរលោកតាមត្រង់តើលោកជាខ្មោចមែនទេ? បើលោកជាខ្មោចមែនហេតុអីបានជាលោកនៅវិលវល់ជាមួយមនុស្សបែបនេះ? ម៉េចមិនព្រមទៅចាប់ជាតិ? ឬក៏កាលពីមុនខ្ញុំធ្លាប់ធ្វើខុសលើលោកទើបបានជាលោកមកតាមសងសឹកខ្ញុំវិញ? បើពិតជាអញ្ចឹងមែនសូមលោកឈប់តាមខ្ញុំទៅបានទេ? ចាប់ខ្ញុំដុតក្រដាសសែនឧទ្ទិសអោយលោកចុះណា" Kipuka រៀបរាប់ឡើងមកទាំងសម្លេងអួលៗចង់យំ គេមិនអាចឈប់គិតបាននោះទេថា Eliot គឺជាខ្មោច ។
នៅថ្ងៃនោះមុនពេលដែលគេត្រូវធ្លាក់ចុះមកនេះ គឺគេច្បាស់ខ្លួនឯង100% ហើយថា Eliot គឺជាខ្មោច ព្រោះនៅពេលដែលគេភ្ញាក់ដឹងខ្លួនឡើងគឺគេនៅលើខ្នងរបស់ Eliot ដែលត្រូវ Eliot អៀវ គេចាំច្បាស់ណាស់នៅពេលដែលដៃរបស់គេប៉ះចាំទ្រូងរបស់ Eliot គឺ Eliot មិនមានចង្វាក់បេះដូងដូចមនុស្សទូទៅនោះទេ ។ នៅពេលនោះរាងកាយរបស់ Eliot ត្រជាក់ដូចជាទឹកកកយ៉ាងអញ្ចឹង! បើមិនមែនជាខ្មោចតើអាចជាអ្វីវិញទៅ? ច្បាស់ណាស់គឺបុរសនេះជាខ្មោចយ៉ាងពិតប្រាកដ! គេច្បាស់ជាកំពុងតាមសងសឹកព្រោះតែ Kipuka អាចនឹងសាងកំហុសណាមួយលើគេកាលពីអតិតកាលដោយមិនបានដឹងខ្លួនជាក់ជាមិនខាន ។
"Kipuka នេះលោកនៅមិនទាន់ឈប់គិតថាខ្ញុំជាខ្មោចទៀតឬ? 3ថ្ងៃដែលលោកសន្លប់គឺជាខ្ញុំដែលខំមើលថែរលោក! ខំប្រឹងដើររកថ្នាំមកព្យាបាលរបួសអោយលោក! ខ្ញុំធ្វើល្អដាក់លោកយ៉ាងនេះហើយលោកនៅតែមើលមិនឃើញពីបំណងល្អរបស់ខ្ញុំទៀតឬ?" ស្ដាប់នូវអ្វីដែល Kipuka និយាយហើយធ្វើអោយ Eliot អន់ចិត្តជាខ្លាំង គេមិននឹកស្មាននោះទេថាបំណងល្អដែលគេមានចំពោះ Kipuka បែរជាទទួលបានមកវិញនូវផលតបស្នងដែលចោទប្រកាន់ថាគេគឺជាខ្មោចបែបនេះទៅវិញ!
"ខ...ខ្ញុំ..." ឃើញ Eliot ទម្លាក់មុខចុះនិយាយដោយសម្លេងអន់ចិត្តបែបនេះហើយធ្វើអោយ Kipuka គាំងរកនិយាយលែងចេញ ។ ប្រតិកម្មរបស់ Eliot បញ្ជាក់ច្បាស់ៗថាគេគឺជាមនុស្សមិនមែនខ្មោច ឃើញបែបនេះ Kipuka ក៏មានអារម្មណ៍៍ថាខុសបន្តិចដែរ តើគេហួសហេតុពេកឬអត់? ទោះជាគេសង្ស័យទៅលើ Eliot ក៏ដោយក៏មិនគួរណានិយាយបែបនេះដាក់ Eliot ដែរ ព្រោះយ៉ាងណាក៏ Eliot មិនបានធ្វើអ្វីខុសលើគេឯណា? ពេលនេះតើនិយាយពាក្យសុំទោសនៅទាន់ពេលដែរទេ?
"បើខ្ញុំជាខ្មោចមែនក៏ប្រហែលជាខ្មោចដែលស្រលាញ់លោកខ្លាំងបំផុតរហូតដល់ឆ្កួតដែរ!" Eliot ចោលប្រយោគចុងក្រោយមុននឹងគេងើបដើរចេញទៅបាត់ ទុកអោយ Kipuka នៅដេកធ្វើភ្នែកមីងមាំងមិនយល់នូវអ្វីដែល Eliot និយាយមុននេះទាល់តែសោះ ។ ស្រលាញ់ស្អីគេ? មនុស្សឆ្កួតនេះនិយាយស្អីឡប់ៗអញ្ចឹង?
"លោកទើបតែដឹងខ្លួនបែបនេះប្រហែលជាឃ្លានហើយ នៅក្នុងព្រៃបែបនេះគ្មានអ្វីញ៉ាំនោះទេ ខ្ញុំចាប់បានត្រី2ក្បាលពីក្នុងអូរមក ចាំខ្ញុំដុតអោយលោកចុះ" គេដើរចេញទៅបាត់ស្ងាត់មួយសន្ទុះក៏ត្រឡប់មកវិញ ដោយមានត្រី2ក្បាលដោតឈើរួចជាស្រេច យកមកដាក់អាំងពីលើភ្លើង ។ មិនមែនគេមិនអន់ចិត្ត ក៏មិនមែនគេមិនខឹងនោះទេ តែព្រោះតែបារម្ភគេមិនដាច់ចិត្តទុកអោយអ្នកដែលទើបតែដឹងខ្លួនមកនេះ ឃ្លានរហូតដល់ដាច់ពោះស្លាប់នោះទេ ។ ពេលដែលគេដើរចេញទៅមុននេះគេបានលួចចោលកន្ទុយភ្នែកសម្លឹងមើល Kipuka ដូចគ្នា ឃើញទឹកមុខដឹងកំហុសដ៏គួរអោយអាណិតប្រៀបដូចជាកូនឆ្មាតូចបែបនេះហើយ តើអាចអោយគេធ្វើចិត្តដាច់ទុក Kipuka ចោលបានដោយរបៀបណា?
"របួសលោកយ៉ាងម៉េចហើយ? អោយខ្ញុំសុំមើលបន្តិច" បន្ទាប់ពីដាក់ត្រីដុតរួចរាល់ហើយ គេក៏ដើរមករក Kipuka ដែលទើបតែងើបអង្គុយវិញម្ដង ដៃក្រាស់ចាប់កាន់ដៃតូចទន់ល្មើយមកពិនិត្យមើល ស្នាមរបួសដែលត្រូវបានបិទបាំងដោយថ្នាំរុក្ខជាតិ ។
"លោក..." Kipuka សម្លឹងមើល Eliot មិនដាក់ភ្នែកគេចង់សួរនាំណាស់តែហាក់ដូចជាមានអារម្មណ៍ថាស្ងួតកនិយាយមិនចេញទាល់តែសោះ រាល់ពេលដែល Eliot មកជិតៗខ្លួនរបស់គេម្ដងៗធ្វើអោយគេរឹងខ្លួន រកកម្រើកមិនបាន។ ជាពិសេសគឺពេលដែលគេបានសម្លឹងប៉ះរាងកាយសម្បូរបែបរបស់ Eliot ម្ដងៗ សាច់ដុំក្បាលពោះកង់ៗសង្ហារខ្លាំងណាស់ ទោះបីជាមានរាងស្គមបន្តិចមែនប៉ុន្តែប្រុសម្នាក់នេះមានរាងកាយហាប់ណែនពេញដោយសាច់ដុំ ។ សាច់សរស្អាតរបស់គេប្រែពណ៌ក្រហមព្រឿងៗនៅពេលគេងើបចេញពីមុខភ្នួកភ្លើង ដំណក់ទឹកដែលតោងជាប់ស្បែករបស់គេ ធ្វើអោយគេមើលទៅកាន់តែសង្ហារហើយទាក់ទាញថែមទៀត ។
"មានអីមែនទេ?" Eliot សួរឡើងនៅពេលគេចាប់អារម្មណ៍ដឹងថា Kipuka កំពុងតែសម្លឹងមើលខ្លួនមិនដាក់ភ្នែក តើមានអ្វីដែលគួរអោយសង្ស័យលើរាងកាយគេមែនទេ? មិនមែន Kipuka កំពុងគិតថាគេជាខ្មោចទៀតទេមែនទេ?
"ហេតុ...ហេតុអីបានជាលោកមិនស្លៀកពាក់?" Kipuka លេបទឹកមាត់ផ្សើមបំពង់កដែលស្ងួត ផ្ទៃមុខរបស់គេប្រែជាក្រហមនៅពេលគេសួរសំណួរនេះឡើង ធ្វើអោយ Eliot ញញឹមឡើងបន្តិចគ្រឿតខ្នាញ់អ្នកនៅចំពោះមុខចង់តែចាប់ក្រញិចទៅហើយ ។
"អាវរបស់ខ្ញុំហែកមកធ្វើជាបង់រុំរបួសអោយលោកអស់ហើយ ចំណែកខោរបស់ខ្ញុំសើមខ្ញុំកំពុងដាក់ហាលនៅលើថ្មឯណោះ ដូច្នេះពេលនេះខ្ញុំនៅសល់តែខោក្នុងប៉ុណ្ណោះ តើលោកមិនប្រកាន់ទេមែនទេ?" Eliot តបដោយធ្វើជាមិនខ្វល់ចំពោះក្រសែរភ្នែកស្រទន់ដែលសម្លឹងមើលគេ គេធ្វើជាពិនិត្យមើលមុខរបួសអ្នកចំពោះមុខដើម្បីបន្លប់ភាពអៀនខ្មាស់ ។
អ្នកណាមិនអៀនបើត្រូវសម្លឹងមើលមិនដាក់ភ្នែកបែបនេះនោះ? មិនដឹងថាក្នុងចិត្ត Kipuka គិតអីនោះទេគេសម្លឹងចំៗមិនសូម្បីតែគេចចេញ សម្លឹងហើយពេលខ្លះថែមទាំងខាំបបូរមាត់ហើយលួចលេបទឹកមាត់ទៀត! សង្ឃឹមថា Kipuka មិនគិតផ្ដេសផ្ដាសលើ Eliot ទៅចុះណា! សម្លឹងមិនដាក់ភ្នែកបែបនេះ Eliot ភ័យខ្លាចតែ Kipuka តាមចាប់កំហុសដើម្បីចោទថាខ្លួនជាខ្មោចទៀតនោះទេ! បើបែបនោះមែនគេប្រហែលជាត្រូវបោកក្បាលអោយស្លាប់ក្លាយទៅជាខ្មោចមែនទែនហើយ ។
"លោកមិនរងារទេ? យប់ឡើងច្បាស់ជាត្រជាក់ហើយ" Kipuka សួរឡើងដោយទីបំផុតគេព្រមដកភ្នែកចេញពីរាងកាយរបស់ Eliot ហើយ
"យប់ឡើងលោកអោបខ្ញុំជាប់រាល់យប់ដូច្នេះខ្ញុំមិនរងារនោះទេ ព្រោះរាងកាយរបស់លោកកក់ក្ដៅណាស់" Eliot ញញឹមឡើងបង្ហាញភាពស្រស់ស្រាយនៅពេលនឹកដល់ភាពកក់ក្ដៅដែលខ្លួនទទួលបានពីរាងកាយរបស់ Kipuka ។
ស្អីគេ? អោបអញ្ចឹងហ្ហ៎េស? នេះគេមានស្ដាប់ច្រឡំឬអត់?
(ធំក្លិនចំហាយចឹកគ្មាអាម៉េចទេ😝)
Bạn đang đọc truyện trên: Truyen3h.Co