Truyen3h.Co

Coffee Shop

23. ការធ្វើដំណើរទៅចំការកាហ្វេ!

Nombangbakyong

វគ្គ 23

5 ថ្ងៃក្រោយ...

អ្វីគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់ដោយ Ocean គឺជាអ្នកក្ដោបក្ដាប់ Content ទាំងមូល ចាប់តាំងពីដំណើរការនៃការរៀបចំកម្មវិធី ការថត ប្រធានបទអ្វីផ្សេងៗគឺ Ocean ជាអ្នករៀបចំទាំងអស់ ។ ស្ដាប់ទៅដូចជាងាយស្រួលណាស់ មិនដឹងទេថា Ocean ប្រើវិធីសាស្ត្រអី្វទេទើបអាចអូសទាញ Eliot អោយយល់ព្រមចូលរួមក្នុងការថត Video បាន ។ ហើយដែលសំខាន់ Eliot គឺជាអ្នកមគ្គុទ្ទេសក៍ដោយផ្ទាល់ក្នុងការណែនាំពីដំណាក់កាលនីមួយៗនៃកាហ្វេ និងមិនមានជំនួយការនោះឡើយ ពិតជាអត់មិនសរសើរ Ocean មិនបាននោះទេ ។

"Kipuka ត្រៀមខ្លួនហើយនៅ?" Ocean ដើរមកទះស្មារ Kipuka បន្តិចព្រោះឃើញ Kipuka ដូចជារៀងភ័យៗធ្វើខ្លួនមិនត្រូវ ។
"អ្ហឹម..." ងាកមកញញឹមស្រាលៗងក់ក្បាលតិចៗទាំងគ្មានភាពជឿជាក់
"នេះសំណួរដែលត្រូវសួរ ដំបូងៗធ្វើធម្មតាៗទៅកុំភ័យពេក" Ocean ហុចក្រដាសសំណួរដែលត្រៀមទុកមករួចជាស្រេចទៅអោយ Kipuka

"តោះចាប់ផ្ដើមទៅ Eliot មកហើយ" Seeky ស្រែកប្រាប់បន្ទាប់ពីក្រឡេកឃើញ Eliot មកដល់

"Eliot ពួកយើងអាចចាប់ផ្ដើមថតពីឥឡូវទៅបានទេ?" Ocean ដៃកាន់កាមេរ៉ាងាកមកសួរ Eliot បន្តិច
"បានមិនអីទេ" Eliot ញញឹមតប

Vlog ទីមួយ <ការធ្វើដំណើរទៅចំការកាហ្វេ!>

Ocean គឺជាអ្នកកាន់កាមេរ៉ា ចំណែកឯ Seeky គឺជាអ្នករៀបចំ Sound រីឯ Kipuka គឺជាអ្នកសម្ភាសន៍...

ការថតចាប់ផ្ដើម!

"សួស្ដីមិត្តអ្នកទស្សនាទាំងអស់គ្នា ជួបជាមួយខ្ញុំបាទម្ដងទៀតហើយគឺ Kipuka! ថ្ងៃនេះក្រុម <ជើងវែង> របស់យើងមាន Video ថ្មីមកចែកជូនបងប្អូនទាំងអស់គ្នាម្ដងទៀតហើយ ប៉ុន្តែមិនមែនជាបទពិសោធន៍ក្នុងការដើរព្រៃម្ដងទៀតនោះទេ គឺពួកយើងបាននាំមកនូវអ្វីថ្មីជូនអ្នកទាំងអស់គ្នាវិញម្ដង តើចង់ដឹងទេថាជាអ្វី? ពេលនេះក្រុម ជើងវែង គឺកំពុងតែធ្វើដំណើរទៅចំការកាហ្វេ ចង់ដឹងថាមានអ្វីពិសេសនៅចំការកាហ្វេទេ? កុំភ្លេចតាមដាន Video អោយដល់ចប់ណា~" បើកក្បាលដំបូងនៃដើម Video Kipuka បានរៀបរាប់ និងណែនាំទៅតាមទម្លាប់ពេញដោយភាពប៉ិនប្រសប់ ទាំងកាយវិការទាំងការលើកដាក់សម្លេង ជាមួយនឹងទឹកមុខក្រមិចក្រមើមគួរអោយស្រលាញ់ ធ្វើអោយអ្នកមើលអាចនឹងភ្លេចដកដង្ហើមបាន ។

កាត់ប្លង់ទីមួយ!

"Wow ធ្វើបានល្អ Kipuka Video នេះមិនបាច់កាត់តទេ Smooth តែម្ដង" Ocean ស្រែកសរសើរ និងលើកមេដៃអោយព្រោះ Kipuka ធ្វើបានល្អខ្លាំងជាងពេលណាៗទាំងអស់ ។

"ប្លង់បន្ទាប់ Eliot តើលោកត្រៀមខ្លួនហើយឬនៅ?" រៀបចំសម្រួលកាមេរ៉ាម្ដងទៀត Ocean ក៏មិនភ្លេចងាកទៅសួរ Eliot ដែលកំពុងឈរស្ងៀមៗនោះដែរ
"បាទរួចហើយ" Eliot តប
"ល្អអញ្ចឹងចាប់ផ្ដើមថតហើយណា" បញ្ជាក់ម្ដងទៀតដើម្បីអោយច្បាស់ថាគ្រប់យ៉ាងគឺរួចរាល់!

ប្លង់ទីពីរចាប់ផ្ដើម!

"ថ្ងៃនេះក្រុម ជើងវែង របស់យើងនឹងមកណែនាំអ្នកទាំងអស់គ្នាអោយស្គាល់សមាជិកថ្មីដែលនឹងធ្វើជាវាយគ្មិនរបស់យើងនោះគឺ Eliot!!!" Kipuka ចាប់ផ្ដើមដោយការណែនាំ Eliot ជាមួយកាយវិការដ៏គួរអោយស្រលាញ់

"សុំណែនាំបន្តិចណា Eliot គឺជាម្ចាស់ចំការកាហ្វេដែលពួកយើងត្រូវទៅផងដែរ យ៉ាងម៉េចដែរអ្នកទាំងអស់គ្នា? Eliot សង្ហារទេ? បើសិនជា Eliot សង្ហារកុំភ្លេចជួយចុច Subscribe អោយក្រុម ជើងវែង ផងណា~" ការថតដំណើរការទៅយ៉ាងរលូន Kipuka រៀបរាប់បញ្ចេញបញ្ចូលបានយ៉ាងល្អ

"ប៉ុន្តែខ្ញុំមិនដែលបានទៅចំការកាហ្វេពីមុនទេ ដូច្នេះហើយត្រូវរំខានសួរលោក Eliot បន្តិចហើយណា... លោក Eliot តើពួកយើងនឹងទៅចំការកាហ្វេដោយរបៀបណា?" Kipuka ធ្វើមុខកំសត់ដាក់កាមេរ៉ាបន្តិចមុននឹងបែរទៅសួរនាំ Eliot ជាមួយមុខដ៏សែន Cute
"គឺពួកយើងនឹងដើរទៅ" Eliot តបទាំងទឹកមុខហាក់ដូចជាភ័យ តាមពិតទៅមុននឹងមកថតគឺគេបានរៀបចំខ្លួនរួចរាល់អស់ហើយ ហើយជឿជាក់ថាខ្លួនមិនភ័យទេ ប៉ុន្តែរាល់ពេលក្រឡេកឃើញកាយវិការក្រមិចក្រមើមគួរអោយស្រលាញ់របស់ Kipuka ម្ដងៗធ្វើអោយបេះដូងគេលោតញ៉ាប់សឹងតែផ្ទុះ ។
"អ្ហ៎ា! ដើរទៅហ្ហ៎េស? តើមិនមានមធ្យោបាយផ្សេងក្រៅពីនេះទេហ្ហ៎?" Kipuka ធ្វើទឹកមុខស្រងាកចិត្តបន្តិចមុននឹងសួរសំណួរបន្ទាប់
"ជាធម្មតាអ្នកនៅទីនេះគឺចូលចិត្តធ្វើដំណើរថ្មើរជើងច្រើនជាង ក្រៅពីដើរយើងក៏អាចធ្វើដំណើរដោយប្រើរទេះសេះ និងគោយន្តផងដែរ ប៉ុន្តែទូទៅគឺកម្ររណាស់" Eliot ឆ្លើយតបជាមួយនឹងសំណួរនេះបានយ៉ាងងាយស្រួល គ្មានអ្វីពិបាកទេព្រោះមុននឹងថតសំណួរ និងចម្លើយបានត្រៀមរួចអស់ហើយ ។
"តើហេតុអ្វីទើបបានជាអ្នកភូមិជ្រើសរើសការដើរទៅវិញ?"
"ព្រោះតំបន់នេះជាតំបន់ដាច់ស្រយាលឆ្ងាយពីទីក្រុងណាស់ ការប្រើប្រាស់គោយន្តក្នុងការធ្វើដំណើរប្រចាំថ្ងៃនឹងចំណាយប្រេងច្រើន ដូច្នេះយើងប្រើប្រាស់គោយន្តតែពេលប្រមូលផលប៉ុណ្ណោះ ចំណែករទេះសេះគឺអាចទៅបានតែតំបន់ជិតៗភូមិប៉ុណ្ណោះ ព្រោះផ្លូវឡើងភ្នំពិបាកក្នុងការបញ្ជារសេះណាស់ ម៉្យាងវិញទៀតគ្រួសារខ្លះមិនមានលិទ្ធភាពក្នុងការដឹកជញ្ជូនតាមគោយន្តនោះទេ ដូច្នេះពួកគេសន្សំសំចៃ និងបំប៉នសេះទុកប្រើប្រាស់សម្រាប់រដូវប្រមូលផល"
"អូហូ! ស្ដាប់ទៅពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់! បងប្អូនទាំងអស់គ្នាតោះទៅទស្សនាចំការកាហ្វេជាមួយក្រុម ជើងវែង ទាំងអស់គ្នា~"

កាត់ប្លង់ទីពីរ!

"ល្អខ្លាំងណាស់! Eliot Kipuka អ្នកទាំងពីរធ្វើបានល្អណាស់" Ocean សរសើរមិនដាច់ពីមាត់នោះទេ គេមិននឹកស្មានថាគេថតលើកនេះនឹងដំណើរការទៅរលូនបែបនេះនោះទេ ព្រោះមុនចាប់ផ្ដើមគេឃើញ Kipuka ភ័យខ្លាំងណាស់ ។
"នេះជាលើកដំបូងហើយដែលក្រុមយើងយកសម្លេងផ្ទាល់បានជោគជ័យបែបនេះ Kipuka ឯងពិតជាឡូយខ្លាំងណាស់" សូម្បីតែ Seeky ក៏អត់មិនសរសើរមិនបានដែរ ព្រោះលើកនេះដំណើរការពិតជា Smooth មិនដូចជារាល់ដងនោះទេ ។

Vlog រាល់ដងមិនដែលយកសម្លេងដោយផ្ទាល់បែបនេះទេព្រោះសម្លេងសុទ្ធតែគ្មានបានការ ថតហើយត្រូវយកមក Voice Over តាមក្រោយតែទាំងអស់ហ្នឹង!

"តោះពួកយើងទៅចំការកាហ្វេទៅកុំអោយខាតពេល" បន្ទាប់ពីរៀបចំសម្ភារៈរួចរាល់ Ocean ក៏បបួលធ្វើដំណើរ
"តើអ្នកទាំងអស់គ្នាមិនយកតង់ទៅទេមែនទេ? តើចង់ត្រឡប់មកវិញបន្ទាប់ពីថតចប់តែម្ដងឬ?" Eliot សួរទាំងឆ្ងល់ព្រោះឃើញមានរៀបចំតែសម្ភារៈថត មិនឃើញមានរៀបចំរបស់របរសម្រាប់ដេកទេ ប្រហែលជាមិនដេកទេមែនទេ?
"យកតង់ទៅធ្វើអីនាំតែធ្ងន់! ក្រែងចំការកាហ្វេដើរតែ 1ម៉ោងដល់ហើយតើហ្ហី?" Ocean សួរទៅ Eliot វិញ ព្រោះគេឃើញថាមានចំការកាហ្វេនៅជិតភូមិគិតថាថតចប់អាចត្រឡប់មកវិញហើយមិនបាច់ត្រូវដេកទេ ។
"អ៎រ... ចំការកាហ្វេនៅជិតភូមិនេះមិនមែនរបស់ខ្ញុំទេ ចំការរបស់ខ្ញុំនៅលើភ្នំខាងមុខឯណោះ ចំការដែលមានហាងកាហ្វេតូចមួយបើកទុកចោល ប្រហែលជាពួកលោកចាំបានមែនទេ? ខ្ញុំក៏លឺអ្នកភូមិប្រាប់ផងដែរថាពួកយើងជួបគ្នានៅទីនោះ គួរអោយស្ដាយដែលខ្ញុំមិនអាចចាំបាន ប៉ុន្តែមិនអីទេមែនទេដែលធ្វើដំណើរទៅ 5-6ម៉ោង ហើយត្រឡប់មកវិញ 5-6ម៉ោងទៀតនោះ?" Eliot រៀបរាប់ប្រាប់សម្រាប់គេវាមិនអីនោះទេ ព្រោះធម្មតាគេតែងតែទៅមកៗបែបនេះទៅហើយ ប៉ុន្តែគេមិនគិតថាបីនាក់ទៀតនឹងអាចធ្វើដំណើរទៅហើយមកវិញបែបនេះបាននោះទេ ។
"ហូយ! នៅដល់ឆ្ងាយយ៉ាងនេះផងហ្ហ៎េស? វេចបង្វេចទៅហើយថតចប់ត្រឡប់ទៅផ្ទះវិញតែម្ដងទៅចឹង ស្មានតែនៅជិតនេះតើ! ខំអត់រៀបអីវ៉ាន់" Ocean ច្រត់ចង្កេះរអ៊ូទាំងហួសចិត្តព្រោះស្មានថាចំការកាហ្វេទាំងអស់ដែលគេឃើញគឺជារបស់ Eliot ទាំងអស់ មិននឹកស្មានថាមានម្ចាស់ផ្សេងៗគ្នាឯណា ។

"ឥឡូវកុំនៅសាំញ៉ាំច្រើនឆាប់ទៅរៀបចំអីវ៉ាន់ទៅ" Seeky ទាញបបួល Ocean អោយទៅរៀបអីវ៉ាន់
"Kipuka ឯងនៅចាំនៅហ្នឹងជាមួយ Eliot ទៅ ទុកអោយខ្ញុំនិង Seeky ជាអ្នករៀបចំ" Ocean យល់ស្ថានការណ៍ និងគោលបំណងរបស់ Seeky ទើបគៀកកគ្នាដើរទៅដោយមិនភ្លេចប្រាប់អោយ Kipuka នៅចាំនោះទេ ។

"អ្ហឹម..." ចំណែក Kipuka វិញដឹងពីគោលបំណងរបស់មិត្តហើយបានត្រឹមតែក្រហឹមតបក្នុងបំពង់កទាំងធ្វើខ្លួនមិនត្រូវតែប៉ុណ្ណោះ ។

Ocean និង Seeky ចង់ទុកអោយគេនៅតែពីរនាក់ជាមួយនិង Eliot បែបនេះដើម្បីអោយគេមានឱកាសញ៉ែ Eliot ប៉ុន្តែឆៅៗបែបនេះតើគេត្រូវញ៉ែពីខាងណាមុនទៅ? មនុស្សធ្លាប់តែលេងរឹកដល់តែអោយមកញ៉ែគេមុនបែបនេះដូចជាឆ្គងៗយ៉ាងម៉េចទេ! រៀបរឹកមិនត្រូវសោះហើយ តើត្រូវចាប់ផ្ដើមពីណាទៅណា?

"តើលោកភ័យទេ Eliot?" គិតៗ គិតឡើងចង់ក្រញាញ់ខួរទៅហើយទម្រាំតែអាចរកសំណួរមកសួរបាន Kipuka ក្ដាប់ដៃ ច្របាច់ដៃ ញីដៃខ្លួនឯងឡើងក្រហមអស់ទៅហើយ ។
"ពីដំបូងក៏រៀងភ័យបន្តិចដែរ តែពេលនេះមិនអីទេ..." Eliot ឆ្លើយដោយមិនហ៊ានសម្លឹងមុខ Kipuka ចំៗនោះទេ
"តើលោកធ្លាប់ចូលរួមថត Video បែបនេះពីមុនមកទេ?" លេបទឹកមាត់ផ្សើមបំពង់កបន្តិចមុននឹងងាកទៅសួរបន្ត គេរៀងមានសង្ឃឹមបន្តិចព្រោះយ៉ាងណាក៏ Eliot មិនបានព្យាយាមរត់ចេញទៀតទេ ។
"មិនធ្លាប់ទេ នេះជាលើកទីមួយហើយ" Eliot អោនមុខចុះសម្លឹងចុងជើងរបស់ខ្លួន ដាច់ខាតមិនហ៊ានមើលមុខ Kipuka នោះទេ ។
"លើកទីមួយហ្ហ៎េស? លោក Surprise ខ្ញុំណាស់ Eliot មិននឹកស្មានថានេះជាលើកទីមួយរបស់លោកនោះទេ" Kipuka រៀងភ្ញាក់បន្តិចនៅពេលដឹងថានេះជាលើកទីមួយដែល Eliot ចូលរួមថត Video
"តើ...ខ្ញុំធ្វើមិនបានល្អមែនទេ?" Eliot ងើបមុខឡើងសម្លឹងមើល Kipuka ដោយភ្លេចខ្លួន ព្រោះគេចង់ដឹងណាស់ថា Kipuka គិតយ៉ាងម៉េចចំពោះការសម្ដែងរបស់គេ?
"អត់ទេ លោកធ្វើបានល្អខ្លាំងណាស់ Eliot ខ្ញុំស្ទើរតែមិនចង់ជឿទេថាលោកមិនធ្លាប់មានបទពិសោធន៍ពីមុនមក ព្រោះការនិយាយ និងការសម្ដែងរបស់លោករលូនមិនដូចជាអ្នកមិនធ្លាប់មានបទពិសោធន៍ទាល់តែសោះ" Kipuka ញញឹមស្រស់សម្លឹងទៅកាន់ Eliot ដោយកែវភ្នែកស្រទន់ បើសិនជា Eliot ចាប់អារម្មណ៍មើលគេតែបន្តិចនោះ Eliot នឹងដឹងហើយថា Kipuka តែងតែមើលទៅគេបែបនេះយូរមកហើយ ។
"លោកគិតបែបនេះហ្ហ៎េស? ខ្ញុំស្មានតែខ្លួនឯងបង្ករបញ្ហារទៅហើយ" មិនដឹងថាហេតុអីទេគេមានអារម្មណ៍ល្អណាស់នៅពេល Kipuka សរសើរគេបែបនេះ ជាពិសេសនៅពេលដែលឃើញស្នាមញញឹមស្រស់លើផ្ទៃមុខដ៏ស្អាត ជាមួយកែវភ្នែកដែលសម្លឹងមកគេយ៉ាងស្រទន់នោះ ធ្វើអោយបេះដូងគេលោតញ៉ាប់ណាស់ រហូតដល់...
"Eliot ច្រមុះរបស់លោកហូរឈាមទៀតហើយ" Kipuka ស្ទុះចូលមកជិត Eliot ដោយយកដៃអាវមកជូតផ្ដិតឈាមពីច្រមុះរបស់ Eliot ពេលនេះទោះបីជា Eliot ចង់គេចក៏គេចមិនបានដែរ! នេះជាឱកាសល្អរបស់គេហើយគេត្រូវចូលទៅជិត Eliot អោយបាន!
"Kipuka ឈប់សិន...អាវរបស់លោកប្រលាក់អស់ហើយ ចាំ...ចាំខ្ញុំជូតខ្លួនឯងវិញ" Eliot ចង់ខិតចេញពី Kipuka ខ្លាំងណាស់ព្រោះខ្លាចថាខ្លួនអាចនឹងឈាមច្រមុះរហូតដល់ស្លាប់ ប៉ុន្តែរាល់ការប៉ះពាល់ពេញដោយភាពទន់ភ្លន់ កក់ក្ដៅ និងក្លិនក្រអូបផ្អែមចេញពីរាងកាយរបស់ Kipuka ធ្វើអោយគេមានអារម្មណ៍ថាស្ដាយប្រសិនបើគេគេចចេញ ។
"មិនអីទេនៅស្ងៀមៗទៅ" Kipuka ចាប់ស្មារ Eliot ជាប់ដោយដៃម្ខាង ហើយប្រើដៃម្ខាងទៀតជូតឈាមអោយ Eliot ។
"..." Eliot ព្រមនៅស្ងៀមដោយស្ដាប់បង្គាប់ បើ Kipuka បានផ្ទៀងស្ដាប់នោះនឹងបានលឺថាពេលបេះដូងរបស់គេលោតញ៉ាប់ខ្លាំងប៉ុណ្ណា ។

Eliot សំងំសម្លឹងមើល Kipuka ជូតឈាមអោយគេយ៉ាងយកចិត្តទុកដាក់ គ្រប់សកម្មភាព គ្រប់កាយវិការ រាល់ពេលប្រអប់ដៃតូចហើយទន់ប៉ះថើរៗត្រង់ច្រមុះរបស់គេ គេយល់ថាដូចជាខ្លួនកំពុងថើបដៃដ៏ទន់នោះយ៉ាងអញ្ចឹង ព្រោះក្លិនក្រអូបផ្អែមពីប្រអប់ដៃនោះភាយចូលពេញច្រមុះរបស់គេ ។ មុខរបស់ Kipuka ស្រទន់ ស្អាត គន់មើលយូរកាន់តែគួរអោយចូលចិត្ត បបូរមាត់ក្រហមដូចឈើរីទុំរាងបេះដូងត្រលុកត្រលន់ចង់តែខាំជញ្ជក់ភ្លក់រស់ជាតិ តើនេះជាអារម្មណ៍អ្វីទៅ? ហេតុអីក៏រំភើបញ៉ាប់ញ័រខ្លាំងយ៉ាងនេះ?

"Eliot ហេតុអីបានជាឈាមហូរកាន់តែច្រើនអញ្ចឹង? លោកឈឺមែនទេ?" ជូតកាន់តែយូរទៅឈាមដូចជាហូរកាន់តែច្រើនមិនចេះអស់សោះ ធ្វើអោយ Kipuka ចាប់ផ្ដើមបារម្ភហើយ ។
"មិនអីទេៗ" Eliot និយាយទាំងញ័រមាត់ ទម្រាំរកពាក្យមកឆ្លើយបានគេភាំងភ្លឹកមួយសន្ទុះទៅហើយ
"តើលោកត្រូវការសម្រាកសិនទេ?" Kipuka នៅតែបារម្ភ
"Kipuka... ខ្ញុំមិនអីនោះទេគ្រាន់តែឈាមច្រមុះប៉ុណ្ណោះ បន្តិចទៀតបាត់ហើយ" Eliot កាន់ដៃ Kipuka បន្តិចដើម្បីកុំអោយគេបារម្ភពីខ្លួនពេក
"ប៉ុន្តែលោកហូរឈាមច្រើនណាស់ណា Eliot"
"ប្រហែលអាកាសធាតុក្ដៅពេកហើយមួយរយៈនេះ" Eliot ងើយឡើងលើសម្លឹងមើលមេឃដើម្បីអោយឈាមដែលច្រាលមកហូរទៅវិញ គេធ្វើជាបន្ទោសទៅលើអាកាសធាតុដើម្បីកុំអោយ Kipuka សង្ស័យ ព្រោះការពិតមិនមែនមកពីអាកាសធាតុក្ដៅអីទេ គឺខ្លួនគេក្ដៅព្រោះគេលួចគិតផ្ដេសផ្ដាសលើ Kipuka ប៉ុណ្ណោះ ។

បើ Kipuka ដឹងប្រហែលជាគិតថាគេជាមនុស្សរោគចិត្តមិនខានទេ ដូច្នេះចាប់ពីថ្ងៃនេះទៅប្រហែលត្រូវធ្វើខ្លួនអោយឆ្ងាយៗពី Kipuka បន្តិចហើយទើបបាន ។

"អីវ៉ាន់រៀបហើយៗ តោះចេញដំណើរ!" Ocean លើកដៃក្រវីក្រវាត់ស្រែកប្រាប់ពីចំងាយ

សំណាងល្អណាស់! កំពុងតែគិតរកវិធីប្រឈមមុខជាមួយ Kipuka ផង ឥឡូវ Ocean និង Seeky មកដល់ល្មម Eliot មិនចាំបាច់ព្រួយបារម្ភរឿងត្រូវប្រឈមមុខជាមួយ Kipuka តែម្នាក់ឯងទៀតទេ ។

"Aww Eliot លោកកើតអីឬអត់? ឈាមច្រើនម្ល៉េះ? តើអ្នកទាំងពីរដាល់គ្នាហ្ហ៎េស?" មកដល់ឃើញច្រមុះ Eliot សុទ្ធតែឈាមបែបនេះ Ocean គិតថាអាចមកពី Kipuka ដាល់ទេដឹង?
"មិនមែននោះទេ" Eliot តបទាំងចង់សើចហួសចិត្ត កដៃតូចៗដូចជា Kipuka ទៅអាចដាល់គេបានហ្ហ៎?

"អញ្ចឹងលោកអាចធ្វើដំណើរបានដែរទេ? ខ្ញុំគិតថាសម្រាកបន្តិចសិនទៅ ចាំថ្ងៃស្អែកចាំធ្វើដំណើរក៏បានដែរ" Seeky ខ្លាចថា Eliot មានបញ្ហារសុខភាពទើបបានជាហូរឈាមច្រមុះច្រើនបែបនេះ ដូច្នេះប្រហែលគេមិនអាចបន្តដំណើរបាននោះទេ ។
"ខ្ញុំមិនអីនោះទេ ពួកយើងអាចបន្តដំណើរបាន គ្រាន់តែហូរឈាមបន្តិចប៉ុណ្ណោះ បន្តិចទៀតលែងអីហើយ" គេមិនបានកើតអីទេឈាមនេះវាហូរព្រោះតែកម្ដៅក្នុងខ្លួនទេតើ នៅពេលដែលកម្ដៅស្ងប់វានឹងលែងហូរទៀតហើយ ។
"លោកប្រាកដឬអត់ថាអាចបន្តដំណើរបាន?" Seeky សួរបញ្ជាក់
"មិនអីទេ! ឃើញទេឥឡូវឈាមលែងហូរហើយ" មិនចង់អោយសង្ស័យច្រើន Eliot ប្រឹងជូតឈាមទាល់តែអស់ហើយក៏បង្ហាញអោយ Ocean និង Seeky មើលថាគេពិតជាមិនអីមែន ។

"តោះចេញដំណើរតែម្ដងទៅ!" ឃើញគ្រប់គ្នាមើលមុខគេទាំងមិនចង់ជឿបែបនេះគេក៏បបួលហើយដើរនាំមុខទៅតែម្ដង ព្រោះមិនចង់ស្ដាប់ការហាមឃាត់អ្វីតទៅទៀតទេ ។

ការធ្វើដំណើរជាមួយស្ថានភាពបែបនេះមិនទៅជាលំបាកអីណាស់ណាសម្រាប់គេទេ អ្វីដែលសំខាន់គឺគេនឹងត្រូវថតជាមួយ Kipuka តែពីរនាក់! តើគេនឹងត្រូវប្រឈមមុខជាមួយ Kipuka ដោយរបៀបណា? គេត្រូវតែរៀនធ្វើចិត្តអោយនឹងនទើបបាន មិនអាចចេះតែបណ្ដោយអោយខ្លួនឯងញ៉ាប់ញ័ររាល់ពេលឃើញ Kipuka បែបនេះទេ ។

Bạn đang đọc truyện trên: Truyen3h.Co