Truyen3h.Co

Coffee Shop

24. ដេកតង់ជាមួយ Kipuka?

Nombangbakyong

វគ្គ 24

ការធ្វើដំណើរនៅតាមផ្លូវមិនសូវជាស្ងាត់ប៉ុន្មានទេ ដោយពួកគេជជែកគ្នាលេង សួរនាំពីគ្នាជាហូរហែ Ocean ក៏តែងទាញកាមេរ៉ាមកថតសកម្មភាពពួកគេធ្វើដំណើរ ផ្លូវពិបាកៗដែលពួកគេត្រូវឆ្លងកាត់ជាដើម ។

ចំណាយពេលធ្វើដំណើរដោយថ្មើរជើងរយៈពេល 6ម៉ោងទីបំផុតក៏មកដល់ទីតាំងហាងកាហ្វេតូចមួយនោះហើយ ហាងកាហ្វេនេះហើយជាកន្លែងដែលនាំអោយពួកគេបានជួប Eliot ។

"ខ្ញុំនិង Seeky រៀបចំអាហារ ចំណែក Kipuka និង Eliot អ្នកទាំងពីររៀបចំតង់សម្រាប់សម្រាកយប់នេះ Ok ទេ?" ពេលនេះម៉ោង 2រសៀលទៅហើយ ហើយព្រោះពួកគេរំលងអាហារថ្ងៃត្រង់ ព្រោះចង់ធ្វើដំណើរមកដល់ទីតាំងសិនចាំញ៉ាំតែម្ដង ដូច្នេះពេលនេះក៏កំពុងញ៉ាប់ដៃញ៉ាប់ជើង បែងចែកការងារគ្នាធ្វើមានអ្នករៀបចំតង់ និងអ្នករៀបចំអាហារ ។
"Ok សម្រេចតាមហ្នឹង" Kipuka ទទួលតាមការរៀបចំរបស់ Ocean ហើយពួកគេក៏បំបែកគ្នាទៅធ្វើការងាររៀងខ្លួន ។

"Eliot លោកអាចចូលទៅក្នុងតង់ហើយយកអំពូលនេះទៅព្យួរក្នុងតង់បន្តិចបានទេ?" តង់តម្លើងរួចរាល់អស់ហើយប៉ុន្តែ Kipuka ត្រូវពិនិត្យមើលសិនក្រែងលោដំបង្គោលមិនជាប់ ដូច្នេះដើម្បីការងារហើយលឿនគឺមានតែអោយ Eliot ជាអ្នករៀបចំខាងក្នុងប៉ុណ្ណោះ ។
"បានមិនអីទេ" Eliot ធ្វើតាមអ្វីដែល Kipuka ប្រាប់ ចូលក្នុងតង់ហើយយកអំពូលទៅព្យួរគ្រប់តង់ដែលបានតម្លើងហើយ ។

"មានអ្វីអោយខ្ញុំជួយទៀតទេ?" បន្ទាប់ពីគ្រប់យ៉ាងរួចរាល់ Eliot ចេញមកវិញ ហើយសួរនាំក្រែងលោមានអ្វីត្រូវធ្វើបន្ត ។
"នេះ! រៀបចំភ្លើង លោកជួយដាំបង្គោលខាងនោះ ចំណែកខ្ញុំខាងនេះ" Kipuka លើកខ្សែភ្លើងមួយចំកោមឡើងបង្ហាញ ហើយក៏ចង្អុលប្រាប់ពីអ្វីដែល Eliot ត្រូវធ្វើ ។

"Eliot ជួយទប់ខ្ញុំបន្តិច" Kipuka តោងប្រផិតប្រផោយយកខ្សែភ្លើងទៅចងនឹងបង្គោលដែលបានដាំហើយព្រោះពិបាកទប់ខ្លួនពេកទើបហៅ Eliot អោយជួយ ។
"បាទ" Eliot ក៏រត់ទៅជួយទប់ Kipuka តាមសំណើរ
"ទប់ខ្ញុំអោយជាប់" Kipuka ខំប្រឹងចំអើតប្រផិតប្រផើយព្រោះខ្លាចដួលទើបប្រាប់អោយ Eliot ទប់អោយជាប់
"..." Eliot មិនឆ្លើយតបប៉ុន្តែធ្វើតាមអ្វីដែល Kipuka ប្រាប់ ។

គេឈរគៀកពីក្រោយ Kipuka យកដៃក្រសោមចង្កេះតូចមួយក្ដាប់ ពេលឈរជិតគៀកៗបែបនេះធ្វើអោយគេអាចស្រង់ក្លិនក្រអូបពីខ្លួនរបស់ Kipuka បានយ៉ាងជិតស្និត ។ ចំណែក Kipuka គិតតែខំចងខ្សែភ្លើងមិនបានចាប់អារម្មណ៍ខ្វល់ពី Eliot នោះទេ រហូតទាល់តែចុងច្រមុះស្រួចទម្លាក់ថើរៗលើគល់កខាងក្រោយរបស់គេទើបគេចាប់អារម្មណ៍ពីភាពខុសប្រក្រតីរបស់ Eliot ។

តើ Eliot កំពុងលួចថើបគេមែនទេ?

"រៀបចំហើយនៅ? តោះញ៉ាំបាយ!" សម្លេងហៅរបស់ Ocean ដាស់អោយ Eliot ភ្ញាក់ខ្លួនព្រើតដូចត្រូវខ្សែភ្លើងឆក់!

គេប្រញាប់ប្រលែង Kipuka នៅពេលក្រឡេកឃើញ Ocean កំពុងតែដើរមក ធ្វើអោយ Kipuka ដែលមិនបានតាំងជំហរវិះនឹងដួលផ្ញាក្រោយទៅហើយ!

"សុំ...សុំទោស...មុននេះខ្ញុំភ្លេចខ្លួន តើលោកមិនអីទេមែនទេ?" ឃើញ Kipuka រកដួល Eliot ដឹងខ្លួនក៏ចូលទៅត្រកងជាប់មិនអោយដួលទាន់នោះទេ
"មិន...អីទេ អរគុណ" Kipuka ភ្លឹកបន្តិចដែលត្រូវបាន Eliot អោបជាប់បែបនេះ គេរំភើបណាស់ព្រោះបើកុំតែ Eliot អោបជាប់ប្រហែលមុននេះនឹងត្រូវដួលផ្ញាក្រោយហើយ ។

គម្រោងការរបស់គេជោគជ័យបណ្ដើរៗហើយមែនទេ? មុននេះ Eliot ប្រតិកម្មចំពោះគេណាស់ Eliot ថែមទាំងបានលួចថើបគេយ៉ាងភ្លេចខ្លួនទៀតផង!

"ហ្ហ៎េ! រវល់អោបគ្នាចឹងតើ! នេះហៅអោយស៊ីបាយមួយថ្ងៃហើយស្ងាត់ជ្រាប!" Ocean ដើរមកដល់ឃើញគេអោបគ្នាបែបនេះក៏ចំអន់លេងបន្តិចទៅ ។

Eliot និង Kipuka នាំគ្នាធ្វើខ្លួនមិនត្រូវពេលត្រូវ Ocean ចំអន់បែបនេះ ម្នាក់ៗអឹមអៀនរៀងខ្លួន តាមពិតទៅមុននេះប្រលែង Kipuka ព្រោះខ្លាចថា Ocean មកឃើញនឹងយល់ច្រឡំ ហើយចុងក្រោយនៅតែត្រូវ Ocean ឃើញហើយយល់ច្រឡំដដែរ!

___________

បន្ទាប់ពីបានស្រស់ស្រូបអាហារថ្ងៃត្រង់រួចរាល់ ពួកគេក៏នាំគ្នារៀបចំខ្លួនសម្រាប់ការថត Vlog ទីពីរ ។

Vlog ទីពីរ <ណែនាំអំពីកាហ្វេ>

"ត្រៀមខ្លួនហើយឬនៅ? ចាប់ផ្ដើមថតហើយណា!" Ocean រៀបចំកាមេរ៉ារួចរាល់ ក៏ងាកទៅសួរបញ្ជាក់តួសម្ដែងទាំងពីរបន្តិច
"រួចហើយអាចចាប់ផ្ដើមបាន" Kipuka ឆ្លើយពេញដោយភាពជឿជាក់ លើកនេះមិនភ័យទៀតទេ

ការថត Vlog ទីពីរ ប្លង់ទីមួយចាប់ផ្ដើម!

"លោក Eliot អាចប្រាប់បានទេថាចំការកាហ្វេនេះសរុបមានប៉ុន្មានហិចតា? មើលទៅពិតជាធំល្វឹងល្វើយដាច់កន្ទុយភ្នែកណាស់" Kipuka ដើរបណ្ដើរសួរបណ្ដើរទៅតាមអ្វីដែលបានរៀបចំទុក
"ចំការទាំងអស់គឺ 1000ហិចតា" Eliot ឆ្លើយដោយមុខស្មើរ
"1000ហិចតា? ព្រះអើយ! អ្នកទាំងអស់គ្នា Eliot គឺជាមហាសេដ្ឋីលាក់មុខទេតើ!" Kipuka បើកភ្នែកធំៗដោយការភ្ញាក់ផ្អើលដែលមិនមែនជាការសម្ដែងទេគឺភ្ញាក់មែនទែន! ចំការកាហ្វេដល់ទៅ 1000ហិចតាមិនតិចទេណា! សូម្បីតែ Ocean និង Seeky ក៏សម្ដែងទឹកមុខភ្ញាក់ផ្អើលមិនចាញ់គ្នានោះដែរ Ocean វិះនឹងធ្លាក់កាមេរ៉ាពីដៃទៅហើយ ។

"តើ 1000ហិចតានេះដាំដំណាំកាហ្វេទាំងអស់ឬក៏មានដំណាំផ្សេងក្រៅពីកាហ្វេដែរ?" Kipuka គ្រប់គ្រងការបញ្ចេញអារម្មណ៍បានយ៉ាងល្អ! តាមពិតគេចង់តែស្ទុះស្រែកអោយណាណីទេ តែមិនចង់ធ្វើអោយខុសព្រោះបើខុសទៅនឹងពិបាកថតសារថ្មី ។
"តាមពិតទៅផ្ទៃដីសរុបគឺ 1000ហិចតា ប៉ុន្តែយើងអាចដាំដំណាំបានប្រហែលជា 700ហិចតាប៉ុណ្ណោះ ហើយសុទ្ធតែជាកាហ្វេទាំងអស់មិនមានដំណាំផ្សេងទេ"
"តើមូលហេតុអ្វីទើបបានជាដី 1000ហិចតាអាចដាំដំណាំបានតែ 700ហិចតា? តើលោកអាចជួយពន្យល់បានទេ?" Kipuka សម្លឹងមើលទៅ Eliot សួរដោយធ្វើមុខឆ្ងល់
"ដូចដែលលោកបានឃើញយ៉ាងអញ្ចឹង ទីនេះគឺគ្របដណ្ដប់ទៅដោយភ្នំ ដូច្នេះកន្លែងខ្លះមានថ្មច្រើន ឬក៏ទីតាំងខ្ពស់ពេកយើងក៏មិនអាចដាំបានដូចគ្នា"
"អ្ហ៎ា...អញ្ចឹងទេហ្ហ៎េស! ហើយចុះតើលោកអាចប្រាប់បានទេថាមូលហេតុអ្វីបានជាជ្រើសដាំដំណាំកាហ្វេនៅតំបន់នេះ? តើប្រជាជននៅទីនេះសុទ្ធតែដាំដំណាំនេះមែនទេ?" Kipuka ងក់ក្បាលបន្តិចមុននឹងសួរបន្ត
"នៅទីនេះអាកាសធាតុគឺអំណោយផលសម្រាប់កាហ្វេអារ៉ាប៊ីកា ប្រជាជននៅទីនេះភាគច្រើនគឺដាំដុះដំណាំកាហ្វេប៉ុន្ដែក៏មានដំណាំផ្សេងខ្លះក្រៅពីកាហ្វេដែរ ដូចជាស្រូវសាឡី ពោត និងអំពៅជាដើម"
"អម្បាញ់មិញលឺលោកលើកឡើងពីកាហ្វេអារ៉ាប៊ីកា តើអាចជួយលម្អិតបន្តិចបានទេ? ខ្ញុំដូចជាមិនទាន់យល់ទាល់តែសោះ តើ អារ៉ាប៊ីកា ជាឈ្មោះកាហ្វេមែនទេ?" Kipuka ឆ្ងល់ទើបសួរឡើងមកទាំងដែលការពិតសំណួរនេះមិនមាននៅក្នុង Script នោះទេ
"បាទ អារ៉ាប៊ីកា គឺជាឈ្មោះកាហ្វេ ដំណាំកាហ្វេទាំងអស់នៅលើពិភពលោកគឺ អារ៉ាប៊ីកា នេះជាកាហ្វេដែលមានរសជាតិឆ្ងាញ់ជាងគេ និងមានតម្លៃថ្លៃជាងគេ" Eliot ក៏សហការឆ្លើយបានយ៉ាងល្អតែម្ដង ទោះបីជាសំណួរមិនមាននៅក្នុង Script ក៏ដោយ
"Wow គួរអោយចាប់អារម្មណ៍ណាស់ តើកាហ្វេទាំងអស់មានប៉ុន្មានប្រភេទ? លោកអាចជួយប្រាប់បានទេ?" សម្ដែងទឹកមុខភ្ញាក់ផ្អើលបន្តិចបានសមឥតខ្ចោះ
"កាហ្វេមានច្រើនប្រភេទណាស់មិនអាចរៀបរាប់អស់ទេ ប៉ុន្តែកាហ្វេដែលមានការពេញនិយមបំផុតគឺ អារ៉ាប៊ីកា និង រ៉ូប៊ូស្ដារ" Eliot ញញឹមឡើងបន្តិចនៅពេលឃើញ Kipuka សម្ដែងទឹកមុខសមបែបនេះ
"តើមានភាពខុសគ្នាដូចម្ដេចរវាងកាហ្វេទាំងពីរប្រភេទលោកអាចប្រាប់បានទេ? តើលោកជ្រើសរើសដាំកាហ្វេ អារ៉ាប៊ីកាព្រោះវាមានតម្លៃថ្លៃមែនទេ?" ពេលនេះក៏ប្ដូរមកជាធ្វើមុខឆ្ងល់វិញម្ដង
"ប្រាកដហើយព្រោះ អារ៉ាប៊ីកា លក់បានថ្លៃ! ប៉ុន្តែក៏មកពីភាពខុសគ្នារវាង អារ៉ាប៊ីកា និង រ៉ូប៊ូស្ដា ផងដែរ ជាទូទៅ អារ៉ាប៊ីកា គឺទាមទារការមើលថែរខ្ពស់ព្រោះវាងាយក្នុងការរងនូវការវាយប្រហារពីសត្វល្អិតខ្លាំងជាង រ៉ូប៊ូស្ដារ ចំណែកឯការដាំដុះវិញអាចដាំដុះក្នុងរយៈកម្ពស់ប្រមាណជា 800ម៉ែត្រទៅ 1500ម៉ែត្រ ហើយត្រូវការអាកាសធាតុត្រជាក់ចន្លោះពី 15°C ដល់ 25°C រីឯ រ៉ូប៊ូស្ដារវិញមិនពិបាកក្នុងការមើលថែរប៉ុន្មានទេហើយជាទូទៅគឺអាចប្រមូលផលបានច្រើនជាង អារ៉ាប៊ីកា ការដាំដុះគឺនៅកម្ពស់ 2000ម៉ែត្រទៅ 3000ម៉ែត្រ និងស្ថិតក្នុងអាកាសធាតុពី 20°C ដល់ 35°C និងលក់បានតម្លៃទាបជាង អារ៉ាប៊ីកា" Eliot រៀបរាប់គ្មានទាក់បន្តិចសោះនេះបានចំជាអ្នកជំនាញផ្នែកកាហ្វេមែនតែម្ដង!
"តើព្រោះ រ៉ូប៊ូស្ដារ ងាយស្រួលក្នុងការដាំដុះ និងប្រមូលផលបានច្រើនជាងមែនទេទើបបានជាលក់បានតម្លៃថោកជាង?" ទៀតហើយ! សំណួរនេះក៏គ្មាននៅក្នុង Script ដែរ!
"មិនមែនបែបនេះទាំងស្រុងទេ ក៏មកពីកត្តារសជាតិរបស់វាផងដែរ រ៉ូប៊ូស្ដារ គឺមានអាស៊ីតទាបជាង អារ៉ាប៊ីកា ហើយមានជាតិកាហ្វេអ៉ីនច្រើនចន្លោះពី 1.7% ទៅ 3.5% ឯណោះ! វាមានរសជាតិធ្ងន់ ហើយល្វីងផងដែរ ចំណែក អារ៉ាប៊ីកា វិញវាមានអាស៊ីតខ្ពស់ជាង រ៉ូប៊ូស្ដារ ប៉ុន្តែកាហ្វេអ៉ីនគឺត្រឹមតែ 1.1% ទៅ 1.7%នោះទេ ដែលធ្វើអោយរសជាតិរបស់វាស្រាល ក្លិនឈ្ងុយ Aroma ខ្លាំង និងមិនប៉ះពាល់ដល់សុខភាព បែបនេះហើយទើបបានជា អារ៉ាប៊ីកា មានតម្រូវការខ្ពស់ជាង និងតម្លៃថ្លៃជាង" ហើយ Eliot ក៏នៅតែអាចឆ្លើយបានល្អដដែរ ហាក់ដូចជាសំណួរអីក៏ដោយអោយតែទាក់ទងនឹងកាហ្វេគឺស៊ីផុយ!
"អូហូ! មិននឹកស្មានថាកាហ្វេមានភាពស្មុគស្មាញយ៉ាងនេះសោះ! បងប្អូនទាំងអស់គ្នាឥឡូវកុំអោយខាតពេលយូរពួកយើងទៅទស្សនាចំការកាហ្វេតែម្ដងទៅ~" ប្លង់ទីមួយត្រូវបានបញ្ចប់ ដើម្បីបិទបញ្ចប់ប្លង់ទីមួយ Kipuka ក៏មិនភ្លេចទាញចំណាប់អារម្មណ៍អ្នកមើលអោយតាមដានប្លង់បន្ទាប់នោះដែរ ។

"ល្អ! កាត់! អ្នកទាំងពីរហេតុអីក៏ធ្វើបានល្អយ៉ាងនេះ? មិននឹកស្មានសោះ Kipuka សួរដោយរលូនហើយ Eliot ក៏ឆ្លើយគ្មានទាក់ទៀត ល្អខ្លាំងណាស់! ល្អខ្លាំងមែនទែន!" Ocean រន្ធត់ចិត្តស្ទើរស្រក់ទឹកភ្នែកលើកសរសើរមិនដាច់ពីមាត់ ព្រោះតាំងពីចេះដើរថត Vlog ជាមួយគ្នាមកមិនដែលឃើញ Kipuka ធ្វើបានល្អដូចពេលនេះនោះទេ ។

មិនមែនគេមិនពូកែទេតែរាល់លើកថតខុសខ្លះត្រូវខ្លះទើប Video ភាគច្រើនយកមក Voice Over មិនដូចជាពេលនេះទេថតត្រូវដោយមិនបាច់ណែនាំច្រើន ហើយទោះបីមានសំណួរខ្លះមិនបានរៀបក្នុង Script ក៏ Kipuka និង Eliot នៅតែអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ។ ពិតជាដៃគូសហការដ៏សាកសមពិតមែន បើសិនជា Eliot គឺជាសមាជិកក្រុម ជើងវែង ដែរនោះមិនដឹងល្អយ៉ាងណាទេ ពួកគេប្រាកដជាស្រួលក្នុងការថត Video មិនខានទេ ។

"ឥឡូវល្ងាចហើយពួកយើងសម្រាកថតសិនទៅចាំព្រឹកស្អែកចាំថតទៀត" Seeky រៀបចំសម្ភារៈបណ្ដើរៗហើយ ព្រោះពេលនេះម៉ោង 5ល្ងាចទៅហើយចាំអង្កាល់ទៀត ។

"តោះជួយគ្នារៀបចំឆាប់បានសម្រាក់" Ocean ក៏ញ៉ាប់ដៃញ៉ាប់ជើងដូចគ្នា ។

គ្រប់គ្នានាំគ្នាជួយគ្នាម្នាក់បន្តិច ហើយបន្ទាប់ពីរៀបអីវ៉ាន់រួចក៏នាំគ្នាដើរទៅរកតង់ដែលតម្លើងទុកជាស្រេច ពួកគេគឺថតនៅជិតៗហាងកាហ្វេប៉ុណ្ណោះមិនទាន់ទៅឆ្ងាយទេ ព្រោះទម្រាំបានថតក៏ល្ងាចណាស់ទៅហើយ ទើបសម្រេចចិត្តថតនៅក្បែរៗនេះសិនខ្លាចថាបើទៅឆ្ងាយនឹងពិបាកធ្វើដំណើរមកវិញនៅពេលមេឃងងឹត ។

_________

បន្ទាប់ពីអាហារពេលល្ងាចរួចរាល់ ពួកគេអង្គុយដុតភ្នួកភ្លើងជុំគ្នាពិភាក្សាគ្នាលេង ក៏ដូចជានិយាយពីផែនការសម្រាប់ការថតនៅថ្ងៃស្អែកផងដែរ ។

"ថ្ងៃស្អែកពួកយើងនឹងចូលទៅថតនៅចំការកាហ្វេ ហើយទាំងនេះជា Script ដែលត្រូវនិយាយ Eliot លោក Ok ទេ? បើមានកន្លែងណាដែលលោកមិនពេញចិត្តអាចប្រាប់បាន" Seeky ហុចក្រដាសដែលបានត្រៀមទុកជាស្រេចអោយទៅ Eliot និង Kipuka

"នៅទីនេះអត់មានកន្លែង Print ទេអញ្ចឹងហើយខ្ញុំសរសេរខ្លួនឯងតែម្ដងទៅ ហិហិ អក្សរសរសេរដោយដៃរបស់ខ្ញុំរៀងពិបាកមើលបន្តិចហើយ បើមានកន្លែងណាអត់យល់អាចសួរបាន" បន្ទាប់ពី Eliot និង Kipuka ទទួលយកក្រដាសទៅអានហើយ Seeky ក៏អេះក្បាលបន្តិចទាំងអឹមអៀន ព្រោះអក្សរសរសេរដោយដៃមិនស្អាតដូចអក្សរវាយក្នុងកុំព្យូទ័រទេ ។

"មិនអីទេប៉ុណ្ណឹងអានបាន" Eliot អានបានពីរបីបន្ទាត់ក៏ញញឹមតបគួរសម តាមពិតអក្សរមានទៅអាក្រក់អីឯណា! ស្អាតជាងអក្សរគេទៀតណ៎ ។

"មានការអីចាំពិភាក្សានៅថ្ងៃស្អែកទៀតទៅ ឥឡូវនេះយប់ហើយសុំទៅដេកមុនហើយ ព្រោះហត់មួយថ្ងៃហើយអស់កម្លាំងឈឺខ្លួនណាស់..." Ocean ងើបពត់ពែនខ្លួន និងរអ៊ូរទាំបន្តិចពីភាពហត់នឿយក្នុងការធ្វើដំណើរ ទាំងនេះគឺដើម្បីមិត្តភក្តិ! បើកុំតែចង់អោយមិត្តមានពេលវេលាស្និតស្នាលជាមួយ Crush ម្ល៉េះ! ក៏មិនសមមកត្រូវហត់អញ្ចឹងដែរ!

"ហ្ហឹម... ខ្ញុំក៏គិតរកទៅសម្រាកដែរ" Seeky ក៏ងើបរៀបចំខ្លួនប្រុងទៅសម្រាកដូចគ្នា

"និយាយអញ្ចឹង... អ្ហឹម... Eliot! លោកសម្រាកក្នុងតង់ជាមួយ Kipuka តែម្ដងទៅ! ព្រោះតង់របស់ Kipuka ធំអាចគេងបាន 2នាក់ Kipuka ឯងមិនប្រកាន់ទេមែនទេ?" Ocean រៀបបើកតង់ចូលដេកហើយទើបតែនឹកឃើញវិធីល្អមួយក៏ងាកមកបញ្ចុះបញ្ចូល Eliot និង Kipuka បន្តិចទៅ ។

តែហេតុអីក៏ស្ថានការណ៍នេះមានអារម្មណ៍ថាដូចជាធ្លាប់បានកើតឡើងម្ដង? មានអារម្មណ៍ថាដូចជា Deja Vu!
ត្រូវហើយ! កាលពីមុន Ocean និង Seeky ក៏ធ្លាប់បានសុំអោយ Eliot សម្រាកក្នុងតង់ជាមួយ Kipuka បែបនេះដូចគ្នា ។ ប៉ុន្តែកាលនោះ Eliot ត្រូវបាន Kipuka បដិសេធមិនអោយដេកក្នុងតង់ជាមួយនោះទេ! វាខុសគ្នាត្រង់ថា...

"Ok មិនអីទេ" គឺ Kipuka យល់ព្រម! ព្រមដោយស្នាមញញឹមពេញចិត្ត!

ប៉ុន្តែ Eliot...?

"មិន... មិនល្អទេដឹង?... អឺ...ខ្ញុំគេងនៅក្នុងហាងកាហ្វេវិញល្អជាង" លើកនេះគឺជា Eliot ដែលជាអ្នកបដិសេធ!

"..." Kipuka ទម្លាក់មុខចុះបន្តិច មានអារម្មណ៍ថាអន់ចិត្ត ខូចចិត្ត តូចចិត្ត និងស្ពឹកមុខក្នុងពេលតែមួយ តើ Eliot ស្អប់ខ្ពើមគេខ្លាំងដល់ថ្នាក់ហ្នឹងផងឬបានជាមិនចង់សូម្បីតែដេកក្បែរគេ?

កាលពីមុន Eliot ចូលចិត្តនៅក្បែរគេណាស់ តើពេលណាទើប Eliot ពីមុនត្រឡប់មកវិញ? Eliot ដែលមិនចេះខ្មាស់ មុខក្រាស់ តាមគេស្អិតគ្រប់វិនាទី និងមិនអាចទៅណាឆ្ងាយពីគេបាន ជា Eliot ដែលមិនដែលបដិសេធក្នុងការនៅក្បែរគេ... ជា Eliot របស់គេ... តើពេលណា Eliot ម្នាក់នោះនឹងត្រឡប់មកវិញទៅ? ឬក៏គេនឹងមិនត្រឡប់មករក Kipuka វិញទេ?

"ក្នុងហាងកាហ្វេកង្វក់ណាស់! សុទ្ធតែធូលី ហើយក៏គ្មានភួយខ្នើយសម្រាប់ដេកស្រួលបួលដែរ លោកត្រូវថតនៅថ្ងៃស្អែកផងអញ្ចឹងហើយដេកតង់ជាមួយ Kipuka ទៅ Eliot កុំអោយពិបាក ណាមួយខ្លាចលោសត្វអីខាំទៅវរៗឈឺថតអត់បានមិនយ៉ាប់ហើយ?" Eliot បដិសេធក៏មិនមែនជាបញ្ហារនោះទេ ព្រោះ Ocean គេបានរៀបចំផែនការរួចជាស្រេចទៅហើយ! ជឿថាបញ្ចុះបញ្ចូលប៉ុណ្ណេះទៅហើយ មិនដែលថា Eliot ហ៊ានបដិសេធទៀតនោះទេ!

"ត្រូវហើយ Eliot មិនបាច់ទៅដេកក្នុងហាងកាហ្វេនាំតែពិបាកទេ តង់ធំទូលាយតើ! ស្រួលដេកពីរនាក់មិនចង្អៀតទេ មិនបាច់ក្រែងចិត្តទេណា" Seeky នេះក៏មិនណយដែរ បន្ថែមល្បើយទាល់តែ Eliot អស់ផ្លូវក្នុងការបដិសេធ!

"បា...បាទ...ដេកតង់ជាមួយ Kipuka ក៏បានដែរអញ្ចឹង" ឆ្លើយយល់ព្រមទាំងភ័យញ័រមាត់ព្រោះមិនចង់អោយ Ocean និង Seeky មិនសប្បាយចិត្តដែលត្រូវខ្លួនបដិសេធបំណងល្អរបស់គេ ។

Eliot ស្លេកមុខស្លេកមាត់ប្រឹងលេបទឹកមាត់ផ្សើមបំពង់កព្រោះមានអារម្មណ៍ថា បេះដូងលោតញ៉ាប់ពេកឡើងបែកញើសជោគថ្ងាស់ទៅហើយ! នៅតែពីរនាក់ក្នុងតង់ជាមួយ Kipuka! មានន័យថាគេត្រូវប្រឈមមុខជាមួយ Kipuka ដោយផ្ទាល់មែនទេ? បើដេកក្បែរ Kipuka នោះក្លិនក្រអូបរបស់ Kipuka អាចក្រអូបដល់គេដែរទេ? គ្រាន់តែគិតថានឹងដេកក្បែរ Kipuka ខួរក្បាលក៏ស្រមៃទៅដល់យប់ដែល Kipuka ស្រវឹង យប់នោះគេបានធ្វើរឿងមិនគប្បីមួយ ឥឡូវគ្រាន់តែគិតក៏ក្ដៅខ្លួនចង់ឆ្កួតដែរ! ពេលនេះបើអាចចង់តែបោកក្បាលខ្លួនឯងអោយសន្លប់អោយបាត់ៗទេ!

Bạn đang đọc truyện trên: Truyen3h.Co