25. ខ្ញុំចង់មើលផ្កាយជាមួយលោក
វគ្គ 25
រាត្រីយប់ស្ងាត់ខ្យល់ត្រជាក់បក់ផាយផាត់ ធ្វើអោយស្លឹកឈើហោះហើររសាយរសាត់ទៅតាមកម្លាំងនៃខ្យល់ យូរៗម្ដងក៏បន្ករជាសម្លេងប៉ះទង្គិចបន្តិចបន្តួចកំដរបរិយាកាសស្ងប់ស្ងាត់ ។ រាត្រីនេះមានផ្កាយរះភ្លឺព្រាកៗពេញមេឃ ថែមទាំងមានព្រះច័ន្ទដែលរះបានមួយចំរៀកមើលទៅដូចជាស្នាមញញឹម ហាក់ដូចជាពេលនេះផ្កាយតូចៗទាំងនោះក៏មានព្រះច័ន្ទញញឹមកំដរផងដែរ ។ តែគួរអោយស្ដាយដែលថ្ងៃនេះគ្មាននរណាម្នាក់មកអង្គុយចំណាយពេលគយគន់ សម្រស់ដ៏ស្រស់ស្អាតរបស់ធម្មជាតិនារពេលយប់ងងឹតបែបនេះទាល់តែសោះ បើសិនជាមាននរណាម្នាក់បានមើលនោះមិនដឹងជាស្រលាញ់ជាប់ចិត្តជាមួយទិដ្ឋភាពនេះប៉ុណ្ណាទេ...។
"ហ៊ូ!" Kipuka ដកដង្ហើមធំឡើងមក ព្រោះពេលនេះមានអារម្មណ៍ថាតានតឹងខ្លាំងណាស់ ធ្វើខ្លួនមិនត្រូវទេ ចាប់តាំងពីចូលក្នុងតង់មកដល់ពេលនេះគេមិនអាចដេកលក់ទាល់តែសោះ!
ពេលនេះឆ្ងល់ណាស់ថាតើ Eliot គេដេកលក់ហើយតើមែនទេ? គេដេកខ្លួនត្រង់ដូចបន្ទាត់ មិនសូម្បីតែរើរបម្រាស់ ឬក៏កម្រើក! តើ Eliot តែងតែដេកស្ងៀមបែបនេះមែនទេ? កាលពីមុន Kipuka តែងតែដេកលក់មុន Eliot រហូតមិនបានដឹងទាល់តែសោះថា Eliot ពេលដេកលក់ទៅនឹងមានលក្ខណៈរបៀបណា!
"ហ៊ូ!" ម្ដងទៀតហើយដែល Kipuka ដកដង្ហើមធំ! គេព្យាយាមរក្សារឥរិយាបថរៀបរយរហូតដល់រឹងខ្លួនឆ្កើត មិនហ៊ានសូម្បីកម្រើកខ្លួនព្រោះខ្លាចរំខានដល់ Eliot!
បើដឹងថាដេកតង់ជាមួយគ្នានឹងតានតឹងបែបនេះគេនឹងមិនយល់ព្រមនោះទេ! ហេតុអីក៏ពេលនេះមានអារម្មណ៍ថាធ្វើខ្លួនមិនត្រូវសោះអញ្ចឹង? ឬក៏មកពីពួកគេខាននៅក្បែរគ្នាបែបនេះយូរពេក? ចង់ដឹងណាស់ Eliot គេដេកលក់ពិតមែនឬក៏អត់? តើគួរតែស្ទាបគេបន្តិចទេណ៎? ឬក៏រើរបម្រាស់ខ្លួនបន្លំអោបគេតែម្ដងល្អទេ? មិនកើតទេ! ចុះបើគេស្រាប់តែភ្ញាក់នោះមិនវីវរទៅហើយទេ? ធ្វើបែបណាល្អអញ្ចេះនៀក! មានអារម្មណ៍ថាដូចកំពុងដេកជាមួយគល់ឈើយ៉ាងម៉េចមិនដឹងទេ! តើកាលពីមុន Eliot គេដេកស្ងៀមដូចគល់ឈើបែបនេះដែរមែនទេ?
"ហ្ហើយ!" តានតឹងដល់កំពូលហើយ! ទីបំផុត Kipuka មិនអាចសំងំដេកបានតទៅទៀតទេ ទើបសម្រេចចិត្តងើបអង្គុយដកដង្ហើមមួយឃ៊ូទៀតមុននឹងបើកតង់ចេញទៅអង្គុយនៅខាងក្រៅតែម្ដង ។
សំងំដេកក៏ដេកមិនលក់ដដែល! មកអង្គុយមើលមេឃមើលផ្កាយ ស្ដាប់សម្លេងចង្រិតយំវិញល្អជាង! ចាំងងុយពេលណាចាំចូលដេកតែម្ដងទៅ ។
ច្រីតៗៗ...!
ចង្រិតយំកងរំពងផ្អើលពេញព្រៃ ងាកទៅណាក៏លឺតែសម្លេងចង្រិតយំដែរ! ឆ្ងល់ណាស់តើពួកវាចេះហត់ឬអត់ណ៎? គ្រាន់តែមេឃចាប់ផ្ដើមងងឹតប៉ឹប! ពួកវាក៏ចាប់ផ្ដើមយំវ៉ឹបតែម្ដង! ស្ដាប់ដំបូងដូចជាមិនអីទេតែយូរៗទៅមានអារម្មណ៍ថារំខានត្រចៀកណាស់នៀក! តើពេលណាបានពួកវាចូលដេកចូលពួនហើយឈប់យំរំខានគេឯងទៀត?
សាំណាស់! ថាចេញមកក្រៅអង្គុយលំហែរអារម្មណ៍តែបែរជាត្រូវបានពួកអាចង្រិតអស់នេះរំខានអារម្មណ៍ទៅវិញ! ចង់ដើរមើលនេះមើលនោះក៏មិនហ៊ានដើរទៀតដែរ ព្រោះខ្លាចពស់ចឹកទៀត តែអង្គុយស្ងៀមៗបែបនេះគឺពិតជាគួរអោយធុញខ្លាំងណាស់ ។ ចង់ទៅដាស់ហៅ Ocean និង Seeky មកអង្គុយនិយាយគ្នាលេងណាស់នៀក! ប៉ុន្តែខ្លាចថាអាចនឹងត្រូវថ្មោងរបស់ពួកគេទាំងពីរក៏ថាបាន ។
អារម្មណ៍មនុស្សស្រលាញ់គេតែម្នាក់ឯងហេតុអីសែនលំបាកម្ល៉េះ? ហើយបើដឹងថាស្រលាញ់គេម្នាក់ឯងវាយ៉ាប់បែបនេះទៅហើយ! ហេតុអីក៏នៅតែប្រឹងត្រដរស្រលាញ់គេធ្វើអីណ៎?
ហត់ម្ល៉េះទេលោកអើយ!
"លោក?" Kipuka ភ្ញាក់ព្រើត! កំពុងអង្គុយកណ្ដោចកណ្ដែងម្នាក់ឯងសុខៗស្រាប់តែ Eliot មកអង្គុយក្បែរ តើគេមិនបានដេកលក់ទេហ្ហី?
"ហេតុអីក៏មកអង្គុយខាងក្រៅតែម្នាក់ឯងយូរបែបនេះ? គេងមិនលក់មែនទេ?" ដាក់ខ្លួនអង្គុយក្បែរ Kipuka បានស្រួលបួលហើយក៏សួរដោយសម្លេងស្រាល ព្រោះខ្លាចរំខានដល់ពីរនាក់ទៀតដែលដេកលក់ ។
តាមពិតទៅនៅក្នុងតង់គេសំងំស្ងៀម ដោយដេកមិនលក់និងតានតឹងមិនចាញ់ Kipuka នោះទេ ដំបូងឡើយឃើញ Kipuka ងើបចេញក្រៅគិតស្មានតែគេងើបទៅធ្វើធុរៈផ្ទាល់ខ្លួន ប៉ុន្តែមិននឹកស្មានថាគេមកអង្គុយមុខភ្នួកភ្លើងតែឯងបែបនេះទេ ។ Eliot សំងំរងចាំក្នុងតង់យូរគួរសមទម្រាំតែដាច់ចិត្តចេញមកក្រៅអង្គុយជាមួយ Kipuka បែបនេះ ព្រោះតែយូរហើយ Kipuka មិនព្រមចូលតង់សម្រាកវិញសោះ ។ ឃើញ Kipuka នៅខាងក្រៅយូរទាំងកណ្ដាលយប់ស្ងាត់បែបនេះ Eliot អន្ទះអន្ទែងនៅមិនសុខ ទើបចេញមកតាមព្រោះអត់មិនបារម្ភមិនបាន យប់ជ្រៅ! ព្រៃស្ងាត់! បែបនេះចុះបើមានសត្វអីមកខាំឬទិចទៅមិនចប់ទៅហើយ?
"អ្ហឹម... គេងមិនលក់ទើបមកអង្គុយលេងស្រូបយកខ្យល់អាកាសបន្តិច..." ឆ្លើយទាំងធ្វើខ្លួនមិនត្រូវ ព្រោះយល់ថាចម្លែកដែល Eliot មកអង្គុយក្បែរបែបនេះ
"យប់ជ្រៅនៅខាងក្រៅយូរមិនល្អនោះទេ" Eliot ស្រាប់តែមានអារម្មណ៍ថាមិនពេញចិត្តទាល់តែសោះដែល Kipuka មិនបារម្ភពីសុវត្ថិភាពខ្លួនឯងហើយមកអង្គុយហាលខ្យល់អីទាំងយប់បែបនេះ!
"ហេតុអីបានជាលោកមិនគេង? តើខ្ញុំធ្វើអោយលោកភ្ញាក់មែនទេ?" ឃើញទឹកមុខ Eliot មិនល្អទាល់តែសោះ តើគេខឹងទេដឹង? ឬក៏គេខឹងដែល Kipuka ធ្វើអោយគេភ្ញាក់?
"ខ្ញុំក៏គេងមិនលក់ដែរ" តើអោយគេគេងលក់ដោយវិធីណាបើបេះដូងរបស់លោតចង់ចេញមកក្រៅម្ដងៗទៅហើយនោះ?
"អ្ហ៎ា... ខ្ញុំឃើញលោកគេងស្ងៀមៗ ខ្ញុំស្មានថាលោកគេងលក់ហើយទេតើ" Kipuka ស្រងាកចិត្តបន្តិចព្រោះមិនគិតថា Eliot ក៏គេងមិនលក់ដែរនោះទេ
"ខ្ញុំមានអារម្មណ៍ថាអាកាសធាតុក្ដៅបន្តិច ទើបគេងមិនលក់ តែចេះតែសំងំស្ងៀមៗទៅព្រោះខ្លាចរំខានដល់លោក" ក្ដៅហ្ហ៎េស? នៅទីនេះអាកាសធាតុត្រជាក់ជាងតំបន់ធម្មតា បើទោះជារដូវនេះជារដូវក្ដៅក៏អាកាសធាតុមិនលើសពី 25°C នោះទេ ចំណែកពេលយប់អាកាសធាតុនឹងចុះត្រជាក់ជាងពេលថ្ងៃទៅទៀត ។
Kipuka មានអារម្មណ៍ថាត្រជាក់ឡើងអង្គុយត្របោមក្បាលជង្គុងទៅហើយ ហេតុអីក៏ Eliot ថាក្ដៅទៅវិញ? បើតាមការប៉ាន់ស្មាន អាកាសធាតុនៅយប់នេះគឺប្រហែលជា 20°C នេះមិនមែនជាអាកាសធាតុដែលល្អនោះទេ កុំថាឡើយក្ដៅ! សូម្បីតែកក់ក្ដៅបន្តិចក៏គ្មានដែរ!
"ខ្ញុំគិតថាអាកាសធាតុយប់នេះអាចនឹងខ្ទង់ 20°C តើ 20°C ហើយនៅតែក្ដៅទៀតឬ? លោកចូលចិត្តអាកាសធាតុត្រជាក់មែនទេ?" Kipuka មិនចង់ជឿនោះទេ 20°C ហើយនៅថាក្ដៅទៀត! តើទាល់តែ -0°C ឬទើបថាត្រជាក់?
"ប្រហែលជាបែបនោះហើយ..." ពេលដែលត្រូវ Kipuka សួរបែបនេះ Eliot ស្រាប់តែគាំងរកនឹកឆ្លើយមិនឃើញព្រោះគេគ្រាន់តែយកអាកាសធាតុមកគ្រាន់ជាលេសប៉ុណ្ណោះ ។
ជាក់ស្ដែងអាកាសធាតុពិតជាមិនបានក្ដៅដូចដែលគេថានោះទេ ពេលនេះមានអារម្មណ៍ថាចង់បោកក្បាលតែម្ដងហើយនៀក! ហេតុអីបានជានិយាយថាអាកាសធាតុក្ដៅទាំងដែលអាកាសធាតុមិនក្ដៅបែបនេះទៅកើត!
"មិនចម្លែកទេអញ្ចឹងដែលខ្លួនរបស់លោកត្រជាក់..." Kipuka ទើបតែនឹកឃើញថាខ្លួនរបស់ Eliot គឺត្រជាក់ បែបនេះទេដឹងបានជាគេចូលចិត្តត្រជាក់?
"តើខ្លួនខ្ញុំពិតជាត្រជាក់ពិតមែន?" Eliot មិនដែលចាប់អារម្មណ៍នោះទេ តើខ្លួនគេពិតជាត្រជាក់ពិតមែនឬ? Kipuka អាចដឹងដោយរបៀបណា?
"ត្រូវហើយ! ដៃរបស់លោកក៏ត្រជាក់ដែរ មើលចុះពេលនេះក៏នៅតែត្រជាក់" Kipuka ស្រវាចាប់ដៃរបស់ Eliot ព្រោះចង់បញ្ជាក់ថាដៃគេពិតជាត្រជាក់ពិតមែន
"ពិតមែន?" Eliot បើកភ្នែកធំៗសួរបញ្ជាក់ព្រោះមិនចង់ជឿសោះថាដៃរបស់គេត្រជាក់
"អ្ហឹម" Kipuka ងក់ក្បាល និងធ្វើជាសម្លេងក្រហឹមតបជំនួសការឆ្លើយ ហើយដកដៃរបស់ខ្លួនមកវិញ
"ប៉ុន្តែដៃរបស់លោកកក់ក្ដៅ!" ដៃរបស់ Kipuka ពិតជាកក់ក្ដៅពិតមែនធ្វើអោយគេកាន់ហើយមិនចង់លែងវិញទាល់តែសោះ ទើបពេលនេះអង្គុយសម្លឹងមើលដៃទន់ៗនោះទាំងសោកស្ដាយ គេចង់ចាប់កាន់ដៃនោះម្ដងទៀតខ្លាំងណាស់!
"ហាសហាប្រហែលមកពីខ្ញុំមិនសូវចូលចិត្តអាកាសធាតុត្រជាក់ទេដឹង?" Kipuka អស់សំណើចបន្តិចនៅពេលឃើញ Eliot ធ្វើមុខមិនដឹងអីបែបនេះ គួរអោយខ្នាញ់ណាស់!
"លោកមិនចូលចិត្តត្រជាក់ហ្ហ៎េស?" តាមពិតទៅមុននេះគេប្រុងនឹងសុំកាន់ដៃ Kipuka ម្ដងទៀតទៅហើយ តែនៅពេលលឺបែបនេះគេក៏មិនហ៊ានវិញ ព្រោះយល់ថា Kipuka អាចនឹងមិនចូលចិត្តដោយសារដៃរបស់គេត្រជាក់មិនកក់ក្ដៅ ។
"មិនមែនទាំងស្រុងទេ អាកាសធាតុត្រជាក់ពេលខ្លះក៏ល្អដែរ ដូចជាពេលនេះអញ្ចឹង" Kipuka ញញឹមសម្លឹងមើលមេឃដែលមានផ្កាយរះភ្លឺភ្លេក គេចូលចិត្តអាកាសធាតុនៅពេលនេះ ត្រង់នេះ កន្លែងនេះ ព្រោះគេបាននៅជិត Eliot ។
"លោកចូលចិត្តផ្កាយដែរទេ?" ឃើញ Kipuka ញញឹមសម្លឹងមើលផ្កាយ Eliot ក៏ងើយមើលផ្កាយដូចគ្នា គេចូលចិត្តមើលផ្កាយណាស់ តើ Kipuka ចូលចិត្តមើលផ្កាយដែរឬក៏អត់?
"ពីមុនមិនសូវចូលចិត្តទេ តែពេលនេះចូលចិត្ត" ឆ្លើយដោយកែវភ្នែកនៅតែសម្លឹងមើលទៅផ្កាយដូចដើម
"ហេតុអី?" Eliot បែរមកសម្លឹងមើល Kipuka បន្តិចព្រោះមិនសូវយល់នោះទេ ហេតុអីបានជាពីមុនមិនចូលចិត្តតែឥឡូវចូលចិត្ត? តើមានភាពខុសគ្នាអីរវាងពីមុននិងឥឡូវ?
"ព្រោះពេលនេះខ្ញុំបានមើលផ្កាយជាមួយលោក" Kipuka បែរមកញញឹមផ្អែមដាក់ Eliot បន្តិច តើប្រយោគញ៉ែនេះមិនបុរាណពេកទេមែនទេ?
ប៉ុន្តែគេមិនបានកុហកនោះទេគេមិនមែនជាមនុស្សដែលចូលចិត្តចំណាយពេលអត់ប្រយោជន៍គ្រាន់តែអង្គុយមើលផ្កាយនោះទេ តែពេលនេះគេបែរជាចង់មើលផ្កាយហើយយល់ថាចូលចិត្តមើលផ្កាយ នោះក៏ព្រោះតែពេលនេះផ្កាយបាននាំ Eliot អោយមកអង្គុយក្បែរគេក្នុងពេលវេលាបែបនេះនោះអី ។
"តើពីមុនមិនធ្លាប់មាននរណាអង្គុយមើលផ្កាយជាមួយលោកទេមែនទេ?" Eliot ភាំងបន្តិចនៅពេល Kipuka និយាយបែបនេះ តើ Kipuka ចង់មានន័យបែបណា? គេនិយាយបែបនេះព្រោះគេមិនធ្លាប់មានអ្នកអង្គុយមើលផ្កាយជាមួយឬ?
គេមានអារម្មណ៍ថាចង់ឈាមច្រមុះទៀតហើយ...
"Eliot លោកជាមនុស្សទីមួយដែលខ្ញុំចង់មើលផ្កាយជាមួយ" Kipuka ញញឹមលឹបភ្នែក មុខរបស់គេប្រែជាក្រហមព្រោះគេក៏អៀនដែរនោះពេលនិយាយពាក្យបែបនេះ មានអារម្មណ៍ថា... ដូចជាគូសង្សារដែលទើបតែ Date ថ្មីៗយ៉ាងអញ្ចឹង ។
"ខ្ញុំអាចថើបលោកបានមែនទេ?" ចាស់ៗតែងតែនិយាយថា <បើសិនមាននរណាម្នាក់និយាយថាចង់មើលផ្កាយជាមួយអ្នក នោះមានន័យថាអ្នកអាចថើបគេបាន> តើពេលនេះ Kipuka ចង់អោយគេថើបមែនទេ?
"បាទ?" Kipuka ភ្ញាក់ចង់ដាច់ផ្ញា! តើមុននេះ Eliot និយាយថាម៉េច? គេមានអារម្មណ៍ថាត្រចៀកដូចជាហ៊ឹងស្ដាប់មិនសូវច្បាស់យ៉ាងម៉េចទេ!
"អ្ហឹម?" Kipuka ក្រហឹមក្នុងបំពង់កទាំងឆ្ងល់ ភ្លាមៗពេកធ្វើខ្លួនមិនត្រូវទាល់តែសោះ មុននេះបន្តិចមានរឿងអ្វីកើតឡើងអញ្ចេះ?
គេគ្រាន់តែនិយាយថាចង់មើលផ្កាយជាមួយ Eliot ហើយពេលនេះក៏ត្រូវ Eliot ចាប់ថើប...
តើហេតុអ្វីទៅ?
ប៉ុន្តែ...
ការថើបមួយនេះពិតជាទន់ភ្លន់ និងកក់ក្ដៅណាស់ ជាស្នាមថើបដ៏ផ្អែមល្ហែមបំផុតដែលធ្វើអោយបេះដូងលោតខុសចង្វាក់! តើពេលនេះបេះដូងរបស់ Eliot លោតញ៉ាប់ដូចគេដែរទេ? ពិតជាចង់ដឹងណាស់...
Eliot បន្តថើបយ៉ាងជក់ចិត្ត ផ្ដិតយករសជាតិផ្អែមចេញពីបបូរមាត់ដ៏ទន់នោះ កាន់តែបឺតជញ្ជក់កាន់តែយល់ថាមិនឆ្អែត! គេចង់ថើបបបូរមាត់នេះ ចង់ខាំជញ្ជក់ ចង់គ្រប់គ្រង ចង់បាន...
ចង់បាន!
ជាកម្មសិទ្ធ...
"ហ្ហ៎ា..." ទាំងពីរនាក់ដកដង្ហើមដង្ហក់ដាក់គ្នាបន្ទាប់ពី Eliot ដកបបូរមាត់ចេញបន្តិចដើម្បីមានឱកាសបានដកដង្ហើម ព្រោះយល់ថាពួកគេថើបរហូតស្ទើរតែភ្លេចដកដង្ហើមទៅហើយ ។
"Eliot..." Kipuka ហៅស្រាលៗបន្ទាប់ពីដកដង្ហើមបានឆ្អែតឆ្អន់គ្រប់គ្រាន់
"..." មិនបានតបប៉ុន្តែប្រើកែវភ្នែកមើលជំនួសអោយការឆ្លើយតប
"ហេតុអីបានជាលោកស្រាប់តែថើបខ្ញុំបែបនេះ?" គេដឹងថាសួរបែបនេះមិនមែនជាសំណួរល្អនោះទេ ប៉ុន្តែយ៉ាងណាក៏គេត្រូវការដឹងចម្លើយដែរ ព្រោះមិនចង់គិតតែម្នាក់ឯងដូចមុនទៀតទេ គេត្រូវសួរនាំអោយដឹងរឿង ។
"លោកជាអ្នកប្រាប់អោយខ្ញុំថើប" Eliot ឆ្លើយទាំងចាប់ផ្ដើមភ័យ មុននេះព្រោះយល់ថា Kipuka ចង់អោយគេថើបទើបគេហ៊ានថើប ហេតុអីបានជា Kipuka សួរគេបែបនេះទៅវិញ?
"ខ្ញុំ? តើខ្ញុំសុំអោយលោកថើប?" គេចាំមិនបានថាបានសុំអោយ Eliot ថើបនោះទេ តើគេសុំតាំងពីពេលណាអញ្ចេះ?
"គឺលោកនិយាយថាចង់មើលផ្កាយជាមួយខ្ញុំ" Eliot ឆ្ងល់បន្តិច ចង់ភ័យបន្តិច គឺ Kipuka ជាអ្នកនិយាយបែបនេះពិតមែន!
"ចង់មើលផ្កាយជាមួយលោកតើមានពាក់ព័ន្ធអីនឹងការថើប?" មិនយល់ទាល់តែសោះ! តើនេះជាពាក្យគន្លឹះអីមែនទេ?
"ចាស់ៗតែងតែនិយាយថាបើនរណាម្នាក់និយាយថាចង់មើលផ្កាយជាមួយយើងនោះមានន័យថាគេចង់អោយយើងថើប"
"ហ្ហ៎ាស់?" បែបនេះហ្ហ៎េស? ដូច្នេះនេះមានន័យថាគេពិតជាបានសុំអោយ Eliot ថើបមែនហ្ហ៎េស? មិននឹកស្មានសោះថា Eliot បុរាណយ៉ាងនេះ! រឿងបុរាណបែបនេះក៏គេចាំដែរ គួរអោយអស់សំណើចណាស់! ប៉ុន្តែ... ក៏ Romantic ណាស់ដែរ...
"លោក...លោកមិនចូលចិត្ត?" តើគេបានបង្ខំ Kipuka មែនទេ? ម្ដងទៀតហើយ! ម្ដងទៀតហើយដែលគេធ្វើខុសលើ Kipuka ហេតុអីបានជាគេចេះតែធ្វើខុសលើមនុស្សម្នាក់នេះម្ដងហើយម្ដងទៀតបែបនេះ? គេគួរតែហាមខ្លួនឯង!
"អត់ទេ"
"ខ្ញុំ...ខ្ញុំសុំទោស ខ្ញុំធ្វើខុសលើលោកម្ដងទៀតហើយ" Eliot ទម្លាក់មុខចុះមានអារម្មណ៍ថាខុសជាខ្លាំង គេបន្ទោសខ្លួនឯងដែលមិនចេះគ្រប់គ្រងខ្លួនឯងហើយតែងតែបណ្ដោយអោយខ្លួនឯងធ្វើអ្វីទៅតាមតែអារម្មណ៍ មិនបានពិចារណាអោយបានច្បាស់លាស់ ។
នៅថ្ងៃដែលគេដឹងខ្លួនដំបូងគេបានប្រើអារម្មណ៍មួយពេលទៅនិយាយស្ដីមិនចេះគិតដាក់ Kipuka ក្រោយមកទើបយល់ថាខ្លួនដូចជាជ្រុលពេក ទើបស្ដាយក្រោយហើយព្យាយាមគេចវេស និងនៅឆ្ងាយពី Kipuka ។ ព្រោះគេមិនក្លាហានក្នុងការប្រឈមមុខដោយផ្ទាល់ជាមួយ Kipuka នោះទេ ក្រោយមកនៅយប់ដែល Kipuka ស្រវឹងគេបានបំពាន Kipuka ព្រោះតែអារម្មណ៍ពុះកញ្ច្រោលមួយពេល ។ គេមានអារម្មណ៍ខុសហើយបន់ស្រន់សុំអោយ Kipuka ភ្លេចរឿងនោះ និងព្យាយាមគេចវេសម្ដងហើយម្ដងទៀត ប៉ុន្តែពេលនេះវាគួរតែដល់ពេលហើយដែលគេត្រូវសុំទោស Kipuka គេមិនអាចចេះតែគេចវេសបែបនេះរហូតនោះទេ ។
"ខ្ញុំសុំទោស Kipuka ខ្ញុំពិតជាសុំទោស..." Eliot ចាប់ផ្ដើមរលីងរលោងទឹកភ្នែក ភាពភ័យខ្លាចបុកពេញដើមទ្រូងរហូតលែងមានភាពជាកូនប្រុសទៀតហើយ លើលោកនេះអ្វីដែលគេភ័យខ្លាចបំផុតគឺការសាងកំហុស ប៉ុន្តែគេនៅតែសាងកំហុសម្ដងហើយម្ដងទៀត ។
"Eliot ឈប់សិនខ្ញុំមិនមែនមានន័យអញ្ចឹងនោះទេ" ឃើញ Eliot យំនិយាយពាក្យសុំទោសញ៉ាប់មាត់បែបនេះ Kipuka ទើបតែដឹងថាគេបាននិយាយខុស តាមពិតទៅពាក្យ អត់ទេ នោះមិនមែនមានន័យថាគេមិនចូលចិត្តនោះទេ ។
"ខ្ញុំមិនបានមិនចូលចិត្តនោះទេ Eliot ឈប់យំទៅ" Kipuka ព្យាយាមលួងលោម និងបកស្រាយប៉ុន្តែ Eliot នៅតែយំមិនឈប់សោះ តើគេគួរធ្វើបែបណាទៅទើប Eliot ឈប់យំ?
"Eliot ខ្ញុំចូលចិត្តលោក ខ្ញុំចង់មើលផ្កាយជាមួយលោក តើលោកក៏ចង់មើលផ្កាយជាមួយខ្ញុំដែរត្រូវទេ?"
ជុប!
<<ខ្ញុំចង់មើលផ្កាយជាមួយលោក ហើយបើលោកចង់មើលផ្កាយជាមួយខ្ញុំដែរនោះមានន័យថាខ្ញុំអាចថើបលោកបានហើយត្រូវទេ? លើកនេះខ្ញុំនឹងថើបលោកវិញម្ដង ទោះបីជាលោកមិនបានចូលចិត្តខ្ញុំក៏ដោយ ខ្ញុំនឹងធ្វើអោយលោកចូលចិត្តខ្ញុំ Eliot...>>
Bạn đang đọc truyện trên: Truyen3h.Co