Truyen3h.Co

Coffee Shop

5. ជួយផងគេគឺជាខ្មោច!

Nombangbakyong

វគ្គ 05

ច្រីតៗ...

បរិយាកាសស្ងប់ស្ងាត់ណាស់នៅពេលនេះ លឺតែសម្លេងសត្វចង្រិតយំប៉ុណ្ណោះ នេះក៏ព្រោះម្នាក់ៗហាក់ដូចជាកំពុងធ្វើខ្លួនមិនទាន់ត្រូវនៅឡើយ ។

"តើលោកមិនល្វីងទេមែនទេ?" អស់ពេលយូរណាស់ទម្រាំតែ Ocean នឹកឃើញសួរសំណួរនេះឡើង
"អ... ល្វីង... " Eliot ប្រុងឆ្លើយថា <អត់ល្វីងទេ> ក៏ប៉ុន្តែក៏ប្រញាប់លេបពាក្យ <អត់> ចូលពោះវិញព្រោះមិនចង់អោយពីរនាក់នេះសង្ស័យច្រើន ។

<<អោយល្វីងបានយ៉ាងម៉េចទៅ? បបូរមាត់ Kipuka ទន់ខ្លាំងណាស់ ពេលដែលបានប៉ះហើយទោះជាថ្នាំនោះល្វីង 10ជាតិទៀតក៏នឹងប្រែមកជាផ្អែមវិញដែរ>> Eliot សម្លឹងមើលទៅលើបបូរមាត់តូចស្អាត ដែលគេទើបតែបានប៉ះពាល់មុននេះបន្តិច ដោយលួចញញឹមស្ងាត់ៗ ។ គេមិនអាចអោយពីរនាក់នោះដឹងបាននោះទេ ថាពេលនេះគេកំពុងលួចមានគំនិតអាក្រក់លើ Kipuka បើគេហ៊ានតែនិយាយថាបបូរមាត់ Kipuka គឺផ្អែម នោះច្បាស់ជាត្រូវចោទប្រកាន់ថា គេជាមនុស្សរោគចិត្តជាក់ជាមិនខាន ។

ពេលនេះទោះបីជាត្រឹមតែលួចគិតលួចសរសើរដល់សម្រស់ដ៏ស្រស់ស្អាត ក្លិនខ្លួនដ៏ក្រអូបគួរអោយចង់ប៉ះពាល់របស់ Kipuka តែប៉ុណ្ណោះក៏គេយល់ថាខ្លួនឯងហាក់ដូចជាមនុស្សរោគចិត្តទៅហើយ ។ ចុះទម្រាំតែនិយាយចេញមកក្រៅ អោយអ្នកដទៃដឹងលឺទៀតនោះ? តើអ្នកណានឹងជឿថាគេជាមនុស្សស្អាតស្អំទៅ? គេក៏មិនចង់លួចមានគំនិតស្មោកគ្រោកនេះដែរ ដែលថាគេគឺចង់តែថើបបបូរមាត់ទន់នោះ អោយទាល់តែស្លេក ថើបរហូតដល់ហើមជាំ ថើបរហូតដល់គេយល់ថាឆ្អែតគ្រប់គ្រាន់ ក៏ប៉ុន្តែហាមខ្លួនឯងមិនអោយគិតមិនបាននោះទេ ។ នរណាប្រើអោយ Kipuka មានសម្រស់ស្អាតអីបែបនេះ? ជាពិសេសគឺបបូរមាត់មានរាងបេះដូងនោះណាគឺគេលួចចាប់អារម្មណ៍ចង់ ខាំត្របាក់តាំងពីពេលឃើញដំបូងមកម្ល៉េះ ។ បើកុំតែមុននេះត្រូវបានកាត់ផ្ដាច់ដោយសម្លេងស្រែករបស់ Ocean នោះគឺគេនឹងមិនឈប់ថើបនោះទេ គេស្បថថាពិតជាចង់ថើប Kipuka គេចង់ថើបរហូតទាល់តែអស់ជាតិពិសពីក្នុងខ្លួន Kipuka តែម្ដងបើសិនជាអាច ។

"ពេលនេះ Kipuka យ៉ាងម៉េចហើយ?" Seeky ក៏មិនខុសពី Ocean ប៉ុន្មានដែរ គេក៏ទើបតែរកឃើញសំណួរដែលត្រូវសួរដូចគ្នា ។
"អស់អីហើយ... ក៏ប្រហែលជាមកគេអស់កម្លាំងខ្លាំងពេកទើបមិនអាចតតាំងជាមួយជាតិពិសបាន ពេលនេះគឺដេកលក់ទៅហើយ" Eliot តបដោយកែវភ្នែកនៅតែសម្លឹងមើល Kipuka មិនទាន់ដកចេញ
"អញ្ចឹងត្រូវធ្វើយ៉ាងម៉េច? យើងមិនអាចបន្តរដំណើរបានទេមែនទេ?" Ocean សួរ
"មិនអីនោះទេ ខ្ញុំនឹងអៀវគេអោយជាប់ដូច្នេះគេនៅតែអាចដេកបាន" Eliot តប
"តើលោកមិនអីទេមែនទេ Eliot? តើត្រូវការប្ដូរវេនដែរទេ?" Seeky សួរឡើងទាំងបារម្ភផងក្រែងចិត្តផង គេយល់ថាដូចជារំខានដល់ Eliot ច្រើនណាស់មកហើយ ព្រោះគ្រាន់តែជាអ្នកដទៃសោះ Eliot បែរជាហ៊ានលះបង់ដល់ថ្នាក់នេះ? មិនរអ៊ូរទាំមួយម៉ាត់ហើយហ៊ានសូម្បីតែបញ្ចូលថ្នាំក្នុងមាត់របស់គេ ដើម្បីបញ្ចុកដល់ Kipuka ទៀត ទង្វើរនេះកុំថាឡើយអ្នកដទៃដូចជា Eliot ព្រោះសូម្បីតែ Seeky និង Ocean ដែលជាមិត្តភក្តិផ្ទាល់ក៏នឹងមិនហ៊ានលះបង់បែបនេះដែរ ។ ភាពចិត្តល្អរបស់ Eliot ធ្វើអោយ Seeky អត់មិនសរសើរមិនបាននោះទេ ហើយគេក៏មានអារម្មណ៍ក្រែងចិត្តកាន់តែច្រើនឡើងដូចគ្នា ។
"មិនអីនោះទេ ខ្ញុំមិនត្រូវការប្ដូរវេននោះទេ ពួកយើងអាចបន្តដំណើរទៅមុខទៀតបានហើយតោះ" Eliot ឆ្លើយតបជាមួយស្នាមញញឹម គេរៀបចំដាក់ Kipuka លើខ្នងរួចបាត់ទៅហើយ ទើបងាកមកបបួល Seeky និង Ocean តែម្ដង ។
"ខ្ញុំពិតជាក្រែងចិត្តលោកណាស់ Eliot បើសិនជាលោកធ្ងន់ ឬហត់លោកអាចប្រាប់ពួកខ្ញុំបានណា" Seeky ឃើញ Eliot រៀបចំដើរបន្តទៅហើយ គេក៏បន្តដំណើរទៅតាមពីក្រោយដូចគ្នា ហើយក៏មិនភ្លេចនិយាយរៀបរាប់ប្រាប់ Eliot ពីការគិតរបស់ខ្លួននោះឡើយ ។
"ក្រែងចិត្តអ្វីទៅលោក Seeky? ខ្ញុំបាននិយាយហើយតើថាអោយចាត់ទុកខ្ញុំជាមិត្ត ម៉្យាងខ្ញុំគ្មានអារម្មណ៍ទើសទាល់ក្នុងការជួយនោះទេ គឺខ្ញុំរីករាយក្នុងការធ្វើ" Eliot ដើរបណ្ដើរក៏ឆ្លើយតបជាមួយ Seeky បណ្ដើរ
"ពិតជាអរគុណលោកណាស់" Seeky មិនដឹងថានឹងត្រូវអរគុណដល់ Eliot បែបណាអោយសមនោះទេព្រោះពេលនេះក្រៅពីពាក្យអរគុណគេមិនអាចមានអ្វី មកប្រើបានជំនួសនោះឡើយ ។

ការធ្វើដំណើរក៏បន្តទៅជារឿយៗ កាត់ព្រៃព្រឹក្សានាយប់អាធាត្រស្ងាត់ច្រងំ ក្រៅពីសម្លេងសត្វចង្រិតយំរំកងពេញព្រៃ គឺគ្មានសម្លេងអ្វីទៀតនោះឡើយ ។ យូរៗម្ដងប៉ុណ្ណោះដែលគេលឺសម្លេងស្លឹកឈើ ឬកម្ទេចមែកឈើបាក់លាន់ប្រោកប្រាវ តែវាមិនមែនជាអ្វីដែលគួរអោយបារម្ភ ឬភ័យខ្លាចនោះឡើយ ។ យប់ស្ងាត់កណ្ដាលព្រៃបែបនេះសម្លេងលាន់លឺតាមរយៈស្លឹកឈើ ឬសម្លេងមែកឈើបាក់ វាក៏ដោយសារតែសត្វបោលបុកតែប៉ុណ្ណោះ ។

"តើយើងត្រូវបន្តដើរយូរទៀតទេ Eliot?" ពួកគេចំណាយពេលដើរយូរគួរសម គឺដូចជា 4ម៉ោងទៅហើយប៉ុន្តែក្រៅពីព្រៃស្ងាត់ច្រងំ គឺមិនឃើញមានស្រមោលសម្បកផ្ទះណាមួយទាល់តែសោះ ទើប Ocean អត់មិនបាននឹងសួរឡើងដោយសង្ស័យ ។

តើពិតជាមានសហគមន៍តូចមួយ ដែលមានភូមិសម្រាប់មនុស្សរស់នៅពិតមែនឬក៏អត់? ដើរ 4ម៉ោងទៅហើយនៅមិនទាន់ឃើញកោះត្រើយទាល់តែសោះ ពេលនេះចាប់ផ្ដើមសង្ស័យ ហើយក៏បន្ទោសខ្លួនឯងផងដែរ ដែលជឿលើមនុស្សមិនដែលស្គាល់សោះ មិនទាំងដឹងថាគេជានរណាមកពីណាអោយប្រាកដផង មិនគួរណាជឿទុកចិត្តលើគេហើយព្រមមកតាមគេនោះទេ ។ Kipuka និយាយត្រូវថា Eliot គឺពិតជាគួរអោយសង្ស័យ ពួកគេមិនគួរទុកចិត្ត Eliot តាំងតែពីដើមមកហើយ ចុះបើ Eliot ពិតជាពួកឃាតកររោគចិត្តពិតមែននោះ? តើគេកំពុងបោកប្រាស់ពួកគេ យកទៅសម្លាប់ចោលនៅទីស្ងាត់គ្មានមនុស្សរកឃើញមែនទេ? ព្រោះចំណាយពេលដើរយូរបែបនេះទៅហើយ បើ Eliot ស្រាប់តែទាញកាំបិតមកចាក់ពួកគេក៏ពួកគេលែងមានកម្លាំងក្នុងការតតាំងដែរ ។ ចុះបើ Eliot មិនមែនមានតែម្នាក់ឯង ប៉ុន្តែមានគ្នីគ្នារងចាំនៅកន្លែងណាមួយវិញនោះ? ពេលនេះដូចជាចង់ស្ដាយក្រោយហើយ តើត្រឡប់ក្រោយនៅអាចទាន់ពេលដែរទេ?

"មិនយូរទៀតទេប្រហែល 1ម៉ោងទៀតទៅដល់ភូមិហើយ" Eliot តបដោយមិនបានងាកក្រោយមើលដៃគូសន្ទនានោះឡើយ គេគិតតែប្រឹងដើរទៅមុខតែប៉ុណ្ណោះ ។

ចំណែកឯ Ocean វិញចាប់ផ្ដើមមានអារម្មណ៍សង្ស័យទើបសសៀរៗទាញ Seeky មកខ្សឹបខ្សាវពីក្រោយខ្នង Eliot នឹងព្យាយាមប្រយ័ត្នមិនអោយ Eliot ចាប់អារម្មណ៍នោះឡើយ ។ គេក៏មិនចង់មានគំនិតអាក្រក់សង្ស័យតែផ្ដេសតែផ្ដាសលើ Eliot ដូចជា Kipuka នោះឡើយ ក៏ប៉ុន្តែស្ថានភាពពេលនេះគេមិនអាចហាមខ្លួនឯងមិនអោយសង្ស័យបាននោះឡើយ ។ គេមិនដែលមានការសង្ស័យណាមួយលើ Eliot នោះទេតែពេលនេះមិនអាចមិនសង្ស័យបាននោះឡើយណា ។

"អ្ហ៎ា... ខ្មោ...ខ្មោច..." សភាពតាមផ្លូវស្ងាត់ច្រងំសុខៗ Kipuka ស្រាប់តែស្រែកឡើង ហើយព្យាយាមរើរបម្រាស់ចេញពី Eliot ។ ធ្វើអោយពីរនាក់ទៀតដែលនៅឆ្ងាយពី Eliot ប្រហែលជា 50ម៉ែត្រដោយសាររវល់ខ្សឹបខ្សាវគ្នានោះ លឺសម្លេងស្រែករបស់ Kipuka ហើយក៏ប្រញ៉ាប់រត់ទៅមើលទាំងភ័យផងបារម្ភផង ។
"Kipuka លោកស្ងប់អារម្មណ៍សិនបានទេ?" Eliot ភ័យខ្លាច Kipuka ធ្លាក់ដូច្នេះគេក៏ប្រឹងអោបជើង Kipuka កាន់តែណែន
"ជួយ...ជួយផងខ្មោច...! Seeky Ocean ពួកឯងនៅឯណា? ជួយខ្ញុំផង! Eliot គេជាខ្មោច...!" Kipuka មិនព្រមស្ងប់អារម្មណ៍គេនៅតែប្រឹងរើរបម្រាស់ បណ្ដាលអោយ Eliot ដែលប្រឹងទប់ជំហរមិនអោយដួល និងមិនអោយ Kipuka ធ្លាក់ ពេលនេះរេរាដូចឡានខូចចង្កូត ។
"Kipuka! ស្ងប់អារម្មណ៍សិនឯងអាចយល់ច្រឡំក៏ថាបានណា! Eliot លោកឈប់សិន ដាក់ Kipuka ចុះសិនមក!" Seeky ស្រែកផងប្រឹងរត់ដើម្បីតាមអោយទាន់ Eliot ដែលកំពុងតែទ្រេតទៅនេះផងទៅនោះផងទប់លំនឹងសឹងមិនជាប់ម្ដងៗ ផិតភើយៗដែលធ្វើអោយទាំង Seeky ទាំង Ocean ដែលប្រឹងរត់តាមឃើញសភាពនេះហើយព្រឺឆ្អឹងខ្នងជាខ្នាំង ។ ព្រោះពេលនេះពួកគេដើរមកដល់ផ្លូវជំរៀលភ្នំទៅហើយ បើមិនប្រយ័ត្នប្រហែសតែបន្តិចគឺច្បាស់ជា ធ្លាក់ទៅតាមជំរៀលភ្នំជាក់ជាមិនខាន ។
"គេជាខ្មោចច្បាស់ណាស់ ព្រោះបេះដូងគេអត់លោតទេ! លែង! លែងយើងទៅអាខ្មោចឆ្កួត! លែង!" Kipuka ប្រឹងស្រែកតបតទៅមិត្តភក្តិផង ប្រើកណ្ដាប់ដៃគួកលើខ្នងធំទូលាយរបស់ Eliot ផង ដើម្បីអោយ Eliot ព្រមប្រលែង ។ គេទាញអង្រួន Eliot ក្រវីក្រវែងគ្មានខ្វល់ពីអ្វីទាំងអស់ធ្វើយ៉ាងណាអោយតែ Eliot ព្រមលែង តែប៉ុណ្ណោះ ។
"Kipuka... ឈប់... លោក... អូយ... លោកនៅអោយស្ងៀមសិនបានទេ? បើលោក... នៅតែអង្រួនខ្ញុំបែបនេះទៀត ពួកយើងនឹងធ្លាក់ជ្រោះទាំងពីរនាក់ជាមិនខាន" Eliot នៅតែប្រឹងរក្សាលំនឹងទាំងដែលគេ ចាប់ផ្ដើមមានអារម្មណ៍ថាទប់លែងជាប់ទៅហើយ ទើបព្យាយាមនិយាយសម្រួលជាមួយ Kipuka
"អ្នកណាចង់ធ្លាក់ជ្រោះជាមួយឯងអាខ្មោចឆ្កួត? លែងយើងភ្លាមទៅ! ហើយចង់ទៅធ្លាក់ជ្រោះឯណាក៏ធ្លាក់តែឯងទៅ!" Kipuka មិនព្រមស្ដាប់គេនៅតែព្យាយាមទទួចចង់អោយ Eliot ប្រលែងគេអោយខានតែបាន
"អូយៗ... Kipu...ka លោក...អូយឈប់... អាយ!!!"
"អាយ!!!"
"Kipuka!!!"

គេប្រាប់ថាអោយនៅស្ងៀមមិនព្រមស្ងៀម ទើបទីបំផុត Eliot ទប់លំនឹងលែងបានក្រឡាច់ជើងជាមួយដុំថ្មរមៀលធ្លាក់ជ្រោះទៅទាំងពីរនាក់តែម្ដង ។ ចំណែក Ocean និង Seeky ដែលរត់មកសឹងតែទាន់ពួកគេទាំងពីរទៅហើយ ប្រឹងស្រវ៉ាចាប់ពួកគេដែរ តែនៅតែចាប់មិនទាន់ ទើបបានតែស្រែករំកងពេញព្រៃតែប៉ុណ្ណោះ ។

សភាពក្នុងព្រៃនៅតែស្ងប់ស្ងាត់ វេលាថ្មាលនេះគឺម៉ោង4ទាបភ្លឺទៅហើយ ពន្លឺសូរិយានៅមិនទាន់ចាំងជះបំភ្លឺលោកាអោយបានពេញលេញនៅឡើយទេ ដូច្នេះហើយអ្នកនៅខាងលើមិនអាចដឹងបាននោះទេ ថាអ្នកដែលធ្លាក់ចុះទៅនោះធ្លាក់ដល់ណាទៅហើយ? ព្រោះពេលនេះក៏ស្ងាត់បាត់សម្លេងសូន្យឈឹងទៅហើយ ក៏ប្រហែលជាសន្លប់បាត់ទៅហើយក៏មិនដឹង ព្រោះទោះបីជាស្រែកហៅដល់ធ្លាក់ក្រឡើតមកទៀត ក៏មិនមានលឺសម្លេងតបតវិញនោះដែរ ។

"ពេលនេះគិតធ្វើយ៉ាងម៉េចបន្តទៅ?" Seeky បែរមកសួរ Ocean ទាំងទឹកមុខភ័យស្លន់មិនទាន់បាត់
"មានតែទៅរកអ្នកភូមិអោយមកជួយហ្នឹងហើយ" Ocean តបជាមួយទឹកមុខហួសចិត្តនិងសំណួររបស់ Seeky
"ក្រែងឯងសង្ស័យថាសហគមន៍ដែល Eliot និយាយនោះមិនមានហ្ហី?"
"សង្ស័យវាសង្ស័យហើយ តែដំណាក់កាលនេះហើយគឺមានតែប្រថុយ ឬក៏ឯងចង់ទុកអោយមិត្តភក្តិរបស់ឯងធ្លាក់ស្លាប់នៅទីនេះ?"
"មាត់របស់ឯង បើមិននិយាយអ្វីចង្រៃៗម្ដងតើវាស៊ីបាយលែងចូលមែនទេ?"
"បានហើយខ្ញុំគ្មានអារម្មណ៍ចង់ឈ្លោះប្រកែកជាមួយឯងទេ ពេលនេះត្រូវប្រញ៉ាប់ស្វែងរកជំនួយអោយបានលឿន" Ocean ដកដង្ហើមធំហើយប្រញ៉ាប់ដើរទៅមុខទុកអោយ Seeky ឈរខាំមាត់សម្លក់តែម្នាក់ឯង ពួកគេទាំងពីរនាក់នេះគឺតែងតែអញ្ចឹង រាល់ដងបើមិនបានឈ្លោះប្រកែកគ្នាម្ដងទេ ជីវិតគឺដូចជាខ្វះសិរីសួរស្តីយ៉ាងអញ្ចឹង ។

តែណ្ហើយចុះ ពេលនេះមិនមែនជាពេលដែលត្រូវឈ្លោះប្រកែកយកឈ្នះចាញ់នោះទេ ព្រោះ Kipuka និង Eliot មិនដឹងជាធ្លាក់ដល់ណាហើយក៏មិនដឹង ។ រឿងដែលសំខាន់គឺត្រូវស្វែងរកជំនួយ ជួយសង្គ្រោះពួកគេជាមុនសិន មិនអាចពន្យាពេលបាននោះទេ ព្រោះ Kipuka ក៏កំពុងតែមានរបួសដោយសារពស់ចឹកស្រាប់ផង ។

ត្រូវពស់ចឹកមិនទាំងទាន់បន្សាបពិសបានផង ឥឡូវមកត្រូវធ្លាក់ជ្រោះទៀត ឱ Kipuka អើយ! ហេតុអីក៏ស៊យអីដល់ថ្នាក់នេះណ៎?

តើវាអាចមកពី Eliot ដែរទេ?

Bạn đang đọc truyện trên: Truyen3h.Co