6. Eliot?
វគ្គ 06
ពេលវេលាកាន់តែរំកិលទៅមុខ ពន្លឺសូរិយាក៏ចាប់ផ្ដើមបញ្ចេញបន្លឺរស្មីម្ដងបន្តិចៗ ហាក់ដូចជាបានដេញស្បៃរាត្រីដែលងងឹតសូន្យសុង និងបានប្រាប់ថាពេលនេះជាតួនាទីរបស់ខ្លួនដែលត្រូវកំដរមនុស្សលោកវិញហើយ ។ Ocean និង Seeky ដែលប្រឹងដើរញ៉ាប់ជើងដើម្បីទៅរកជំនួយពេលនេះក៏ចាប់មានសង្ឃឹមឡើង ទាល់តែពន្លឺព្រះអាទិត្យជះរស្មីមកបែបនេះ ទើបគេចាប់ភ្លឹកដឹងថាខ្លួនកំពុងដើរកាត់ចំការកាហ្វេ ។ បើទីនេះសុទ្ធតែជាចំការកាហ្វេអញ្ចឹងសហគមន៍តូចដែល Eliot បាននិយាយគឺពិតជាមានមែន ដូច្នេះហើយមានន័យថា Eliot ពិតជាមិនបានកុហក ឬបោកប្រាស់ពួកគេនោះទេគឺពួកគេដែលសង្ស័យខុសដោយខ្លួនឯង ។ គិតដល់រឿងនេះហើយធ្វើអោយពួកគេទាំងពីរមិនបន្ទោសខ្លួនឯងមិនបាន បើកុំតែពួកគេសង្ស័យច្រើនទៅលើ Eliot បើកុំតែពួកគេរក្សាគម្លាតឆ្ងាយពី Eliot ម្ល៉េះក៏មិនអាចមានរឿងអាក្រក់នេះកើតឡើងបាននោះដែរ ។
"លោកពូៗ..." ចំណាយពេលដើរជិត1ម៉ោង ទីបំផុតក៏បានឃើញបុរសវ័យកណ្ដាលម្នាក់ក្នុងសម្លៀកបំពាក់មិនសូវរៀបរយទំនងប្រហែលជាកសិករ ទើប Ocean និង Seeky ប្រញាប់រត់តម្រង់ទៅរកមនុស្សដំបូងដែលពួកគេជួប ទាំងស្រែកហៅត្រហេបត្រហប ។ មិនចម្លែកនោះទេព្រោះពេលនេះម៉ោងក្បែរ 5ទៅហើយ សម្រាប់អ្នកស្រុកស្រែចំការម៉ោងស្មាលនេះ គឺជាវេលាដែលត្រូវរៀបចំខ្លួនទៅបំពេញកិច្ចការងារបាត់ទៅហើយ ។ ម៉្យាងវិញទៀតវត្តមានមនុស្សដំបូងដែលពួកគេបានឃើញក្នុងវេលាបែបនេះ នោះមានន័យថាពួកគេបានធ្វើដំណើរមកជិតដល់ភូមិហើយ ។
"មានការអីអ្នកកំលោះទាំងពីរ? រត់ត្រហេបត្រហបបែបនេះមិនមែនវង្វេងផ្លូវទេមែនទេ?" អ្នកដែលត្រូវហៅបានឈប់បន្តិចដោយងាកទៅសួរនាំ បើតាមសំណួរដែលសួរនេះទំនងប្រហែលគាត់មិនមែនទើបតែជួបហេតុការណ៍បែបនេះជាលើកទីមួយនោះទេ ។
"មិនមែនវង្វេងផ្លូវទេលោកពូ! ពួកយើងកំពុងត្រូវការជំនួយ មិត្តភក្តិរបស់ខ្ញុំធ្លាក់ជ្រោះកាលពី1ម៉ោងមុន" Seeky និយាយរៀបរាប់ទាំងនៅដង្ហក់ខ្យល់នៅឡើយ
"ហ៊ឹម? ចូលទៅភូមិអោយមេភូមិទាក់ទងទៅប៉ូលីសចាំយកសាកសពតែម្ដងទៅ" បុរសជាកសិករតបធ្វើដូចជារឿងនេះជារឿងធម្មតាៗប៉ុណ្ណោះ
"លោកពូ! នេះមនុស្សធ្លាក់ជ្រោះមួយទាំងមូលណា! នៅមិនទាន់បានស្វែងរកនៅឡើយទេហេតុអីក៏ប្រមាថជីវិតមនុស្សបែបនេះទៅហើយ?" Ocean និយាយដោយសម្លេងមិនពេញចិត្ត
"ត្រូវហើយមនុស្សធ្លាក់ជ្រោះមួយទាំងមូលពួកឯងគិតថាអាចនៅសល់ជីវិតដែរឬ? ខ្ញុំគ្រាន់តែប្រាប់ដើម្បីអោយពួកឯងធ្វើចិត្តអោយហើយប៉ុណ្ណោះទេ ព្រោះមានមនុស្សមិនតិចនាក់នោះទេដែលធ្លាប់ធ្លាក់ជ្រោះនៅទីនេះ ហើយនៅមិនទាន់មាននរណាម្នាក់អាចត្រឡប់ទៅវិញទាំងនៅសល់ជីវិតនោះទេ! មកក្នុងនាមជាមនុស្សទៅវិញក្នុងនាមជាសាកសព ពួកឯងយល់ទេ? ជាជាងចំណាយក្ដីសង្ឃឹមអត់ប្រយោជន៍អ្វីដែលពួកឯងគួរធ្វើ គឺធ្វើចិត្តរងចាំទទួលសាកសពមិត្តរបស់ឯងទៅ!" ពាក្យពិតអាចថាពិបាកនឹងទទួលយកក៏ពិតមែន ប៉ុន្តែក្នុងនាមគាត់ជាអ្នករស់នៅម្ដុំនេះធ្លាប់ជួបហេតុការណ៍មនុស្សធ្លាក់ជ្រោះមករាប់មិនអស់ទៅហើយ គាត់ក៏មិនចង់ផ្ដល់នូវក្ដីសង្ឃឹមក្លែងក្លាយដល់ក្មេងៗទាំងពីរនាក់នេះនោះឡើយ ។ មានមនុស្សមិនតិចទេដែលធ្លាក់ជ្រោះនៅតំបន់នេះ សូម្បីតែអ្នកភូមិនេះផ្ទាល់ក៏ធ្លាប់មានអ្នកស្លាប់ដោយការធ្លាក់ជ្រោះនោះដែរ គ្មាននរណាម្នាក់ដែលនៅសល់ជីវិតបន្ទាប់ពីបានរកឃើញនោះទេ ដូច្នេះហើយអ្វីដែលអាចធ្វើបានគឺមានតែធ្វើចិត្តទទួលយកការពិតប៉ុណ្ណោះ ។
"ពួកគេច្បាស់ជាមិនអាចមានគ្រោះថ្នាក់ដល់ជីវិតនោះទេ! ខ្ញុំជឿជាក់ថាបែបនេះ! Ocean ឯងជឿដូចខ្ញុំដែរទេ? Eliot ច្បាស់ជាការពារ Kipuka ត្រូវទេ?" Seeky ស្រែកឡើងដោយសម្លេងហាក់ដូចជាចង់យំទៅហើយ
"Seeky កុំយំអីៗ ខ្ញុំជឿៗ Eliot ច្បាស់ជាការពារ Kipuka ដូច្នេះពួកគេទាំងពីរច្បាស់ជាអាចត្រឡប់មកវិញ" នេះជាលើកទីមួយដែល Ocean ឃើញ Seeky ចង់យំបែបនេះទើបគេទាញមិត្តមកអោបដោយពាក្យសម្ដីលួងលោម ។
"ពួកឯងនិយាយពីនរណាមុននេះ? E... Eliot មែនទេ? Eliot ម្ចាស់ហាងកាហ្វេនៅលើភ្នំខាងមុខនោះមែនទេ?" លឺដល់ឈ្មោះ Eliot បុរសកសិករបើកភ្នែកធំៗភ្ញាក់ផ្អើលយកតែមែនទែន រឹកពាររបស់គាត់ក៏ប្រែជាស្លន់ស្លោឡើងតែម្ដង ។
"បាទ ពួកយើងបានជួបគេនៅហាងកាហ្វេនោះ ហើយក៏ធ្វើដំណើរមកជាមួយគ្នា Eliot ហើយនិងមិត្តម្នាក់ទៀតរបស់ខ្ញុំបានធ្លាក់ជ្រោះជាមួយគ្នា" Ocean ប្រលែង Seeky បន្តិចមុននឹងឆ្លើយតបជាមួយអ្នកនៅចំពោះមុខ
"ព្រះ... Eliot..." បុរសកសិករនោះនិយាយតែប៉ុណ្ណេះគាត់ក៏ស្រវេស្រវាដើរញ៉ាប់ជើងសម្ដៅទៅភូមិតែម្ដង រឹកពាររបស់គាត់ដូចជាភ័យរហូតដល់ Seeky និង Ocean អាចមើលឃើញថាដៃជើងរួមទាំងរាងកាយគាត់ទាំងមូលគឺញ័រចំប្រប់ដូចជាកើតរោគរងារញ៉ាក់យ៉ាងអញ្ចឹង ។ គាត់ធ្វើហាក់ដូចជាបានជួបខ្មោច! ឬក៏ Eliot ពិតជាខ្មោចមែន?
"នៅឈរធ្វើអីទៀត? ឆាប់ប្រញាប់តាមមក!" បុរសកសិករដើរទៅមុខបានមួយសន្ទុះមិនឃើញកំលោះទាំងពីរដើរតាម ទើបគាត់ឈប់បន្តិចដើម្បីបែរមកហៅអ្នកទាំងពីរអោយប្រញាប់ដើរតាមគាត់ ។
រឹកពារស្លន់ស្លោររបស់គាត់ និងការប្រែប្រួលរបស់គាត់បានធ្វើអោយ Ocean និង Seeky ភាំងបន្តិចព្រោះមុនពេលដែលគាត់លឺឈ្មោះរបស់ Eliot គាត់ហាក់ដូចជាមិនបានយកចិត្តទុកដាក់លើរឿងដែលពួកគេនិយាយនោះទេ ។ តែក្រោយពីបានលឺឈ្មោះរបស់ Eliot ហើយគាត់បែរជាប្រញាប់ប្រញាល់ទៅវិញ តើ Eliot ជាមនុស្សមានឥទ្ធិពលខ្លាំងណាស់ឬនៅតំបន់នេះ? ចម្ងល់ និងសញ្ញាសួរហោះពេញខួរក្បាលកំលោះទាំងពីរ ពួកគេគ្រាន់តែមើលមុខគ្នាបន្តិចប៉ុណ្ណោះ មុននឹងបន្តដំណើរទៅតាមបុរសកសិករម្នាក់នោះទាំងគ្មានជម្រើស ។
"លោកមេភូមិៗ...!" បុរសកសិករចូលមកដល់ភូមិភ្លាមក៏ប្រញាប់ស្រែកឆោឡោហៅមេភូមិ ឡើងផ្អើលអស់អ្នកភូមិដែលអ្នកខ្លះកំពុងរៀបចំបោសសម្អាតផ្ទះ ខ្លះទៀតក៏រៀបចំខ្លួនចេញទៅចំការ ទាំងអ្នកនៅក្រៅផ្ទះស្រាប់ ទាំងអ្នកកំពុងនៅក្នុងផ្ទះគឺសុទ្ធតែនាំគ្នាដកកអើតមើលដោយការចង់ដឹង ។
"មានរឿងអី ស្ពៃក្ដោប? ហេតុអីក៏ស្រែកឆោឡោទាំងព្រឹកបែបនេះ? មិនទៅចំការទេអី?" បុរសវ័យចំណាស់ម្នាក់ក្នុងសម្លៀកបំពាក់រៀងបុរាណបើតាមមើលទៅលើរឹកពារគឺគាត់នេះហើយជាមេភូមិដែល បុរសកសិករនេះកំពុងស្រែកហៅ ត្រូវហើយបុរសកសិករនេះមានឈ្មោះថា ស្ពៃក្ដោប ។
(ហ៊ឹមហេតុតែមិនមែនជាតួសំខាន់គេចង់ដាក់ឈ្មោះអីក៏បាន🙂)
"អ្នកកំលោះពីរនាក់នេះវង្វេងផ្លូវមែនទេ? នេះមិនមែនរឿងចម្លែកឯណា យុវជនមកពីទីក្រុងតែងតែវង្វេងផ្លូវបែបនេះហើយ! ចាំបាច់ស្រែកឆោឡោធ្វើអី?" តាមេភូមិក្រឡេកភ្នែកទៅឃើញមានកំលោះសង្ហារពីរនាក់ដែលទើបតែដើរចូលមកតាមក្រោយ ស្ពៃក្ដោប គាត់មិនរងចាំយូរអោយ ស្ពៃក្ដោប និយាយទេក៏សន្និស្ឋានយកតែម្ដង ក៏ព្រោះតែសភាពកំលោះទាំងពីរនេះក៏មិនខុសអីពីយុវជនមុនៗដែលគាត់ជួបនោះទេ ។
"មិន...មិនមែនរឿងនេះទេ! គឺ Eliot! ពួកគេទាំងពីរបានជួប Eliot!" បរុសកសិករដែលមានឈ្មោះថា ស្ពៃក្ដោប និយាយដោយសម្លេងដង្ហក់ព្រោះតែគាត់ប្រញាប់ពេកដើរផងរត់ផងអោយឆាប់មកដល់ភូមិ ដូច្នេះគាត់សឹងតែមិនមានពេលដកដង្ហើមនោះទេ ។
"ថាម៉េច? E... Eliot ហ្ហ៎េស?"
"Eliot បង្ហាញខ្លួន?"
"Eliot ពិតជាបង្ហាញខ្លួនពិតមែនឬ?"
"ព្រះអើយជួយ! ខ្ញុំដាច់ខ្យល់ស្លាប់ឥឡូវហើយ! តើអ្វីដែលខ្ញុំលឺមិនមែនជាសុបិន្តទេមែនទេ?" មិនខុសពីសភាពបុរសកសិករមុននេះប៉ុន្មាននោះទេ គ្រាន់តែលឺឈ្មោះរបស់ Eliot ភ្លាមទាំងមេភូមិ ទាំងអ្នកភូមិសុទ្ធតែបង្ហាញទឹកមុខភ្ញាក់ផ្អើល ដោយម្នាក់ៗកេះគៀវគ្នាសួរនាំគ្នាទៅវិញទៅមក ធ្វើអោយសភាពនៅក្នុងភូមិនេះហាក់ដូចជាចង់កើតរឿងចលាចលហើយ!
"..." Ocean និង Seeky ក្រោយពីបានឃើញទឹកមុខរបស់អ្នកភូមិនេះរួចហើយ គេទាំងពីរបានត្រឹមតែក្រឡេកមើលមុខគ្នាដោយប្រើក្រសែរភ្នែកសួរគ្នាប៉ុណ្ណោះ ព្រោះពេលនេះកំពុងតែឆ្ងល់ហើយថាមានរឿងអ្វីកើតឡើង?
"តើពិតជា Eliot មែនទេ? អ្នកកំលោះទាំងពីរពិតជាបានជួប Eliot មែនឬ? ចុះឥឡូវគេនៅឯណាហេតុអីក៏មិនឃើញគេ?" កាត់ចំណោមភាពចលាចលស្រ្តីវ័យចំណាស់ម្នាក់ដើរមកសួរនាំកំលោះទាំងពីរ ដោយទឹកមុខរបស់គាត់ហាក់ដូចជាបញ្ចេញពន្លឺនៃក្ដីសង្ឃឹម និងភាពរីករាយយ៉ាងចម្លែក គាត់សួរនាំដោយមិនភ្លេចងាកសម្លឹងរកមើលវត្តមានរបស់ Eliot នោះទេ ។
"Eliot គេបានធ្លាក់ជ្រោះជាមួយមិត្តម្នាក់ទៀតរបស់ខ្ញុំ ខ្ញុំមកទីនេះគឺដើម្បីស្វែងរកជំនួយ" Ocean ឆ្លើយតបជាមួយស្ដី្រចំណាស់នៅចំពោះមុខ ជាមួយសម្លេងរាបស្មើរដោយទឹកមុខចងចញ្ចើមឆ្ងល់មិនទាន់បាត់ ។ តើមិនមែន Eliot ជាអ្នកភូមិនេះទេមែនទេ? ហេតុអីក៏ម្នាក់ៗបញ្ចេញអាការៈភ្ញាក់ផ្អើលខ្លាំងម៉្លេះចំពោះវត្តមានរបស់ Eliot? ពួកគេធ្វើដូចជា Eliot ជាមនុស្សអាថ៌កំបាំងម្នាក់ដែលពួកគេកំពុងតាមរកយ៉ាងអញ្ចឹង! តើ Eliot មិនរស់នៅក្នុងភូមិនេះជាមួយពួកគេទេឬ?
"ថាម៉េច? ធ្លា...ធ្លាក់ជ្រោះ? ឆាប់ប្រមូលអ្នកភូមិទៅតាមរកភ្លាមទៅអោយឆាប់ឡើង!" តាមេភូមិគ្រាន់តែលឺថា Eliot ធ្លាក់ជ្រោះគាត់ក៏ប្រញាប់ប្រញាល់ប្រមែប្រមូលអ្នកភូមិអោយចេញទៅតាមរកយ៉ាងរហ័សតែម្ដង ។
"ពុធ្ធោអើយកូនកំសត់របស់ខ្ញុំ..." ស្រ្តីចំណាស់ដែលសួរនាំ Ocean និង Seeky មុននេះស្រាប់តែគួកទ្រូងទ្រហោយំតែម្ដង គាត់ទន់ជង្គុងដួលធ្វើអោយកំលោះទាំងពីរពេលនេះធ្វើខ្លួនមិនត្រូវ ទាំងឆ្ងល់ ទាំងមិនយល់ ទាំងតាមមិនទាន់ ។ តើឥឡូវនេះមានរឿងអីអោយប្រាកដទៅហេតុអីក៏រញេរញៃយ៉ាងនេះ? Eliot ជាអ្នកណាហេតុអីក៏អ្នកភូមិនេះម្នាក់ៗដូចជាខ្វល់ខ្វាយចំពោះគេសម្បើមម្ល៉េះ?
"យាយវាកុំទាន់យំ! ឥឡូវនេះត្រូវប្រញាប់ទៅរក Eliot សិនណា!" តាមេភូមិដើរមកលើកស្រ្តីចំណាស់ឡើងដោយកាយវិការលួងលោម ទំនងពួកគាត់ទាំងពីរគឺជាប្ដីប្រពន្ធហើយមើលទៅ ដូច្នេះមានន័យថា Eliot គឺជាកូនរបស់គាត់ទាំងពីរឬ?
"អ្នកកំលោះតើអាចជួយនាំអ្នកភូមិទៅកន្លែងដែល Eliot ធ្លាក់បានទេ?" បន្ទាប់ពីលើកប្រពន្ធអោយឈរត្រង់ហើយ តាមេភូមិក៏បែរមកនិយាយជាមួយកំលោះទាំងពីរវិញម្ដង
"បាទ! ពួកខ្ញុំត្រូវតែទៅស្រាប់ហើយព្រោះមិត្តរបស់ខ្ញុំក៏ធ្លាក់ទៅជាមួយ Eliot ដែរ" Seeky តប
"ល្អៗ តើពួកគេធ្លាក់យូរឬនៅ?" តាមេភូមិងក់ក្បាលតិចៗមុននឹងសួរបន្ត
"ប្រហែលជាជិតពីរម៉ោងហើយបើគិតមកដល់ពេលនេះ ពួកគេធ្លាក់នៅម៉ោង 4ទាបភ្លឺ ឥឡូវម៉ោងជិត 6ទៅហើយ" Ocean តប
"អញ្ចឹងត្រូវតែប្រញ៉ាប់មិនអាចពន្យារពេលយូរនោះទេ ទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅ?" តាមេភូមិក៏បែរមកនិយាយជាមួយអ្នកភូមិដែលកំពុងនាំគ្នាឈររងចាំទទួលបញ្ជារពីគាត់
"រួចរាល់ហើយលោកមេភូមិ" អ្នកភូមិឆ្លើយស្រុះគ្នា
"អញ្ចឹងតោះឆាប់ទៅ"
អ្នកភូមិគ្រប់គ្នាស្ទើរតែពេញមួយភូមិទៅហើយនាំគ្នាចេញដំណើរទៅស្វែងរក Eliot លើកលែងតែចាស់ជរា និងកុមារប៉ុណ្ណោះដែលមិនអាចធ្វើដំណើរទៅជាមួយបាន ត្រូវទុកអោយនៅចាំផ្ទះ ។ ឯ Ocean និង Seeky ដែលធ្វើដំណើរពេញមួយយប់ទៅហើយ ក៏មិនអាចឈរស្ងៀមបានដែរទោះបីជាហត់ក៏ពួកគេត្រូវតែបន្តដំណើរ ព្រោះមិនអាចទុកអោយមិត្តរងចាំយូរនោះទេ ពួកគេទាំងពីរច្បាស់ជាកំពុងរងចាំជំនួយជាក់ជាមិនខាន ។
<<រងចាំបន្តិចទៅ Kipuka... Eliot... គ្រប់គ្នាទៅជួយអ្នកទាំងពីរហើយ>>
Bạn đang đọc truyện trên: Truyen3h.Co